អ្នកជំនាញៈ​អ្នករកស៊ី​ក្នុង​នៅ​វិស័យ​អចល​ទ្រព្យ​មិនត្រូវ​បាក់​ទឹកចិត្ត តែ​ត្រូវ​ប្តូរ​យុទ្ធសាស្ត្រ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​ដែល​ធ្លាប់មាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ នៅក្នុង​វិស័យ​អចលនទ្រព្យ បាន​លើកទឹកចិត្ត​ដល់​អ្នករកស៊ី ក្នុង​វិស័យ​អចលនទ្រព្យ​ថ្មោងថ្មី ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​ទៅនឹង​វិបត្តិ នៃ​ជំងឺ​កូ​វីដ១៩នាពេល​បច្ចុប្បន្ននេះ គប្បី​កុំ​បាក់​ទឹកចិត្ត ប៉ុន្តែ​ត្រូវ​ប្ដូរ​យុទ្ធសាស្ត្រ បង្កើន​ការប្រុងប្រយ័ត្ន និង​សិក្សា​ឱ្យបាន​ច្បាស់​មុនពេល​វិនិយោគ។

លោកស្រី​តាំង ហួរ នាយិកា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Amatak Property Service បាន​ថ្លែងថា បច្ចុប្បន្ននេះ​មិន​ថា អ្នក​ប្រកប​មុខ​ជំនួញ​ក្នុង​វិស័យ​អ្វី​នោះទេ គឺ​ភាគច្រើន កំពុងតែ​ទ​ទទួលរង​នូវ​ផលប៉ះពាល់​ស្ទើរ​ទាំងអស់។

លោកស្រី​បញ្ជាក់ថា “ក្នុងដំណាក់កាល​នេះ​មនុស្ស​ភាគច្រើន ក៏ដូចជា​អ្នករកស៊ីផ្សេងៗសុទ្ធតែ​ទទួលរង​នូវ​ផលប៉ះពាល់ ប៉ុន្តែ​ចំពោះ​អ្នករកស៊ី​ដែល​ឆ្លាត នៅតែ​អាច​ឆ្លាត​ឱកាស ស្វែងរក​ផលចំណេញ​ពី​ស្ថាន​ការដែល​លំបាក​នេះ​បាន” ។ លោកស្រី​បន្តថា “នៅក្នុង​ស្ថានការណ៍ យើង​ទទួលស្គាល់ថា​ពិតជា​លំបាក ជាពិសេស​សម្រាប់​អ្នក​ដែល​ទើប​ចូលប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​ថ្មីថ្មោង ខ្វះ​បទពិសោធន៍” ។

លោកស្រី​បន្តថា  ប៉ុន្តែ​សូមកុំ​បាក់​ទឹកចិត្ត​ក្នុងដំណាក់កាល​នេះ ហើយ​ត្រូវតែ​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ ក្នុងការ​បន្តដំណើ​រវិ​និ​យោគ​របស់ខ្លួន ជាពិសេស​គួរ​យក​ឱកាស​នេះ ដើម្បី​ស្វែងយល់​បន្ថែម សម្រាប់​ការត្រៀមខ្លួន​ឈាន​ជើង ចូលក្នុង​ទីផ្សារ​អចលនទ្រព្យ​ក្រោយពេល​ស្ថាន​ការ​បាន​ធូ​ស្រាល ដែល​លោកស្រី​គិតថា យ៉ាងយូរ​ត្រឹម​ដើមឆ្នាំ​ក្រោយ។

លោកស្រី​តាំង ហួរ បាន​បញ្ជាក់ថា “វា​ជា​ការពិត នៅពេលដែល​មនុស្ស​មិន​ហ៊ាន​ចេញ​ដើរ​ក្រៅ វា​នឹង​ធ្វើឱ្យ​ចរន្ត​សេដ្ឋកិច្ច​មិន​ដើរ​ដូចគ្នា ប៉ុន្តែ​វា​មិនមាន​រយៈពេល​យូ​នោះទេ” ។ លោកស្រី​បន្ថែមថា “ក្នុងនាម​យើង​ជា​អ្នករកស៊ី គឺ​មិនត្រូវ​ខ្លាច​នោះទេ តែ​គួរ​បង្កើន​ក្ដី​ប្រុងប្រយ័ត្ន និង​ការពារ​សុវត្ថិភាព​សុខភាព ព្រោះ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ពី​ការជំរុញឱ្យ​ប្រជាពលរដ្ឋ ទទួល​ចាក់​វ៉ាក់សាំង​ឱ្យបានគ្រប់ៗគ្នា” ។

ជាមួយគ្នានេះ លោក ឡុង គឹមសួគ៌ អគ្គនាយក​ក្រុមហ៊ុន Century21 Advance បាន​ថ្លែងថា នៅក្នុង​អំឡុង​ពេលនេះ ទីផ្សារ​អចលនទ្រព្យ​របស់​កម្ពុ​ជា បាន​នឹង​កំពុង​ប្រឈម​យ៉ាងខ្លាំង ជាពិសេស​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​តូចល្មមៗ អាច​នឹង​ប្រឈម​នឹង​ការ​ដួល​រំលំ​មិន​ខាន បើសិនជា​ជំងឺ​កូ​វីដ១៩ នៅក្នុង​ប្រទេស​បន្ត​អូសបន្លាយ​កាន់តែ​យូរ​ទៅមុខ។

លោក​បញ្ជាក់ថា “ស្ថាន​ការ​វា​នឹង​ល្អ​ឡើងវិញ ក្រោយពេល​ពលរដ្ឋ​កម្ពុជា​ទទួលបាន​ការចាក់​វ៉ាក់សាំង​កាន់តែច្រើន ជាង​ពេលបច្ចុប្បន្ន ដែល​អាច​កាត់បន្ថយ​ភាព​ប្រឈម​ការ​រាលដាល។ នៅពេល​មនុស្ស​ចាប់ផ្តើម​ចេញ​ដើរ​សាជាថ្មី នោះ​ទីផ្សារ​អចលនទ្រព្យ​ក៏​នឹង​ងើប​ឡើងវិញ” ។

ទោះជា​យ៉ាងណា លោក​ឡុង គឺ​ម​សួគ៌ បាន​ក្រើនរំលឹក និង​លើកទឹកចិត្ត​ដល់​បណ្តា​អ្នករកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ​ថ្មីថ្មោង ឬ​ទ្រង់ទ្រាយ​តូច​ថា នៅក្នុង​អំឡុង​ពេលនេះ​ម្ចាស់​ក្រុមហ៊ុន ត្រូវធ្វើ​យ៉ាងណា​ខិតខំ​ប្រឹងប្រែង​ទប់ខ្លួន​កុំឱ្យ​ដួល តាមរយៈ​កាត់បន្ថយ​ការចំណាយ​ណាមួយ​ដែល​មិនចាំបាច់។ បន្ថែម​ពីនេះ​ត្រូវមាន​ការប្រុងប្រយ័ត្ន និង​សិក្សា​ឱ្យបាន​ល្អិតល្អន់ មុនពេល​វិនិយោគ​ដើម្បី​យកចំណេញ ប៉ុន្តែ​មិនត្រូវ​បាក់​ទឹកចិត្ត​នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here