ដោយ គង់ សូរិយា
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រាយរោងចក្រទៅកាន់បណ្តាខេត្ត កំពុងបានទទួលជោគជ័យជាបណ្តើរៗហើយ។
សម្តេចតេជោបានមានប្រសាសន៍ក្នុងជំនួបជាមួយកម្មករ និយោជិតជាង២ម៉ឺននាល់នៅ ខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី២៧ មិថុនានេះថា ឥឡូវនេះខេត្តកំពង់ឆ្នាំង មានកម្មករ រហូតដល់ជាង៤ម៉ឺននាក់ ខេត្តស្វាយរៀងជាង៥ម៉ឺននាក់ និងខេត្តព្រះសីហនុជាង៤ម៉ឺននាក់ រួមទាំងបណ្តាខេត្តនានាមួយចំនួនទៀត ហើយប្រសិនបើមិនមានរោងចក្រនៅទីនេះទេ ពេលនេះកម្មករទាំងអស់ កំពុងស្ថិតនៅជាមួយឪពុក ម្តាយ ព្រោះជាពេលវេលានៃរដូវដកស្ទូង ហើយក៏មិនមានប្រាក់ចំណូល១៧០ដុល្លារបូកនឹងប្រាក់អត្ថប្រយោជន៍នោះទេ។
សម្តេចបន្តថា “គោលនយោបាយនៃការពង្រាយរោងចក្រ ទៅកាន់បណ្តាខេត្តបានជោគជ័យជាបណ្តើរៗហើយ បន្ទាប់ពីនយោបាយពង្រាយសាលារៀន ទៅកាន់ជនបទ ដែលមានទាំងមត្តេយ្យសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា”។សម្តេចបន្តថា “ការបង្កើតនូវ គោលនយោបាយនេះ មិនមែនមានន័យថា ជាការជំរុញឲ្យកម្មករត្រលប់មកស្រុកវិញ ហើយរត់ចោលរោងចក្រនៅភ្នំពេញទេ”។
មកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានរោងចក្រ សហគ្រាសចំនួន១៥២ មានកម្មករ និយោជិតជាង៤ម៉ឺននាក់ ក្នុងនោះរោងចក្រកាត់ដែរសម្លៀកបំពាក់ និងផលិតស្បែកជើងមាន១៨ មានកម្មករ និយោជិតជាង៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជាង៩៤លានដុល្លារក្នុង១ឆ្នាំ។
រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥កាលពីខែតុលា ឆ្នាំ២០១៥ ដែលប្រកាសឲ្យប្រើប្រាស់ដោយសម្តេចតេ ជោហ៊ុន សែន។
គោលនយោបាយនេះ មានគោលដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ទៅកាន់ដំណាក់កាលថ្មីមួយទៀត តាមរយៈផ្លាស់ប្តូរទីផ្សារការងារពីអតិពលកម្ម មកប្រើប្រាស់កំលាំងពលកម្មជំនាញ ដែលអាចបង្កើតនិងទាញយកតម្លៃបន្ថែមបានកាន់តែច្រើន៕