ដោយៈ រ៉ាណេត
ភ្នំពេញៈ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ និងមាននាទីជាប្រធានសមាគមផងដែរនោះបានបង្ហាញពីក្ដីបារម្ភថា វិស័យអចលនទ្រព្យកម្ពុជា កំពុងតែប្រឈមជួបហានិភ័យកម្រិតខ្ពស់ ប្រសិនបើជាព្រឹត្តិការណ៍២០កុម្ភៈ នៅតែបន្តអូសបន្លាយពេលក្នុងរយៈពេលយូទៅមុខទៀត។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ថា កាលពីឆ្នាំ២០២០ បណ្តាក្រុមអ្នកប្រកបនៅក្នុងវិស័យអចលនទ្រព្យ បានធ្វើការព្យាករណ៍ថា អចលនទ្រព្យកម្ពុជាអាចនឹងមានសន្ទុះឡើងវិញខ្លាំងនៅក្នុងឆ្នាំ២០២១ នេះ បន្ទាប់ពីរងគ្រោះធ្ងន់ចាប់តាំងពីពាក់ក ណ្តាលឆ្នាំ២០២០ ប៉ុន្តែអ្វីៗបានប្រែប្រួល ដោយសារមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ជាពិសេសព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងបន្តការរីករាលដាលគួរឱ្យព្រួយបារម្ភ។
លោកបន្តថា “ចាប់តាំងពីខែមករារហូតមដល់បច្ចុប្បន្ននេះ វិស័យអចលនទ្រព្យហាក់មិនទាន់មានសញ្ញាណាមួយ ដែលបង្ហាញពីការល្អប្រសើរឡើងវិញនៅឡើយនោះទេ ដោយសារប្រជាពលរដ្ឋខ្មែរទូទៅ មិនហានចេញដំណើរនៅខាងក្រៅ ហើយព្រឹត្តិការណ៍នេះ យើងពិតជាពិបាកក្នុងការសន្និដ្ឋានខ្លាំងណាស់”។លោកថាបន្តថា “យើងមើលឃើញថា វិស័យអចលនទ្រព្យនៅដើមឆ្នាំ២០២១នេះ នៅតែបន្តរងសម្ពាធនៅឡើយដោយសារជំងឺកូវីដ១៩”។
ព្រឹត្តិការណ៍នេះ មិនមែនផ្តល់ផលអវិជ្ជមាន ចំពោះតែវិស័យអចលនទ្រព្យនោះទេ វាបានជះឥទ្ធិពលកាន់តែខ្លាំងលើគ្រប់វិស័យ។ បើសិនជាវានៅតែអូសបន្លាយពេលទៀតមិនអាចគ្រប់គ្រងបាន នោះវិស័យអចលនទ្រព្យនឹងជួបហានិភ័យ កាន់តែធ្ងន់ក្នុងពេលខាងមុខនេះជាមិនខាន។ ដូច្នេះមនុស្សគ្រប់គ្នា ត្រូវតែចូលរួមទប់ស្កាត់វិបត្តិមួយនេះតាមការណែនាំរបស់រដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលកំពុងតែបន្តអំពាវនាវយ៉ាងសកម្ម។លោកសុខនីមបញ្ជាក់។
ស្រដៀងគ្នានេះ លោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកលបានមានប្រសាសន៍ថា នៅក្នុងដំណាក់កាលនេះ វិស័យអចលនទ្រព្យរបស់កម្ពុជា ពិតជាជួបនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរ បើទោះជាទីផ្សារនៃផ្នែកអចលនទ្រព្យមួយចំនួន នៅបន្តមានប្រតិបត្តិការទិញលក់ក៏ដោយ។
លោកបន្តថា “បច្ចុប្បន្នបើទោះជាមានភាពប្រឈមខ្លាំងនឹងវិបត្តិកូវីដ ការទិញលក់អចលនទ្រព្យនៅតែមាន ប៉ុន្តែស្ថិតនៅក្នុងកម្រិតមួយតិចតួចប៉ុណ្ណោះ ដូចជាការទិញផ្ទះល្វែង ទិញដីឡូតិ៍ ការទិញខុនដូជាដើម “។លោកបន្តថា “ភាគច្រើនជាអ្នកដែលមានធនធាន បានបន្តទិញទុកលក់បន្តយកចំណេញ ព្រោះអចលនទ្រព្យដែលជំរុញការលក់ចេញនៅពេលនេះគឺលក់ក្នុងតម្លៃទាបជាងទីផ្សារ”។
យ៉ាងណាក៏ដោយ លោកសំ សុខនឿន នៅតែបង្ហាញសុទិដ្ឋិនិយមថា វិស័យអចលនទ្រព្យរបស់កម្ពុជា នឹងងើបឡើងវិញនាពេលខាងមុខនេះ ដោយសាររដ្ឋាភិបាលបាននឹងកំពុងបើកយុទ្ធនាការយ៉ាងសកម្ម ទៅលើការចាក់ថ្នាំប្រឆាំងទៅនឹងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។
លោកសំ សុខនឿនថ្លែងថា “នៅពេលដែលចាក់ជូនពលរដ្ឋបានគ្រប់គ្នា ហេតុការណ៍អាចនឹងប្រែមកល្អប្រសើរឡើងវិញ ព្រោះប្រជាពលរដ្ឋបានទទួលវ៉ាក់សាំងបានច្រើន កាត់បន្ថយភាពប្រឈម ហើយពួកគាត់អាចចេញដើរក្រៅវិញដើរវិញ ដែលវានឹងធ្វើឱ្យសេដ្ឋកិច្ចពាណិជ្ជកម្ម ក៏ដូចជាការលក់់ដូមានដំណើរការឡើងវិញ”៕