តំបន់​ជ្រោយចង្វារ​កំពុង​ក្លាយ​ទីក្រុង​ទំនើប​ក្រោម​ទុនវិនិយោគ​រាប់ពាន់​លាន​ដុល្លារ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ បន្ថែម​ពីលើ​គម្រោង​ដែលមាន​ស្រាប់ ក្រោម​ការបណ្តាក់ទុន​វិនិយោគ​ដោយ​ក្រុមហ៊ុន OCIC ប្រមាណ៦០០០លាន​ដុល្លារ ក្នុងការ​បង្កើត​ក្រុង​រណប​ដ៏​ទំនើប​ដំបូង​គេ​នៅ​កម្ពុជា បច្ចុប្បន្ន​តំបន់​ជ្រោយចង្វារ បាននិងកំពុង​លេចចេញ​នូវ​គម្រោង​អភិវឌ្ឍន៍ធំៗបន្ថែមទៀត ដែល​កាន់តែ​ធ្វើឱ្យមាន​ភាពលេច​ធ្លោ​ជាងគេ នៅ​តំបន់​ត្រើយម្ខាង​រាជធានី​ភ្នំពេញ។

នាយិកា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ AMATAK Property Service លោកស្រី​តាំង ហួរ បាន​មានប្រសាសន៍ប្រាប់​នៅ​ល្ងាច​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១កន្លងមក​ថា នៅ​តំបន់​ដែល​បាន​រៀបរាប់​ខាងលើនេះ ភាគច្រើន​ត្រូវបាន​ទិញ​ទុក ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏​ធំ​ប្រចាំ​ប្រទេស OCIC របស់​អ្នកឧកញ៉ា​ពុង ឃាវ​សែ សម្រាប់​អភិវឌ្ឍន៍​ជា​ក្រុង​រណប​បែប​ទំនើប​ប្រចាំ​ប្រទេស។

លោកស្រី​បាន​បន្តថា “នៅក្នុង​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​មួយ​នេះ នឹងមាន​ការសាងសង់​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម តំបន់​កម្សាន្ត តំបន់​លំនៅដ្ឋាន​បែប​ប្រណីត​ដែលមាន​តម្លៃ​រហូតដល់​ខ្ទង់លាន​ដុល្លារ” ។ លោកស្រី​បន្តថា “ក្រៅពីនេះ​នៅមាន​មណ្ឌល​ពិ​ណ័​រ​ដែលមាន​ទំហំ​ធំ​ថែមទៀត។ ម្យ៉ាងទៀត បន្ត​ពី​គម្រោង​ទីក្រុង​រណប​របស់​ក្រុមហ៊ុន OCIC នៅមាន​គម្រោង​បង្កើត​ក្រុម​រណប​មួយទៀត របស់​ក្រុមហ៊ុន​លី​យ៉ុង​មួយទៀត បន្ថែម​ពីលើ​គម្រោង​អភិវឌ្ឍន៍​បុរីធំៗជាង១០គម្រោង ដែល​កំពុងដំណើរការ​នៅពេល​បច្ចុប្បន្ន” ។

បច្ចុប្បន្ន​តំបន់​នេះ​មាន​បុរី និង​ទីក្រុង​រណបធំៗជាច្រើន​បានបញ្ចប់​ការសាងសង់ និង​កំពុង​បន្ត​ការសាងសង់​ដូចជា បុរី​ប៉េង ហួត បុរី The Mekong Royal បុរី​ភ្នំពេញ ផាក បុរី​អ័​រ​គី​ដេ​ឌឹ​បូ​តា​និក និង​ទីក្រុង​រណប​របស់​គំរោង​នេះ​ជាដើម។

