លោក​ឌិន សុមេធា​រិ​ទ្ធ បង្ហើប​ពី​វិធីសាស្ត្រ​ដែល​ត្រូវធ្វើ​សម្រាប់​ម្ចាស់​អាជីវកម្ម និង​អ្នកវិនិយោគ​ដែល​កំពុង​ជួប​ហានិភ័យ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ស្ថិតនៅក្នុង​ដំណាក់កាល​នេះ ស្ទើរតែ​គ្រប់​អាជីវកម្ម និង​មុខ​ជំនួញ​តូចធំ​សុទ្ធតែ​ទទួលរង​នូវ​ផលប៉ះពាល់ និង​ខាតបង់​ដោយសារតែ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ ដែល​កំពុង​បន្ត​ការរីក​រាលដាល​នៅក្នុង​សហគមន៍។

ប៉ុន្តែ​ទោះជា​យ៉ាងណា ដំណោះស្រាយ​ទៅលើ​ស្ថាន​ការ​ដ៏​លំបាក ដែល​កំពុង​ជួប​នៅពេលនេះ​នៅតែមាន សំខាន់​គឺ​ស្ថិតនៅលើ​ម្ចាស់​អាជីវកម្ម​មាន​ភាពរឹងមាំ និង​ភាពប្រាកដប្រជា​បាន​កម្រិតណា​តែប៉ុណ្ណោះ។

លោក​ឌិន សុ​មេ​រិ​ទ្ធ ដែលជា​អ្នកវិនិយោគ​នៅក្នុង​វិស័យ​សណ្ឋាគារ និង​ជា​អ្នក​អភិ​វ ឌ្ឍ​ន៍​ក្នុង​វិស័យ​អចលនទ្រព្យ​មួយរូប​បាន​លើកឡើងថា ជា​ដំណោះស្រាយ​លើ​បញ្ហា ដែល​កំពុង​កើតមាន​គឺ​នៅតែមាន ប៉ុន្តែ​ត្រូវ​ទាមទារ​ឱ្យ​ម្ចាស់​អាជីវកម្ម ឬ​វិនិយោគ​ទាំងនោះ​មាន​ភាពរឹងមាំ និង​មាន​ភាពនឹងនរ​ផ្នែក​អារម្មណ៍​ជាសំខាន់។

លោក​បញ្ជាក់ថា នៅក្នុង​សម័យកាល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ១៩នេះ ស្ទើរតែ​គ្រប់​អាជីវកម្ម​គ្រប់​ប្រភេទ គ្រប់​វិស័យ​សុទ្ធតែ​ទទួលរង​នូវ​ផលប៉ះពាល់ ទាស់​ត្រង់​ថា​ប៉ះពាល់​តិច ឬ​ច្រើនតែ​ប៉ុណ្ណោះ ប៉ុន្តែ​ក៏មាន​អ្នកធ្វើ​ជំនួញ និង​អាជីវកម្ម​មួយចំណែក​តូច​ក៏​កំពុង​ទទួលបាន​ផល​ពី​វិបត្តិ​មួយ​នេះ​ផងដែរ។

លោក​ឌិន សុមេធា​រិ​ទ្ធ បាន​បន្តថា “នៅក្នុង​ស្ថានការណ៍​ដ៏​លំបាក​នេះ គឺ​ត្រូវ​ទាមទារ​ឱ្យ​ម្ចាស់​អាជីវកម្ម ក៏ដូចជា​អ្នកជំនួញ ដែល​ទទួលរង​នូវ​ផលប៉ះពាល់ ត្រូវតែមាន​ភាព​រឹងប៉ឹង​បន្តិច ដើម្បី​អាចមាន​អារម្មណ៍ ក្នុងការ​ពិចារណា​រក​ដំណោះស្រាយ ឬ​អាច​ចាប់​យកមុខ​ជំនួញ​ថ្មី ដែល​អាច​ទទួលបាន​ចំណូល គ្រាន់​អាចជួយ​ទប់​ទល់នឹង​ស្ថានភាព​ដែល​កំពុង​លំបាក” ។

