កម្ពុជាទាមទារការអភិវឌ្ឍធនធានមនុស្សបន្ថែមដើម្បីឆ្លើយតបនឹងការរីកចម្រើន នៃវិស័យអចលនទ្រព្យ

0

ដោយៈ ប៊ី

ភ្នំពេញៈ ក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ វិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែមានភាពរឹងមាំ ដោយទទួលបានលំហូរចូល នៃការវិនិយោគផ្ទាល់ពីបរទេស គម្រោងអភិវឌ្ឍន៍ក្នុងស្រុក និងអន្តរជាតិ និងភ្នាក់ងារអចលនទ្រព្យជាច្រើន ដែលទាមទារឱ្យមានការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបនឹងកំណើននេះ។

ក្នុងនាមជាអ្នកដើរតួនាទីដ៏សំខាន់មួយនៅក្នុងវិស័យនេះ ក្រុមហ៊ុន CBRE បានឱ្យដឹងកាលពីម្សិលមិញថា ប្រតិបត្តិការរបស់ខ្លួននឹងមានរយៈពេល១២ឆ្នាំនៅកម្ពុជា គិតត្រឹមចុងឆ្នាំ២០២១នេះ ហើយក្រុមហ៊ុនបានចូលរួមការអភិវឌ្ឍធនធានមនុស្ស ដើម្បីផ្តល់សេវាកម្ម និងអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា។

បញ្ហាប្រឈមមួយ ក្នុងចំណោមបញ្ហាប្រឈមរបស់ក្រុមហ៊ុន ក្នុងរយៈពេល១១ឆ្នាំចុងក្រោយនេះ គឺធនធានមនុស្ស ព្រោះថាប្រទេសកម្ពុជាមានភាពក្មេងខ្មី ហើយចំនួន និងបទពិសោធន៍របស់អ្នកជំនាញ ផ្នែកអចលនទ្រព្យនៅមានកម្រិត។

ដើម្បីជួយជំរុញការរៀនសូត្រ និងការអភិវឌ្ឍនៅក្នុងវិស័យនេះ និងជួយលើកកម្ព​ស់សមត្ថភាពធនធានមនុស្ស ក្រុមហ៊ុន CBRE Cambodia បានបង្កើតកម្មពិធីសិក្សាមានឈ្មោះថា CBRE Cambodia Academy ដល់បុគ្គលិកផ្ទៃក្នុងរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍន៍ដល់វិស័យអចលនទ្រព្យ។

គោលបំណងនៃកម្មវិធី គឺផ្តល់ជូនបុគ្គលិកនូវចំណេះដឹង និងជំនាញជាក់លាក់ទាក់ទងនឹងអចលនទ្រព្យជំនាញទន់ និងជំនាញបច្ចេកទេសដែលចាំបាច់ ដើម្បីបំពេញការងារប្រកបដោយវិជ្ជាជីវៈ។

កម្មវិធីនេះស្ថិតនៅក្រោមសសរស្តម្ភបី រួមមានការអភិវឌ្ឍជំនាញទូទៅ កម្មវិធីស   ម្ព័ន្ធអចលនទ្រព្យ ដែលផ្តោតលើមូលដ្ឋានគ្រឹះក្នុងសេវាកម្មអចលនទ្រព្យ និងការបង្កើតការប្រកួតប្រជែង និងកសាងទំនុកចិត្តលើអ្នកជំនាញនាពេលអនាគត។

ក្រុមហ៊ុន CBRE Cambodia ជឿជាក់យ៉ាងមុតមាំថា កម្មវិធីនេះនឹងសង្កត់ធ្ងន់មិនត្រឹមតែការអភិវឌ្ឍធនធានមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមាគ៌ាអាជីពសម្រាប់យុវជន ដែលសម្រេចចិត្តចាប់យកអាជីពរបស់ខ្លួន នៅក្រុមហ៊ុន CBRE Cambodia និងក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ។

ក្រុមហ៊ុនបានកត់សម្គាល់ផងដែរថា កម្មវិធីនេះនឹងត្រូវបានគាំទ្រដោយអ្នកជំនាញផ្ទាល់របស់ក្រុមហ៊ុន CBRE ដែលមានបទពិសោធជាច្រើនឆ្នាំ មកពីតំបន់ផ្សេងៗនៃពិភពលោក ដែលជាកន្លែងក្រុមហ៊ុន CBRE ប្រតិបត្តិការ។ លើសពីនេះទៅទៀត អ្នកចូលរួមក្នុងកម្មវិធីនេះ នឹងត្រូវទទួលបានវិញ្ញាបនបត្រ ដោយមានការទទួលស្គាល់ដោយក្រុមហ៊ុន CBRE Cambodia៕

LEAVE A REPLY

Please enter your comment!
Please enter your name here