លោកស្រី​តាំង ហួរ​បាន​បន្តថា ចាប់ពី​ចំណុច​គល់ស្ពាន​ជ្រោយចង្វារ រហូតដល់​គល់ស្ពាន​ដែក ស្របតាម​ដង​ទន្លេ​មិនសូវមាន​ដី​ទំនេរ​នោះទេ ព្រោះ​ក្រៅពី​ដី​ដែល​ត្រូវបាន​ទិញ​ទុក​ដោយ​ក្រុមហ៊ុន OCIC គឺជា​ដី​របស់​អ្នក​សម្បូរ​ធនធាន សម្រាប់​សង់​ធ្វើជា​វីឡា​ប្រណីត​កម្រិត​អភិជន។

ដោយឡែក​សម្រាប់​តំបន់ ដែល​នៅ​ស្រប​ផ្លូវជាតិ​លេខ​៦A ក៏​មិនសូវមាន​ដី​ទំនេរ​ដែរ ដែល​ក្រៅពី​មាន​គម្រោង​សាងសង់​អគារ​ពាណិជ្ជកម្ម គឺមាន​គម្រោង​បុរី​ខ្នាត​យក្ស ដែលមាន​ដើមទុន រាប់រយ​លាន​ដុល្លារ​ចូលទៅ​អភិវឌ្ឍន៍។ ដូច្នេះ​មិនយូរ​ទៀត​នោះទេ តំបន់​នេះ​នឹង​ប្រែ​រូបរាង​ក្លាយទៅជា​ទីក្រុង​ដ៏​ប្រណីត និង​ទាក់ទាញ​ខ្លាំង​ជាង​តំបន់​អភិវឌ្ឍន៍​នៅ​ផ្លូវ៦០ម៉ែត្រ​នោះ​ទៀត។

ជាក់ស្ដែង​នៅពេល​បច្ចុប្បន្ននេះ បើទោះជា​កំពុង​ប្រឈម​នឹង​បញ្ហា​កូ​វីដ​ក៏ដោយ ក៏​គម្រោង​សាងសង់​ជាច្រើន កំពុងតែបន្ត​ដំណើរកា​រ​របស់ខ្លួន ដោយ​មិនមាន​ការផ្អាក​នោះទេ។

ជាមួយគ្នានេះ លោក​ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC ធ្លាប់បាន​មានប្រសាសន៍ថា ទស្សនទាន​នៃ​ការអភិវឌ្ឍ​ទីក្រុង​រណប​ជ្រោយចង្វារ ទីក្រុង​នៃ​អនាគត ក្រុមហ៊ុន​កំពុង​រៀបចំ​ផែនការអភិវឌ្ឍន៍​ជាទី​ក្រុង Smart City ឬ​ទីក្រុង​ឆ្លាត​វៃ ដោយ​រៀបចំ​ប្រ​ព័​ន្ឋ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ក្រោម​ដី មានការ​បែងចែក​រវាង​ទឹកភ្លៀង និង​ទឹកស្អុយ​ចេញពី​លំនៅ      ដ្ឋា​ន រៀបចំ​ទីក្រុង​នេះ​បែប​បៃតង (Green City) រៀបចំ​ប្រ​ព័​ន្ឋ​បំពាក់​អគ្គិសនី​ដោយ​ប្រើប្រាស់​អំពូល​LED ដែល​កាត់បន្ថយ​ការបំពុល​បរិស្ថាន និង​សន្សំសំចៃ​អគ្គិសនី។

លោក​បន្តថា “ទស្សនទាន​នៃ​ការអភិវឌ្ឍ​នៅ​តំបន់​នេះ កំពុង​រៀបចំ​ជាទី​ក្រុង​ពាណិជ្ជកម្ម ដែលមាន​ភាពស្រដៀងគ្នា នឹង​តំបន់​ពាណិជ្ជកម្ម​នានា នៅលើ​មហាវិថី​ព្រះមុនីវង្ស” ។ លោក​បន្តថា “ទីក្រុង​នេះ​នឹងមាន​ការសាងសង់​អាគា​រខ្ពស់ៗ ជាច្រើន​នាពេល​អនាគត ខណៈ​គំរោង​ជាច្រើន​បានចាប់ផ្តើម និង​ខ្លះ​បាន​ផ្អាក​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ១៩” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here