ដោយៈរ៉ាណេត
ភ្នំពេញៈ គ្មានអ្នកណាម្នាក់ហ៊ាននិយាយថា មិនចង់ទទួលបានភាពជោគជ័យទៅលើអ្វីដែលខ្លួនកំពុងតែធ្វើនោះទេ ដោយក្នុងនោះរាប់ទាំងការបំពេញកិច្ចការងារ ការចេញប្រកបអាជីវកម្ម ឬមុខជំនួញ ក៏ដូចជាការវិនិយោគនៅក្នុងវិស័យណាមួយ។
ប៉ុន្តែសំណួរសួរថា តើគួរធ្វើយ៉ាងដូចម្ដេច ដើម្បីអាចសម្រេចបាននូវពាក្យថាជោគជ័យមួយនេះបាន។ ជាចម្លើយ គឺផ្តើមចេញពីពាក្យថា “វិន័យ” ។ នេះជាការលើកឡើងរបស់លោកឧកញ៉ានួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA ដែលកំពុងមមាញឹកក្នុងការអភិវឌ្ឍវិស័យលំនៅដ្ឋាននាពេលបច្ចុប្បន្ន។
លោកឧកញ៉ានួន រិទ្ធីបានមានប្រសាសន៍ថា “ធ្វើអ្វីក៏ដោយក៏ត្រូវផ្តើមចេញពីពាក្យថា “វិន័យ” នេះដែរ ព្រោះវិន័យនៅលើខ្លួនឯងនេះ ជាចំណុចចាប់ផ្តើមមុនដំបូងគេ ហើយបើមនុស្សណាដែលគ្មានវិន័យនោះទេ ទោះជាបំពេញកិច្ចការងារអ្វីក៏ដោយ គឺស្ថិតនៅឆ្ងាយពីពាក្យថាជោគជ័យណាស់” ។
លោកឧកញ៉ាបានបន្តថា ការមានវិន័យចំពោះខ្លួនឯង មិនមែនជាការដាក់ទណ្ឌកម្មនោះទេ ប៉ុន្តែវាជាការកំណត់ និងការជំរុញឱ្យមានការខំប្រឹងឱ្យអស់ពីលទ្ធភាព ដែលខ្លួនមាន ស្របទៅតាមចក្ខុវិស័យ និងគោលដៅរបស់ខ្លួនដែលបានកំណត់ទុក។
លោកបញ្ជាក់ថា “ខ្ញុំក៏មានវិន័យសម្រាប់ខ្លួនខ្ញុំ ខ្ញុំមានផែនការ និងគោលដៅច្បាស់លាស់ ដូច្នេះខ្ញុំក៏ត្រូវតែមានវិន័យសម្រាប់ខ្លួនឯង ក្នុងការអនុវត្តដើម្បីអាចសម្រេចបានទៅតាមផែនការ ដែលខ្ញុំបានគ្រោងទុក ព្រោះការឱ្យតម្លៃទៅលើភាពមានវិន័យ នៃសកម្មភាពប្រចាំថ្ងៃ វាគឺជាការជំរុញឱ្យយើងមានថាមពលវិជ្ជមានដោយមិនដឹងខ្លួន” ។ លោកបន្តថា “នៅពេលដែលយើងមានថាមពលវិជ្ជមាន មានការខំប្រឹងអនុវត្តទៅតាមផែនការច្បាស់លាស់ នោះលទ្ធផលដែលយើងអាចទទួលបានក៏ច្រើនតាមហ្នឹងដែរ” ៕