ដោយៈ ម៉ាណេត
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ឯកភាពពន្លឿនការអនុវត្តផែនការមេ ដើម្បីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការតភ្ជាប់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម តាមព្រំដែនរវាងរដ្ឋាភិបាលទាំងពីរ។ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន VNA នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ។
ការឯកភាពនេះត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក Nguyen Hong Dien និងលោកចាយ ណាវុធឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាមនៅទីក្រុងហាណូយនៅថ្ងៃទី៦ ខែឧសភា ដើម្បីពិភាក្សាពីវិធានការ និងពង្រឹងទំនាក់ទំនងទ្វេភាគីលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល។
ភាគីទាំងពីរប្តេជ្ញាពន្លឿនការអនុវត្តផែនការមេ ដើម្បីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការតភ្ជាប់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម តាមព្រំដែនរវាងរដ្ឋាភិបាលទាំងពីរ។
កាលពីពេលថ្មីៗនេះ ប្រទេសវៀតណាមបានបញ្ចប់នូវផែនការមេ និងអនុម័តគំរោងសាងសង់ផ្លូវល្បឿនលឿន មកកាន់ព្រំដែនកម្ពុជា នាក្រុងបាវិត ខេត្តស្វាយរៀងផងដែរ ខណៈកម្ពុជាកំពុងឲ្យក្រុមហ៊ុនចិនសិក្សាលំអិតបន្ថែមទៀត លើការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតនាពេលខាងមុខផងដែរ៕