ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រោមការបត់បែនទៅតាមកាលៈទេសៈ នៃស្ថានភាពសេដ្ឋកិច្ច និងភាពប្រឈមនៅពេលបច្ចុប្បន្ន បណ្តាអ្នកអភិវឌ្ឍន៍គម្រោងធំៗ ក្នុងស្រុកមួយចំនួនបានចាប់ផ្តើម ងាកមកចាប់អនុវត្តផែនការនៃគម្រោងថ្មីតូចៗ និងងាយស្រួលរកទីផ្សារលកចេញយកចំណេញ ដែលស្របទៅនឹងស្ថានការណ៍ជាក់ស្ដែងនៃចំណូលរបស់អតិថិជន។
ប្រធានសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់ឱ្យដឹងកាលពីល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ថា បច្ចុប្បន្ន ជាការបត់បែនតាមកាលៈទេសៈ និងជាយុទ្ធសាស្ត្រ ក្នុងធ្វើជំនួញលើទីផ្សារអចលនទ្រព្យ ក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកសំណង់ មួយចំនួនបានចាប់ផ្តើមអនុវត្តគម្រោងតូចៗ ដើម្បីធ្វើយ៉ាងណាងាយនឹងលក់ចេញ និងធ្វើទីផ្សារ នៅក្នុងកំឡុងពេលមានវិបត្តិនេះ ព្រោះទីផ្សារអចលនទ្រព្យ បើទោះបីជួបបញ្ហាប្រឈមខ្លះ ក៏នៅមិនទាន់មានសញ្ញាណាមួយដួលរលំនោះទេ។
លោកបានបន្ថែមថា “អ្វីទាំងអស់នេះគឺជាភាពរឹងមាំ និងជាសញ្ញាដែលបង្ហាញថាទីផ្សារអចលនទ្រព្យមិនស្រុតចុះនោះទេក្នុងពេលនេះ ជាពិសេសផ្នែកទីផ្សារលំនៅដ្ឋានតម្លៃសមរម្យនៅតាមតំបន់ជាយក្រុង” ។ លោកបន្តថា “តាមរយៈធនាគារ និងស្ថានប័នហិរញ្ញវត្ថុមួយចំនួន ក៏បានផ្តល់កម្ចីផងដែរ ដល់អ្នកទិញ ដែលរូបភាពទាំងនេះ គឺជាចលករមួយជួយឱ្យវិស័យអចលនទ្រព្យ នៅក្នុងពេលវិបត្តិនៅតែបន្តមានលំនឹង” ។
លោកបានបន្តថា “វិបត្តិហិរញ្ញវត្ថុ និងអចលនទ្រព្យ នៅក្នុងអំឡុងពេលនេះនៅអាចដោះស្រាយបាននៅឡើយ ព្រោះនៅពេលដែលមានតម្រូវការក្នុងស្រុក រួមជាមួយនឹង ជាមួយនឹងការឧបត្ថម្ភធន ឬកម្ចីពីធនាគារពាណិជ្ជ ជូនដល់វិស័យនេះ ភាពរឹងមាំនៅតែបន្តមាន” ។
ជាមួយគ្នានេះ លោកឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century 21 Advance បានថ្លែងថា ក្រុមហ៊ុនអភិវឌ្ឍន៍ធំៗគឺនៅតែបន្តគម្រោងរបស់ខ្លួន បើទោះបីជួបបញ្ហាប្រឈមនៅពេលនេះក៏ដោយ ព្រោះគម្រោងធំៗទាំងនេះភាគច្រើន មិនមែនទើបតែកើមាននៅក្នុងកំឡុងពេលផ្ទុះកូវីដនោះទេ ពោលគឺជាគម្រោងចាស់ ហើយទាំងទុនវិនិយោគ និងផែនការទីផ្សារត្រូវបានកំណត់រួចរាល់ជាស្រេចទៅហើយ។
លោកបន្តថា “នៅពេលដែលមានគម្រោងធំៗ ទៅបោះទីតាំងនៅកន្លែណាមួយ នោះ វានឹងធ្វើចលនាអភិវឌ្ឍនៅក្នុងវិស័យអចលនទ្រព្យ នៅក្នុងតំបន់នោះមានការរីកចំរើន” ។
លោកបន្តថា នៅពេលមានគម្រោអភិវឌ្ឍន៍កើតឡើង គឺមានតម្រូវការទីផ្សារដីធ្លី ក៏ដូចជាផ្នែកផ្សេងដែលពាកព័ន្ធ ហើយទាំងអស់នេះសុទ្ធតែជាចលនាជំរុញ និងទប់លំនឹង វិស័យមួយនេះ នៅក្នុងស្ថានភាពលំបាកបានមួយរយៈពេល៕