លោក​បន្តថា ម្ចាស់​អាជីវកម្ម​ចាំបាច់​ត្រូវតែមាន​ភាពនឹងនរ រឹងមាំ​ក្នុងការ​បោះជំហាន និង​ស្វែងរក​ដំណោះស្រាយ។ អ្នករកស៊ី​គេ​មិន​ងាប់ក្រឡា​មួយកន្លែង​នោះទេ បើ​មុខរបរ​មួយ​ខាត ឬ​ជាប់គាំង គេ​ត្រូវ​រកមុខ​របរ​ផ្សេង​បន្ថែមទៀត ដែល​អាច​រកបាន​ចំណូល ដើម្បី​អាចជួយ​ទប់ទល់​គ្នា ជៀសវាង​ការ​ទុក​អាជីវក​ម្មចាស់​ចោល ឬ​បណ្តោយឱ្យ​ដួលរលំ​ដែល​ប្រឈម​ទៅនឹង​ការខាតបង់​កាន់តែ​ធ្ងន់ធ្ងរ​នោះទេ។

លោក​ឌិន សុមេធា​រិ​ទ្ធិ​បាន​លើកយក​ពីបទ​ពិសោធន៍​ផ្ទាល់ខ្លួន​មក​បង្ហាញថា “ហេតុផល​ដែល​ខ្ញុំ​មក​បង្កើត​ភូមិ​ផ្កាត្រកួន ក៏​ព្រោះតែ​មកពី​ខ្ញុំ​រកស៊ី​ខាត ផ្នែក​សណ្ឋាគារ​នៅ​សៀមរាប។ លោក​បន្តថា “បើ​ផ្នែក​មួយ​ខាង​បង់ ខ្ញុំ​ត្រូវ​បន្ថែម​មុខរបរ​ថ្មី កាលណោះ​ខ្ញុំ​ផ្តើម​ពី​ការរកស៊ី និង​វិនិយោគ​ក្នុង​ទីផ្សារ​អចលនទ្រព្យ។ បើ​ខ្ញុំ​នៅតែ​ប្រកាន់​ជំហរ​លើ​សណ្ឋាគារ​តែមួយ​មុខ នោះ​ខ្ញុំ​នឹង​ជួប​បញ្ហា​កាន់តែ​ធំ ដូច្នេះ​ត្រូវតែមាន​ផែ​ក​ការបង្កើត​ប្រភព​ចំណូល​ថ្មី​បន្ថែម។

លោក​បន្តថា អ្នករកស៊ី ឬ​លក់ដូរ​ក៏ដូចជា បើ​អាជីវកម្ម​ចាស់​របស់​យើង កំពុង​ជួន​បញ្ហា ដោយសារ​បំរាម​គោចរ​របស់​រាជរដ្ឋាភិបាល យើង​ត្រូវ​គិតថា តើ​អាចធ្វើ​អ្វី​បាន​ទៀត​ដែល​អាច​រកបាន​ចំណូល ដោយ​មុខរបរ​ថ្មី​អាចមាន​លក្ខណៈ​ប្រហាក់ប្រហែល ទៅនឹង​មុខ​ជំនួញ​ចាស់ និង​ជំនាញ​ដែល​យើង​មាន។

ឧទាហរណ៍ បើជា​អ្នក​ធ្លាប់​បើកហាង​លក់​ចំណីអាហារ ឬ​ហាង​បាយ​នៅនឹងកន្លែង អាច​បន្ថែម​សេវាកម្ម​លក់​តាម​អន​ឡាញ ឬ​សេវាកម្ម​ដឹកជញ្ជូន​អាហារ ដល់​លំនៅដ្ឋាន ដែល​វា​ក៏​ស្ថិត នៅក្នុង​ផ្នែក​មួយ​នៃ​អាជីវកម្ម​ចាស់​ដដែល ប៉ុន្តែ​អាច​រកបាន​ចំណូល លុះ​ក្រោយពេល​បញ្ចប់​វិបត្តិ អ្នក​អាច​ងាក​ត្រឡប់​ទៅ​បន្តដំណើរ​អាជីវក​ម្មចាស់ ឬ​អាច​រួម​ដំណើរ​ជាមួយ​អាជីវកម្ម​ថ្មី​ដំណាលគ្នា​តែម្ដង។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក​ឌិន សុធា​រិ​ទ្ធ ក៏បាន​បញ្ជាក់ថា សូមកុំ​បាក់​ទឹកចិត្ត ហើយ​ខំប្រឹង​ពង្រឹងស្មារតី ក្នុង​ការរកចំណូល​បំពេញបន្ថែម។ អ្នក​ដែល​អាច​ទប់​ទល់នឹង​ស្ថាន​ការ​ដ៏​លំបាក​នៅពេលនេះ​បាន អ្នកនោះ​គឺជា​អ្នក​ជោគជ័យ​ដ៏​ធំ​នៅក្នុង​មុខ​ជំនួញ ឬ​អាជីវកម្ម​ជាមិនខាន” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here