ផ្លូវ​ល្បឿន​លឿន​ពីរ​ខ្សែ​ប្រវែង​ជិត២០០គីឡូម៉ែត្រ​នឹង​ជួយ​សម្រួល​ពាណិជ្ជកម្ម​ច្រើនរវាង​កម្ពុជា​និង​វៀតណាម

0

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ការស្ថាបនា​ផ្លូវ​ល្បឿន​លឿនទី​ក្រុង​ហូជីមិញ-ម៉ុក​បៃ ដែល​ត​ភ្ជាប់​ជាមួយ​ព្រំដែន​កម្ពុជា ក្នុង​ទីក្រុង​បាវិត គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ២០២៣ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២៥ ខណៈ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត កំពុងស្ថិត​ក្នុងការ​សិក្សា​នៅឡើយ។

ផ្លូវ​ល្បឿន​លឿន​ហូជីមិញ-ម៉ុក​បៃ មាន​ប្រវែង៥៣គីឡូម៉ែត្រ ខណៈ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត ក៏​ជា​ខ្សែ​ផ្លូវ​ថ្មី​ទាំងស្រុង ដែលមាន​ប្រវែង​សរុប​ប្រហែល១៣៥គីឡូម៉ែត្រ ហើយ​បើ​បូក​ផ្លូវ​ទាំងពីរ​បញ្ចូល​គ្នា ប្រវែង​សរុប​នៃ​ផ្លូវ​ល្បឿន​លឿន​ទាំងពីរ​នេះ​មាន១៨៨គីឡូម៉ែត្រ។

ផ្លូវ​ល្បឿន​លឿន​ថ្មី​នេះ​រំពឹងថា នឹង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម។

យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន VNExpress កាលពីថ្មីៗនេះ បានឱ្យដឹងថា អាជ្ញាធរ​នៅ​ទីក្រុង​ហូជីមិញ និង​ខេត្ត​តា​យ​និ​ញ ដែលជា​កន្លែង​ច្រកទ្វារព្រំដែន​ម៉ុក​បៃ​ជាមួយ​ប្រទេស​កម្ពុជា កំពុង​ព្យាយាម​បញ្ចប់​នីតិវិធី និង​ការសិក្សា​ពី​លទ្ធភាព​សាង់សង់​ផ្លូវ​ល្បឿន​លឿន ដែលមាន​តម្លៃ​ប្រមាណ៥៨៧លាន​ដុល្លារ​នេះ​នៅក្នុង​ឆ្នាំនេះ។

ការទូទាត់​សំណង​សម្រាប់​ការទិញ​ដី ត្រូវបាន​រំពឹងថា​នឹង​បញ្ចប់​នៅ​ឆ្នាំក្រោយ។ ដូច្នេះ​យ៉ាងយូរ គម្រោង​នេះ​អាច​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ២០២៣ ។

ក្រុមហ៊ុន China Road and Bridge របស់​ប្រទេស​ចិន​កាលពីពេលថ្មីៗនេះ បានបង្ហាញ​ពី​ល​ទ្ឋ​ផល នៃ​ការសិក្សា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway) ជូន​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​រួចហើយ ដោយ​ផ្តល់​ជំរើស​ចំនួន៣ ដល់​រដ្ឋាភិបាល​ពិនិត្យ និង​សម្រេចយក​ជំរើស​ណាមួយ។

យោងតាម​ឯកសារ​របស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត ក៏​ជា​ខ្សែ​ផ្លូវ​ថ្មី​ទាំងស្រុង ដែលមាន​ប្រវែង​សរុប​ប្រហែល១៣៥ គ.ម។ ផ្លូវ​នេះ​ត្រូវ​សាងសង់​ជា៤គន្លង តួ​ផ្លូវ​មាន​ទទឹង ២៥,៥ ម៉ែត្រ។ ខ្សែ​ផ្លូវ​នេះ នឹង​ចេញពី​ភ្នំពេញ នៅ​ចំណុច​ផ្លូវ​ខ្សែក្រវ៉ាត់​ក្រុង​ទី៣ កាត់​តាម​ខេត្តកណ្តាល ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង ឆ្ពោះទៅ​ក្រុង​បាវិត ព្រំដែន​កម្ពុជា-វៀតណាម។

យោងតាម​របាយការណ៍​សិក្សា របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ផ្លូវ​ល្បឿន​លឿន​នេះ ជា​ប្រភេទ​ផ្លូវ​លើ​អាកាស (Viaduct) ប្រវែង​ប្រហែល១២ គ.ម មាន​លូ​ប្រអប់ (Box Culvert) ប្រវែង​ប្រហែល ២៨,៤ គ.ម និង​ជា​ប្រភេទ ផ្លូវ​លើកកម្ពស់ (Embankment) ប្រវែង​ប្រហែល៨៥,៨ គ.ម។ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-បាវិត មាន​ផ្លូវបំបែក ប្តូរ​ទិស (Inter-Change) ចំនួន៧កន្លែង កន្លែង​ឈប់សម្រាក៦កន្លែង និង​ច្រកទ្វារ ព្រំដែន​ថ្មី​ចំនួន១ផងដែរ។

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត ត្រូវ​បានបញ្ចប់​ការសិក្សា​សមិទ្ធិ​លទ្ធភាព និង​កំពុង​ស្ថិតក្នុង ដំណាក់កាល​ពិភាក្សា​លើ​តម្លៃ​នៃ​គម្រោង និង​ប្រភព​ថវិកា។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា និង​ក្រសួង​ដឹកជញ្ជូន​របស់​ប្រទេស​វៀតណាម ក៏បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​ការជំរុញ​ការសិក្សា និង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត និង​ផ្លូវ​ល្បឿន​លឿន​ហូជីមិញ-ម៉ុក​បៃ រួចរាល់​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here