ឧកញ៉ា​ម៉ាន់ ច័ន្ទ​ឌី ៖ ការបង់​រំ​លោះ​លំនៅដ្ឋាន​តាម​ប្រព័ន្ធ​ធនាគារ​អាច​ជួប​ឧបសគ្គ​បើសិន​ការបិទ​ក្រុង​នៅតែ​អូសបន្លាយ

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ថ្វី​ត្បិត​វិបត្តិ​ជំងឺ​កូ​វីដ បាន​នឹង​កំពុង​ធ្វើឱ្យប៉ះពាល់​ដល់ទី​ផ្សារ​នៃ​ការលក់​អចលនទ្រព្យ​នៅ​កម្ពុជា​ក៏ពិតមែន ប៉ុន្តែ​សម្រាប់​អតិថិជន​ដែលមាន​ភាពស្មោះត្រង់ និង​មាន​មនសិកា​ទទួលខុសត្រូវ​ដែល​បាន​ទិញ​គម្រោង​លំនៅដ្ឋាន​នានា​នៅតែ​បន្ត​បង់​រំ​លោះ​ជាធម្មតា ដោយ​ភាគច្រើន​យក​ប្រព័ន្ធ​ធនាគារ​ធ្វើជា​មធ្យោបាយ​ក្នុងការ​ប្រាក់​ប្រចាំខែ។

លោក​ឧកញ៉ា​ម៉ាន់ ច័ន្ទ​ឌី អគ្គនាយក​ក្រុមហ៊ុន PREMIUM Group បាន​មានប្រសាសន៍ថា ទោះជា​ស្ថិតនៅក្នុង​កាលទេសៈ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ននេះ​ក៏ដោយ សម្រាប់​អតិថិជន​ដែលមាន​ឆន្ទៈ ភាពស្មោះត្រង់ និង​មានលទ្ធភាព​នៅតែ​បន្ត​បង់​រំ​លោះ​ប្រាក់​ប្រចាំខែ​ទៅលើ​ការទិញ​គម្រោង​លំនៅដ្ឋាន​ដដែល ដោយ​ក្នុងចំណោម​អតិថិជន​ទាំងអស់​មាន​ភាគតិច​ណាស់​ដែល​ជួប​បញ្ហា​មិនមាន​លទ្ធភាព​ក្នុងកំឡុងពេល​នេះ។

លោក​បាន​បន្តថា ការបង់​វិលត្រឡប់​ប្រចាំខែ​របស់​អតិថិជន គឺជា​ចំណែក​មួយ​យ៉ាងសំខាន់​ក្នុង​ជំរុញ​ដំណើរការ​អភិវឌ្ឍន៍​វិស័យ​លំនៅដ្ឋាន​ឱ្យនៅ​តែមាន​សកម្មភាព​ដែល​ខុសប្លែក​ពី​ផ្នែក​សំណង់​ដទៃ​កំពុង​ផ្អាក​សកម្មភាព។ ប៉ុន្តែ​ទោះជា​យ៉ាងណា លោក​ឧកញ៉ា​ក៏បាន​បង្ហាញ​ពី​ក្ដីបារម្ភ​ផងដែរ​ពាក់ព័ន្ធ​ទៅនឹង​វិធាន​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ដែល​បណ្តាលមកពី​ព្រឹត្តិការណ៍២០កុម្ភៈ​ថា ប្រសិនបើ​ការបិទ​នេះ​នៅតែ​បន្ត​អូសបន្លាយ​លើសពី២សប្ដាហ៍ នោះ​អាចជា​ឧបសគ្គ​ដល់​ដំណើរការ​បង់ប្រាក់​រំ​លោះ​ប្រចាំខែ​របស់​អតិថិជន។

លោក​ឧកញ៉ា​បាន​បញ្ជាក់ថា “អតិថិជន​ដែល​ទិញ​គម្រោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ចាប់ពី៧ម៉ឺន​ដល់១០ម៉ឺន​ដុល្លារ​ភាគច្រើន​ធ្វើការ​បង់ប្រាក់​ប្រចាំខែ​តាម​ប្រព័ន្ធ​ធនាគារ​ទាំងអស់ ដូច្នេះ​ប្រសិនបើ​ការបិទ​រាជធានី និង​ក្រុង​នៅតែ​អូសបន្លាយ​ក្នុង​រយៈពេល​យូរ នោះ​អាច​ក្លាយទៅជា​ឧបសគ្គ​ដល់​ការបង់ប្រាក់​របស់​អតិថិជន ព្រោះ​ធនាគារ​ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​បិទ​ខ្ទប់​មិនអាច​ប្រ​ត្តិ​ការ ឬ​ទទួល​អតិថិជន​បាន​នោះទេ ហើយ​អតិថិជន​ក៏​មិនអាច​ចរាចរណ៍​ទៅកាន់​ទីតាំង​សាខា​ធនាគារ​ដទៃទៀត​បា​ន​នោះដែរ” ។

ជាមួយនឹង​ការលើកឡើង​ពី​ក្ដីបារម្ភ​នេះ លោក​ឧកញ៉ា​ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​អ្នករស់នៅ​ក្នុងភូមិ​សាស្ត្រ​បិទ​ខ្ទប់ មេត្តា​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ទាំងអស់គ្នា ដើម្បី​អាច​វិលត្រឡប់​ទៅរក​ស្ថានការណ៍​ល្អប្រសើរ​វិញ​ក្នុងពេល​ដ៏​ខ្លី៕

LEAVE A REPLY

Please enter your comment!
Please enter your name here