ខ្សែរថភ្លើងតភ្ជាប់ពីភាគពាយ័ព្យ មកក្រុងភ្នំពេញ នឹងផ្តល់អត្ថប្រយោជន៍ដួចម្តេច?

0

ដោយ វុត្ថា

ភ្នំពេញ៖ ការតភ្ជាប់ផ្លូវដែកដ៏វែងអន្លាយមួយ ដែលអូសកាត់ខេត្តចំនួន៤នៅភាគពាយ័ព្យប្រទេស មកកាន់រាជធានីកំពុងដំណើរការពន្លឿនការសាងសង់យ៉ាងសកម្ម បន្ទាប់ពី​ការដាក់ឲ្យដំណើរការផ្លូវខ្សែរថភ្លើង បានតភ្ជាប់មកដល់ខេត្តពោធិសាត់រួចហើយនោះ។

ការដាក់ឱ្យដំណើរការបណ្ដោះអាសន្នផ្លូវរថភ្លើងប៉ោយប៉ែត-បាត់ដំបង-ពោធិ៍សាត់-ភ្នំពេញ ដែលមានប្រវែងប្រមាណ៣៨៦គីឡូម៉ែត្រ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ជាមួយគ្នានោះ ក្រុមការងារសាងសង់របស់មន្រ្តីជំនាញក្រសួងសាធារណៈការ និងដឹកជញ្ជូន កំពុងពន្លឿនការសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីអោយរួចរាល់មុនពេលព្រឹត្តិការណ៍នេះ ឈានចូលមកដល់។

បណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានសរសេរនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៨ នេះ ថា “មន្រ្តីជំនាញកំពុងដាក់វេនធ្វើការដល់ “ទាបភ្លឺ” ស្ទើរាល់ថ្ងៃ ដើម្បីដាក់ដំណើរការ “ផ្លូវដែកទិសពាយ័ព្យ” ទាំងស្រុងបានឆាប់រហ័ស ចូលរួមកាត់បន្ថយកាតចំណាយដឹកជញ្ជូន និងត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការ​កកស្ទះចរាចរណ៍ផ្សេងៗ”។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្លាប់បានថ្លែងថា ការដាក់ឲ្យដំណើរការនូវកំណាត់ផ្លូវដែកនេះ បានជួយសម្រួលដល់ការ ដឹកជញ្ជូនទំនិញកសិផលរបស់ប្រជាកសិករ ទៅកាន់ទីផ្សារគោលដៅ និងទាក់ទាញការវិនិយោគបង្កើតការងារជូន ប្រជាពលរដ្ឋដើម្បីចូលរួមកាត់ បន្ថយភាពក្រីក្រនិងជាច្រកយុទ្ធសាស្ត្រយ៉ាងសំខាន់ តភ្ជាប់ផ្លូវដែកកម្ពុជាទៅកាន់ផ្លូវដែកក្នុងតំបន់អាស៊ាន ជាផ្លូវរបៀង សេដ្ឋកិច្ចប្រកបដោយសក្ដានុពល និងជួយសម្រួលដល់លំហូរនៃការធ្វើពាណិជ្ជកម្ម ទេ​ស​ចរណ៍ ភស្តុភារកម្ម និងវិនិយោគិន ។

លោកទេសរដ្ឋមន្ត្រីបបន្តថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងមានការរីកចម្រើនលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ក្នុងនោះផ្លូវថ្នល់បាននឹងកំពុងធ្វើឱ្យប្រសើរឡើងពីផ្លូវពីរគន្លងទៅបួនគន្លង គម្រោងសាងសង់ផ្លូវល្បឿនលឿន គម្រោងសាងសង់ផ្លូវពីបាត់ដំបង ទៅកាន់ខេត្តកោះកុង ដើម្បីកាត់បន្ថយពេលវេលានៃការដឹកជញ្ជូនទៅកាន់កំពង់ផែទឹកជ្រៅ និងគម្រោងសាងសង់ ផ្លូវពីកំពង់ឆ្នាំងទៅខេត្តកំពង់ធំជាដើម។

លោកទេសរដ្ឋមន្ត្រីបន្តថា ការតភ្ជាប់ផ្លូវដែកភ្នំពេញទៅខេត្ត ព្រះសីហនុ ពីភ្នំពេញទៅប៉ោយប៉ែត និងគ្រោងតភ្ជាប់ជាមួយផ្លូវដែក របស់ព្រះរាជាណាចក្រថៃនាពេលខាងមុខ ការដាក់ឱ្យដំណើរការបណ្តោះអាសន្ន នាវាដឹកអ្នកដំណើរពីព្រែកព្នៅទៅក្រុងតាខ្មៅ គម្រោង ដឹកជញ្ជូនតាមផ្លូវទឹកភ្នំពេញទៅខេត្តក្រចេះ និងពីភ្នំពេញទៅខេត្តសៀមរាប ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ និងការពង្រីកអាកាសយានដ្ឋានសម្រាប់ការដឹកជញ្ជូនផ្លូវអាកាស។

ការស្តារឡើងវិញកំណាត់ផ្លូវដែកពី ភ្នំពេញប៉ោយប៉ែត បន្ទាយមានជ័យនេះ បន្ទាប់ពីការកាត់ផ្តាច់ដោយសង្គ្រាមអស់រយៈពេល៤៥ឆ្នាំ  និងបានចំណាយថវិកាប្រមាណ ៩៦,៦លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ប្រមាណ១៣លានដុល្លារជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយក្រៅពីនោះទឹកប្រាក់៨៣.៦លាន ដុល្លារជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here