តើប្រទេសកម្ពុជា បានចុះហត្ថលេខា ការពារអ្នកវិនិយោគ ជាមួយប្រទេសណាខ្លះ?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានថ្លែងថា កម្ពុជាបាន​ចុះកិច្ចព្រមព្រៀងការពារ អ្នកវិនិយោគជាមួយប្រទេសជាង៣០ ដើម្បីការពារការ​វិនិយោគរបស់ពួកគេនៅកម្ពុជា។

អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា លោកជា វុទ្ឋីបានថ្លែងបែបនេះក្នុងជំនួបធុរកិច្ច និងឳកាសវិនិយោគដែលប្រារពធ្វើនៅក្រុងភ្នំពេញ កា​លពីពេលថ្មីៗនេះថា ក្នុងចំណោមប្រទេសជាង៣០ ដែលកម្ពុជាបានចុះហត្ថលេខាជាមួយនោះ គឺមានតែប្រទេសកម្ពុជានិងជប៉ុនប៉ុណ្ណោះ ដែលមានការចុះហត្ថលេ​ខាដោយប្រមុខដឹកនាំនៃប្រទេសទាំងពីរ គឺសម្តេចតេជោហ៊ុន សែ​ននាយករដ្ឋមន្រ្តី​កម្ពុជា និងលោកស៊ីនហ្សួ អាបេនាយករដ្ឋមន្រ្តីជប៉ុន។

លោកបន្តថា “បន្ទាប់ពីការចុះកិច្ចព្រមព្រៀង ការពារអ្នកវិនិយោគជាមួយជប៉ុន អ្នកវិនិយោគជប៉ុនកាន់តែច្រើនបានចូលមកវិនិយោគនៅកម្ពុជា ដែលនេះជាអ្វីដែលរដ្ឋាភិបាលចង់បាន”។ លោកបន្តថា ដោយសារកម្ពុជាមានច្បាប់វិនិយោគ បើកទូលាយជាងគេនៅក្នុងតំបន់ កម្ពុជាអាចទាក់ទាញបានអ្នកវិនិយោគជប៉ុន និងអ្នកវិនិយោគជាច្រើនទៀតឲ្យមកវិនិយោគនៅកម្ពុជា ដែលជា​ការជម្រុញកំនើនសេដ្ឋកិច្ចជាតិ ហើយរយៈពេលពីរបីឆ្នាំខាងមុខ សេដ្ឋកិច្ចកម្ពុជានឹងរក្សាបានកំនើន៧ភាគរយ នេះបើតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ។

លោកបន្តថា “ការវិនិយោគជប៉ុនមានសារៈសំខាន់ណាស់ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់យើង”។លោកបន្តថា “អ្នកវិនិយោគជប៉ុនមិនត្រឹមតែយកទុនមកជាមួយទេ តែពួកគេយកបេះដូងមកជាមួយ ហើយពួកគេមិនបានចាត់ទុកអ្នកធ្វើការឲ្យខ្លួនជាកម្មករទេ តែជាប្រតិបត្តិកររបស់​ខ្លួន”។

ជាមួយនឹងការបង្ហាញនូវការវិនិយោគ ដែលគោរពនិងថែរក្សាបរិស្ថាន ក្រុមហ៊ុនយក្សជប៉ុន A2A Town Cambodia បានប្រកាសលក់ផ្ទះលំ​ហែរកាយរបស់ខ្លួន ជាលំនៅដ្ឋានដែលស្ថិតនៅក្នុងរមណីយដ្ឋាន V Kirirom Pine Resort ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកណ្តាល។

លោកបណ្ឌិត ហេង វុទ្ឋី ដៃគូវិនិយោគនៃក្រុមហ៊ុន A2A Town Cambodia បានថ្លែងថា ក្រុមហ៊ុន A2A TOWN Cambodia បានទទួលសិទ្ឋសម្បទាន ពីរដ្ឋាភិបាលលើផ្ទៃដី២០០០ហិកតា ដើម្បីអភិវឌ្ឍន៍ជារម​ណី​យដ្ឋាន V Kirirom ដោយដំណាក់កាលទី១ ក្រុមហ៊ុនវិនិយោគលើផ្ទៃដូ៥០០ ហិកតា និងគ្រោងបោះទុនវិនិយោគ៥០០លានដុល្លារអាមេរិក។

ក្រុមហ៊ុនាំ A2A Town Cambodia បាននិងកំពុងវិនិយោគលើរមណីយដ្ឋាន​នេះ ដោយមានរៀបចំភោជនីយដ្ឋាន  ទីលានបោះតង់ ដែលអាចផ្ទុកមនុស្សបាន២០០០នាក់ រៀបចំជាផ្ទះបែបខ្មែរ ផ្ទះប្រអប់ និងប្រភេទវីឡាជាច្រើនទៀត និងគ្រោងសាងសង់ទីលានវាយកូនហ្គោល ព្រលានយន្តហោះ ពិសេសក្រុមហ៊ុននេះបានបង្កើត វិទ្យាស្ថា​នបច្ចេកវិទ្យាគិរីរម្យ ដែលផ្តល់ការបណ្តុះបណ្តាលជំនាញព៌តមានវិទ្យាស្តង់​ដា​អន្តរជាតិ ព្រមទាំងផ្តល់អាហារូបករណ៍ ដល់និស្សិតអាចចូលសិក្សានៅទីនោះដោយឥតគិតថ្លៃ។

អគ្គនាយកក្រុមហ៊ុន A2A Town Cambodia លោក Takeshi Izuka បានថ្លែងថា លោកមានគោលដៅអភិវឌ្ឍន៍រមណីយដ្ឋាននេះ ឲ្យស័ក្តិសមជាទីក្រុងមួយនា​ពេលអនាគត និងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ បន្ទាប់ពីខេត្តសៀម​រាប ព្រោះរមណីយដ្ឋាននេះ មានលក្ខខ័ណ្ឌអាកាសធាតុល្អប្រសើរ មានដើមស្រស់ដ៏ស្រស់ស្អាត ហើយគោលដៅនៃការវិនិយោគរបស់យើង គឺមិនកាត់ដើម​ឈើទេ តែយើងរក្សាដើមឈើ និងគិតគូរដល់ការអភិរ័ក្សបរិស្ថានជាចម្បង។

លោកបន្តថា “យើងចង់ឲ្យប្រជាជនកម្ពុជា មានអារម្មណ៍ថា គិរីរម្យជាផ្ទះទីពីររបស់ពួកគេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here