ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានស្នើដល់ម្ចាស់បុរី និងអគារខ្ពស់នានាទូទាំងប្រទេស កុំឲ្យផ្តល់សិទ្ឋផ្តាច់មុខដល់ក្រុមហ៊ុនសេវាកម្មអ៊ីនធើណេត និងក្រុមហ៊ុនទូរស័ព្ទណាមួយផ្តាច់មុខ។
ក្នុងសេចក្តីណែនាំនេះ ក្រសួងបានស្នើឲ្យម្ចាស់បុរី និងអាគារខ្ពស់ៗនានាចូលរួមអនុវត្តន៍គោលការណ៍ថ្មី៤ចំណុចសំខាន់ៗ ដើម្បីពង្រឹងគុណភាពសេវាទូរគមនាគមន៍កម្ពុជា។ នេះបើតាមសេចក្តីណែនាំ ស្តីពីវិធានការបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរគមនាគមន៍កាលពីថ្មីៗនេះ។ គោលការណ៍ទាំង៤នោះរួមមាន ទី១ មិនត្រូវចុះកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ជាមួយក្រុមហ៊ុនទូរស័ព្ទ និងអ៊ីនធឺណិត ណាមួយឡើយ។ ពោលគឺ ត្រូវបើកចំហរឱ្យអ្នករស់នៅក្នុងបូរី ឬខុនដូ មានសិទ្ធិជ្រើសរើសសេវាទូរស័ព្ទ និងអ៊ីនធឺណិតរបស់ក្រុមហ៊ុនណាក៏បានដោយខ្លួនឯង និងដោយសេរី។
ទី២ ត្រូវរៀបចំទីតាំងសម្រាប់សាងសង់ស្ថានីយអង់តែន ក្នុងបុរី ឬរៀបចំបង្គោល ឱ្យរួចជាស្រេច ដើម្បីបង្កើនភាពងាយស្រួល ក្នុងការអូសខ្សែបណ្ដាញទូរស័ព្ទ ឬអ៊ីនធឺណិត។ ទី៣ ចំពោះអគារខ្ពស់ ត្រូវសហការជាមួយក្រុមហ៊ុនទូរគមនាគមន៍នានា (ទូរស័ព្ទ និងអ៊ីនធឺណិត ជាដើម) ដើម្បីបំពាក់ប្រព័ន្ធផ្តល់សេវាក្នុងអគារ (In-building Solutions)។
ទី៤ ម្ចាស់បុរី និងអគារខ្ពស់ ត្រូវចាត់ទុកថាសេវាទូរគមនាគមន៍នានា គឺជាសេវាចាំបាច់ ដូចគ្នានឹងសេវាអគ្គិសនី និងទឹកដែរ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងខិតខំបញ្ចប់ការរៀបចំលិខិតបទដ្ឋានគតិយុត្តិ ទាក់ទិននឹងការពិន័យអន្តរការណ៍ និងទណ្ឌកម្មផ្សេងៗ លើក្រុមហ៊ុនទូរគមនាគមន៍ និម្ចាស់គម្រោងដែលមិនគោរពច្បាប់៕