ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ អ្នកជំនាញអន្តរជាតិបានថ្លែងថា បច្ចុប្បន្នជាពេលល្អបំផុតសំរាប់វិនិយោគអចលនទ្រព្យ ពិសេសខុនដូនៅកម្ពុជា ខណៈបណ្តានានាកំពុងគ្រប់គ្រងជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចរបស់ពូកគេឡើងវិញ។
លោក Philip Tan ស្ថាបនិកនៃសមាគមអូស្ត្រាលី សឹង្ហបុរី និងជាអ្នកបង្វឹកដ៏ល្បីល្បាញ ផ្នែកអចលនទ្រព្យលំដាប់អន្តរជាតិមួយរូប បានថ្លែងតាមប្រព័ន្ឋ Zoom កាលពីដើមសប្តាហ៍នេះថា បច្ចុប្បន្នវាជាឳកាសដ៏ល្អ សម្រាប់ការវិនិយោគអចលនទ្រព្យនៅកម្ពុជា ដោយសារប្រទេសនេះ កំពុងមានភាពរីកចម្រើន ហើយរដ្ឋាភិបាលកំពុងពង្រឹងនិងឈានទៅគ្រប់គ្រងការរីករាលដាលជំងឺកូវីដនៅកម្ពុជា។
លោកបន្តថា “សេដ្ឋកិច្ចពិភពលោកកំពុងវិវត្តន៍បន្តិចម្តងៗ ដើម្បីឈានទៅរកភាពល្អប្រសើរ ព្រោះបណ្តាប្រទេសនានា កំពុងគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ និងស្តារ សេដ្ឋកិច្ចបស់ពួកគេឡើងវិញ” ។
យ៉ាងណាក៏ដោយលោក JAMES HODGE ប្រធានក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំនៅកម្ពុជា បានធ្វើឲ្យអ្នកវិនិយោគមានភាពស្ទាក់ស្ទើរ ក្នុងការវិនិយោគនៅកម្ពុជា។លោកបន្តថា បើសិនជាព្រឹត្តិការណ៍នេះអូសបន្លាយពេលយូរ បញ្ហាក្នុងវិស័យនេះនឹងប្រឈមកាន់តែលំបាក។
ទោះជាយ៉ាងណាអ្នកជំនាញក្នុងស្រុកបានមើលឃើញថា វិស័យនេះនឹងងើបឡើងវិញលឿន បន្ទាប់ពីព្រឹត្តិការណ៍នេះបញ្ចប់។
លោកស្រីតាំង ហួរនាយិកានៃក្រុមហ៊ុន AMATAK Property Service Co, Ltd បានមានប្រសាសន៍ថា ជំងឺនេះជាសង្គ្រាមសេដ្ឋកិច្ចមួយ ដែលនាំឲ្យពិភពលោករងការខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយលោកស្រីគាំទ្ររដ្ឋាភិបាល ក្នុងការបិទរាជធានីភ្នំពេញ និងក្រុមតាខ្មៅ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគនេះ និងឈានទៅបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងមានភាពធ្ងន់ធ្ងរនេះ។
លោកស្រីបន្តថា “ខ្ញុំជឿថារដ្ឋាភិបាលអាចគ្រប់គ្រងជំងឺនេះបាន ហើយពេលស្ថានភាពល្អប្រសើរវិញលឿន ដែលធ្វើឲ្យវិស័យសំណង់និងអចលនទ្រព្យ នឹងមានភាពរីកចម្រើនលឿនឡើងវិញ” ។ លោកស្រីបន្តថា “ប្រជាពលរដ្ឋ អ្នកវិនិយោគរង់ចាំតែឳកាស ដើម្បីអាចធ្វើដំណើរ និងចាប់ផ្តើមគំរោងរបស់ពួកគេឡើងវិញប៉ុណ្ណោះ” ៕