ដោយៈ ប៊ី
ភ្នំពេញៈ វេទិកាលំដាប់អន្តរជាតិមួយ ដែលរៀបចំដោយស្ថាប័នអន្តរជាតិធំៗជាច្រើន ដែលផ្តោតកិច្ចពិភាក្សាលើបញ្ហាសេដ្ឋកិច្ច និងការរីកចម្រើនលើវិស័យអចលនទ្រព្យកម្ពុជាប្រកបដោយនិរន្តរភាព នឹងចាប់ផ្តើមនៅចុងខែឧសភាខាងមុខនេះ។
វេទិកាដែលមានឈ្មោះថា Rainmaking Cambodia 2021 រៀបចំដោយស្ថាប័នអន្តរជាតិធំៗ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីពិភាក្សាពីការអភិវឌ្ឍសេដ្ឋកិច្ច និងអចលនទ្រព្យនាពេលអនាគតនៅកម្ពុជា ខណៈព្រឹត្តិការណ៍នេះ ក៏នឹងមានការចូលរួមពីអគ្គនាយកគេហទំព័រ Propertyarea.asia ដែលនឹងបញ្ចេញជាទស្សនទានលើស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យចុងក្រោយនៅកម្ពុជាផងដែរ។
ព្រឹត្តិការណ៍ Rainmaking Cambodia ត្រូវបានរៀបចំឡើងដោយ Good City Foundation and InvesHK និងនាយកដ្ឋានវិនិយោគទុនផ្ទាល់បរទេសនៃរដ្ឋាភិបាលហុងកុង ក្នុងកម្មពិធី StartmeupHK នាពេលខាងមុខនេះចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែឧសភា និងមានការគាំទ្រពីតំណាង និងសមាជិកនៃវេទិកាផ្លាស់ប្តូរទីក្រុង និងទីក្រុងនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសចិន និងអាស៊ាន (loT and Urban Transformation Platform of the World Economic Forum in China and ASEAN)។
កម្មពិធីសហការបង្កើតតម្លៃរួម នៃអចលនទ្រព្យប្រកបដោយនិរន្តរភាពនៅកម្ពុជា (Co-Creating Common Values of Sustainable Real Estate in Cambodia) នឹងដើរតួនាទីជាប្រធានបទសំខាន់នៃ Rainmaking Cambodia 2021ដែលព្រឹត្តិការណ៍នេះនឹងផ្តោតលើកិច្ចពិភាក្សាកម្រិតខ្ពស់ ស្តីពីនិន្នាការអភិវឌ្ឍន៍ម៉ាក្រូសេដ្ឋកិច្ចចុងក្រោយរបស់ប្រទេសកម្ពុជា។
កម្មពិធីនេះ ក៏នឹងស្វែងយល់ពីការអភិវឌ្ឍអចលនទ្រព្យ នាពេលអនាគត ដូចជាការវិនិយោគអចលនទ្រព្យឆ្លាតវៃ និងហិរញ្ញប្បទានប្រកបដោយចីរភាព និងវិធីដែលអ្នកពាក់ព័ន្ធអាចធ្វើអន្តរកម្ម និងចង្អុលបង្ហាញពីបញ្ហាប្រឈម និងដំណោះស្រាយ តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នៃទីក្រុងកាន់តែប្រសើរ សម្រាប់ប្រទេសកម្ពុជា ក្នុងបរិបទទីក្រុងកំពុងរីកចម្រើន។
វគ្គទី២ នឹងមានកម្មវិធីបង្ហាញអំពីបច្ចេកវិទ្យាសម្រាប់ទីក្រុងល្អ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុន/សាជីវកម្ម ដែលមានសក្តានុពល បង្ហាញអាជីវកម្ម/គម្រោងរបស់ពួកគេ ដល់បណ្តាញវិនិយោគិនរបស់យើង និងឱកាសដើម្បីទទួលបានរធនធាន នាពេលអនាគតពីទីក្រុងហុងកុង និងតំបន់ Greater Bay Area នៃប្រទេសចិន។
មូលនិធិទីក្រុងល្អប្រសើរ (Good City Foundation) គឺជាអង្គការអភិវឌ្ឍន៍ក្រៅរ ដ្ឋាភិបាលមិនរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១៦ ដោយក្រុមអ្នកសិក្សា និងសហគ្រិនហុងកុង ដែលមានចក្ខុវិស័យក្នុងការកសាងភាពធន់ នៃទីក្រុងល្អប្រសើរ១០០ទីក្រុង នៅក្នុងតំបន់អាស៊ី និងអាហ្វ្រិកដែលកំពុងរីកចម្រើន។
បេសកកម្មមូលនិធិនេះ ដើម្បីជំរុញការច្នៃប្រឌិតសាធារណៈ និងភាពជាដៃគូឯកជនក្នុងចំណោមយុវជនជំនាន់ក្រោយ នៅក្នុងទីក្រុងដែលកំពុងរីកចម្រើន ហើយបានទាក់ទាញការចាប់ផ្តើមថ្មីប្រកបដោយភាពច្នៃប្រឌិត ការិយាល័យគ្រួសារ អ្នកបង្កើតគោលនយោបាយវ័យក្មេង និងសាជីវកម្ម ដើម្បីស្វែងរកការអភិវឌ្ឍចុងក្រោយ នៃការកសាងទីក្រុង សេដ្ឋកិច្ច បច្ចេកវិទ្យា និងការច្នៃប្រឌិត និងស្វែងរកភាពជាដៃគូ។
បច្ចុប្បន្នមូលនិធិនេះ គឺជាដៃគូស្ថាប័ននៃសម្ព័ន្ធភាពទីក្រុងវៃឆ្លាត ជាសកលជី២០ (G20 Global Smart Cites Alliance) និងសម្ព័ន្ធឯកជននៃបណ្តាញអាស៊ានស៊ីធីថល (Private Sector Commitee of ASEAN Smart City Network) ក្នុងនាមប្រទេសថៃ និងបម្រើការជាក្រុមការងារមិនស្វែងរកប្រាក់ចំណេញ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (ចិន និងអាស៊ាន) ។
ដើម្បីធ្វើឱ្យព្រឹត្តិការណ៍កាន់ស៊ីជម្រៅ មូលនិធិទីក្រុងល្អប្រសើរនេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ជាមួយសហគ្រាសខ្មែរ (Khmer Enterprise) ដែលជាអង្គភាពអនុវត្តន៍ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយគ្នា ដោយជំរុញប្រព័ន្ធអេកូឡូស៊ី និងបច្ចេកវិទ្យា និងដើម្បីស្វែងរកកិច្ចសហការជាយុទ្ធសាស្ត្រស្តីពី លំហូរកិច្ចព្រមព្រៀងវិនិយោគរួមគ្នា និងគម្រោងផ្តល់មូលនិធិរវាងប្រទេសកម្ពុជា និងបណ្តាញវិនិយោគិន ដែលមានឥទ្ធិពលនៅហុងកុង និងតំបន់ Greater Bay Area នៃប្រទេសចិន៕