ដោយៈសុខុម
ប៉េកាំង: យើងប្រហែលជាបានដឹងរួចមកហើយថា Beijing Daxing International Airport គឺជាអាកាសយដ្ឋានអន្តរជាតិ ដែលធំបំផុតនៅលើពិភពលោក ស្ថិតនៅប្រទេសចិន និងក៏ជាអាកាសយានដ្ឋានមានតែមួយស្ថានីយ (Terminal) ដែលធំបំផុតក្នុងពិភពលោកផងដែរ។
អាកាសយានដ្ឋានអន្តរជាតិក្រុងប៉េកាំង ដែលរាងផ្កាយសមុទ្រ មានផ្ទៃក្រឡាសរុបរហូតដល់ទៅ១លានម៉ែត្រការ៉េនេះ បានជាប់ឈ្មោះជាអាកាសយានដ្ឋានថ្លៃបំផុតក្នុងពិភពលោក ជាមួយនឹងទឹកប្រាក់សាងសង់ ចំណាយរហូតដល់ទៅ១១,៥ពាន់លានដុល្លារអាមេរិក ហើយមានសមត្ថភាពទទួលអ្នកដំណើរបាន រហូតដល់ទៅ១០០លាននាក់ក្នុងមួយឆ្នាំ។
អាកាសយនដ្ឋាននេះ បានចាប់ផ្ដើមដំណើរការសាងសង់ក្នុងឆ្នាំ២០១៤ ហើយបញ្ចប់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០១៩ (រយៈពេល៥ឆ្នាំ)។
ប៉ុន្តែតើអ្នកទាំងអស់គ្នាដឹងទេថា ស្ថាបត្យករដែលឌីហ្សាញអាកាសយានដ្ឋានយក្សមួយនេះជាមនុស្សស្រី? តើគាត់មានឈ្មោះអ្វី ជាជនជាតិអ្វី និងមានប្រវត្តិបែបណា? អញ្ចឹងតោះ! មកស្គាល់ពីប្រវត្តិរបស់កំពូលស្ថាបត្យកររូបនោះទាំងអស់គ្នា!។
*កុមារភាព និងប្រវត្តិអប់រំ
អ្នកស្រី Zaha Mohammad Hadid ប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៥០ ។ ស្ត្រីជនជាតិអ៊ីរ៉ាក់ មកពីគ្រួសារវណ្ណៈជាន់ខ្ពស់ ដែលមានឪពុកជាអ្នកនយោបាយ ធ្លាប់ជារដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះ បានសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគណិតវិទ្យា នៅសាកលវិទ្យាល័យឯកជន University of Beirut ក្នុងទីក្រុងបេរូត ប្រទេសលីបង់។
ក្រោយធ្វើអន្តោប្រវេសន៍ ទៅរស់នៅក្នុងប្រទេសអង់គ្លេស អ្នកស្រីក៏បានចុះឈ្មោះសិក្សានៅសាលាស្ថាបត្យកម្ម Architectural Association School of Architecture ក្នុងទីក្រុងឡុងដ៍ ក្នុងឆ្នាំ១៩៧២ ។ អ្នកស្រីជានិស្សិតដ៏លេចធ្លោ ដែលសាស្ត្រាចារ្យបង្រៀនគាត់បានពោលសរសើរថា អ្នកស្រីជាសិស្សដ៏ឆ្លាតបំផុតដែលគាត់មិនធ្លាប់ជួប។
*ការចូលប្រឡូកក្នុងអាជីពការងារ
ក្រោយបញ្ចប់ការសិក្សាក្នុងឆ្នាំ១៩៧៧ អ្នកស្រីបានធ្វើការឱ្យអតីតសាស្ត្រាចារ្យរបស់គាត់២រូបឈ្មោះ Koolhaas និង Zenghelis នៅក្រុមហ៊ុនស្ថាបត្យកម្មហូឡង់ មួយមានឈ្មោះថា Office for Metropolitan Architecture នៅក្រុង Rotterdam ប្រទេសហូឡង់។
បន្ទាប់ពីទទួលបានបទពិសោធន៍ច្រើន គួរសមពីការធ្វើការឱ្យគេ។ ទីបំផុតអ្នកស្រីបានបើកក្រុមហ៊ុនខ្លួនឯង ដោយដាក់ឈ្មោះថា Zaha Hadid Architects នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្នុងឆ្នាំ១៩៨០ ។ អំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ស្នាដៃឌីហ្សាញសម័យទំនើបបែបប្លែកពីគេ របស់គាត់មានភាពលេចធ្លោជាងគេ និងបានជួយឱ្យគាត់មានឈ្មោះល្បីល្បាញយ៉ាងខ្លាំង។
បន្ទាប់មក អ្នកស្រីបានចាប់ផ្ដើមអាជីព ជាសាស្ត្រាចារ្យបង្រៀនជំនាញស្ថាបត្យកម្ម ដោយដំបូងគេចូលបង្រៀន នៅសាលាស្ថាបត្យកម្ម Architectural Association។ ក្រោយមក គាត់បានចូលបង្រៀននៅសាកលវិទ្យាល័យជាច្រើនទៀត រួមមានសាលា Harvard Graduate School of Design សាកលវិទ្យាល័យ Cambridge University សាកលវិទ្យាល័យ University of Chicago សាលា Hochschule für bildende Künste សាកលវិទ្យាល័យ University of Illinois at Chicago និងសាកលវិទ្យាល័យ Columbia University ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់គាត់កាន់តែល្បីល្បាញ។
*ពានរង្វាន់ និងការតែងតាំង
អ្នកស្រីទទួលបានមេដាយ ស្ថាបត្យកម្មពីប្រទេសអង់គ្លេស Commander of the Order of the British Empire (CBE) ក្នុងឆ្នាំ២០០២ ហើយទទួលបានមេដាយ Dame Commander of the Order of the British Empire (DBE) ក្នុងឆ្នាំ២០១២ ។
គាត់ត្រូវបានតែងតាំងជាសមាជិកកិត្តិយស នៃរាជ្យបណ្ឌិត្យសភាអាមេរិក American Academy of Arts and Letters និងសមាជិកកិត្តិយសនៃវិទ្យាស្ថានស្ថាបត្យកម្មអាមេរិក American Institute of Architects។ អ្នកស្រីក៏ជាសមាជិកក្រុមប្រឹក្សានៃមូលនិធិស្ថាបត្យកម្ម The Architecture Foundation ផងដែរ។
ក្នុងឆ្នាំ២០០២ អ្នកស្រីបានឈ្នះការប្រកួតឌីហ្សាញអន្តរជាតិមួយ នៅក្នុងវិញ្ញាសាប្រកួតឌីហ្សាញ ផែនការមេមួយរបស់ប្រទេសសិង្ហបុរី។
ក្នុងឆ្នាំ២០០៤ គាត់បានក្លាយជាស្ត្រីដំបូង ដែលទទួលបានពានរង្វាន់ស្ថាបត្យកម្ម Pritzker Architecture Prize។ ក្នុងឆ្នាំ២០០៥ ស្នាដៃឌីហ្សាញរបស់គាត់ បានឈ្នះការប្រកួតប្រជែង នៅក្នុងវិញ្ញាសារប្រកួតឌីហ្សាញ កាស៊ីណូថ្មីមួយនៅប្រទេសស្វ៊ីស។
នៅឆ្នាំ២០០៦ អ្នកស្រីទទួលបានកិត្តិយស ដាក់តាំងស្នាដៃរបស់គាត់ នៅក្នុងសារៈមន្ទីរ Guggenheim Museum ក្នុងទីក្រុងញូវយ៉ក ហើយនោះគឺជាឆ្នាំដែលគាត់ទទួលបានសញ្ញាបត្រកិត្តិយស ពីសាកលវិទ្យាល័យ American University of Beirut។
ក្នុងឆ្នាំ២០០៨ អ្នកស្រីបានជាប់ចំណាត់ថ្នាក់លេខ៦៩ ក្នុងចំណោមស្ត្រីមានឥទ្ធិពលបំផុតទាំង១០០រូបរបស់ពិភពលោក ដែលត្រូវបានចុះផ្សាយក្នុងទស្សនាវដ្ដីដ៏ល្បីល្បាញបំផុត (Forbes)។
*គម្រោងធំៗរបស់អ្នកស្រីទូទាំងពិភពលោក
ស្នាដៃរបស់អ្នកស្រីមានច្រើនរាប់មិនអស់ ក្នុងនោះក៏រួមមានទាំងគម្រោងអាកាសយានដ្ឋាន Beijing Daxing International Airport ផងដែរ។ ប៉ុន្តែជាអកុសល អ្នកស្រីបានចែកឋាន នៅថ្ងៃទី៣១ មីនា ឆ្នាំ២០១៦ (ក្នុងវ័យ៦៦ឆ្នាំ) មុនពេលគម្រោងនេះបញ្ចប់ជាស្ថាពរ។
គម្រោងដែលជាស្នាដៃរបស់អ្នកស្រី មានយ៉ាងច្រើនទៀតនៅទូទាំងពិភពលោក រួមមាននៅប្រទេសអង់គ្លេស ហូឡង់ អៀរឡង់ អាល្លឺម៉ង់ សហរដ្ឋអាមេរិក តួកគី បារ៉ែន អូស្ត្រាលី ដាណឺម៉ាក អេស្ប៉ាញ លីបង់ ស្កុតលែន បារាំង ចិន អ៊ីតាលី ក្រុងហុងកុង អូទ្រីស កូរ៉េខាងត្បូង បែលហ្ស៊ិក អារ៉ាប៊ីសាអូឌីត ជាដើម៕