ដោយៈគង់ សូរិយា
ភ្នំពេញៈ ប្លង់កាន់កាប់អចលនទ្រព្យមានសារៈសំខាន់ណាស់ ដើម្បីបង្ហាញពីអត្តសញ្ញាណម្ចាស់កម្មសិទ្ឋអចលនទ្រព្យ ពិសេសចូលរួមបញ្ចៀសហានិភ័យ និងជម្លោះដីធ្លីឬអចលនទ្រព្យនានាផងដែរ។
លោកស្រីចេវ សុឃុននាយិកាក្រុមហ៊ុនអចលនទ្រព្យKhat Appraisalបានបង្ហាញនូវចំណេះដឹងមួយចំនួនពីប្លង់សម្គាល់អចលនទ្រព្យ គឺប្លង់ទន់ និងប្លង់រ៉ឹង។
ដូចម្តេចដែលហៅថាប្លង់ទន់?
បើតាមលោកស្រីចេវ សុឃុនបានមានប្រសាសន៍ឲ្យដឹងថា ប្លង់ទន់ គឺជាប្រភេទប្លង់កម្មសិទ្ធិ ដែលមិនទាន់ស្របច្បាប់ ១០០% ទេជាកម្មសិទ្ធិបែបភោគៈ មានន័យថា អ្នករស់នៅ និងអាស្រ័យផល មិនទាន់បានចុះបញ្ជីនៅរដ្ឋបាលសុរិយោដីនៅឡើយ ប៉ុន្តែអ្នកកាន់កាប់ដីនោះ អាចនឹងមានឯកសារ បញ្ជាក់ដូចជា៖ ពាក្យស្នើសុំកាន់កាប់ដីធ្លី និងផ្ទះសម្បែង លិខិតផ្ទេរសិទ្ធិប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង លិខិតផ្ទេរសិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លី ឬចុងសន្លឹក ឬឯកសារផ្សេងទៀត ។
សំគាល់: ឯកសារប្រភេទនេះ ត្រូវបានចេញ និងបញ្ជាក់ដោយអាជ្ញាធរមូលដ្ឋាន មានដូចជា មេភូមិ មេឃុំ/ចៅសង្កាត់ អភិបាលស្រុក-ខណ្ឌ ដាច់ដោយឡែក ឬរួមគ្នា។
ដូចម្តេចដែលហៅថាប្លង់រឹង?
*ប្លង់រឹង គឺជាប្រភេទប្លង់កម្មសិទ្ធិ ដែលចេញដោយអាជ្ញាធរ ឬរដ្ឋបាលសុរិយោដីថ្នាក់ខេត្ត -ក្រុង-រាជធានី ហើយប្លង់រឹងនេះ មាន២ប្រភេទ ដូចជា ទី1.វិញ្ញាបនប័ត្រសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ: ជាប្រភេទប្លង់រឹង ប្លង់ប្រភេទឬជំនាន់ទីពីរ ដែលចេញដោយរដ្ឋបាលសុរិយោដីថ្នាក់ខេត្ត-ក្រុង-រាជធានី ហើយប្លង់ប្រភេទនេះជាប្លង់គំរូថ្មី ដែលបង្កើតឡើងក្នុងន័យបំបាត់ចោលនូវប្លង់ប្រភេទ ឬជំនាន់ទីមួយ គឺ “ប័ណ្ណសំគាល់ សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី”។
ទី2.វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ: ជាប្រភេទប្លង់រឹងស្របច្បាប់១០០% និងចុងក្រោយបង្អស់ដែលកំពុងអនុវត្ត និងប្រើប្រាស់ក្នុងប្រទេសកម្ពុជា ។
វាជាប្រភេទប្លង់កម្មសិទ្ធិ ដែលបញ្ជាក់ពីភាពជាម្ចាស់ស្របច្បាប់១០០% នៃដីដែលអ្នកកំពុងតែកាន់កាប់ និងអាស្រ័យផល។ យើងអាចហៅម្យ៉ាងទៀតថា ជា “ប្លង់ LMAP” ឬ “ប្លង់ប្រព័ន្ធ” ដោយប្លង់នេះនាពេលបច្ចុប្បន្នមានប្រព័ន្ធកូដ QR Code៕