ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានសម្រេចបង្កើតក្រុមប្រចាំការ និងដោះស្រាយការងារសំខាន់ៗប្រចាំថ្ងៃរបស់ក្រសួងនៅក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលមានសមាសភាពចំនួន៦រូប ហើយលោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ាជា ជាប្រធានដឹកនាំ។
តាមរយៈសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១បានឱ្យដឹងថា ក្រុមប្រចាំការ និងដោះស្រាយការងារប្រចាំថ្ងៃដែលទើបត្រូវបានបង្កើតនេះមានភារកិច្ចសំខាន់ៗដូចជា ៖
* ដឹកនាំ និងដោះស្រាយការងារប្រចាំថ្ងៃ ដើម្បីធានានិរន្តរភាពការងាររបស់ក្រសួង ក្នុងដំណាក់កាលនៃការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
* តាមដាន និងសម្របសម្រួលកិច្ចការជំនាញរបស់ក្រសួងទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
* តាមដានសុខភាពនិងដោះស្រាយសំណូមពរចាំបាច់របស់មន្ត្រីទាំងអស់ដែលបំពេញការងារ តាម Online នៅគេហដ្ឋាន ក្នុងអំឡុងពេលបិទខ្ទប់។
* តាមដាននិងណែនាំដល់មន្ត្រីទាំងអស់ដែលបំពេញការងារតាមOnline នៅគេហដ្ឋាន ឱ្យគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្លួនវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ និងផ្តល់ព័ត៌មានជាប្រចាំមកក្រុមប្រចាំការ។
* ផ្សព្វផ្សាយ និងចូលរួមអនុវត្តវិធានការចាំបាច់នានាតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី-១៩ ។
តាមប្រការ៣ថ្មី នៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បានឱ្យដឹងថា អំឡុងពេលបិទខ្ទប់នេះ រាជរដ្ឋាភិបាលអនុញ្ញាតឱ្យ ស្ថាប័នសាធារណៈធ្វើសកម្មភាពការងាររបស់ខ្លួន ប៉ុន្តែប្រធានស្ថាប័នកំណត់ឱ្យមានមនុស្សធ្វើការមិនឱ្យលើសពី២ភាគរយឡើយ។
នៅក្នុងសេចក្តីសម្រេចខាងលើនេះបានលម្អិតថា ក្រុមប្រចាំការដោះស្រាយការងារដែលមានសមាសភាពទាំង៦រូបនេះ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានសមាជិកដូចជា លោក ថេង ច័ន្តសង្វារ រដ្ឋលេខាធិការ, លោក លាង មុន្នីរិទ្ធ រដ្ឋលេខាធិការ, លោក ឡោ សាវុធ រដ្ឋលេខាធិការ, លោក សេង ឡូត អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និង លោក ឆាយ ឫទ្ធិសែន អគ្គនាយក នៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម៕