ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន Prince Real Estate Group ជាក្រុមហ៊ុនលំដាប់យក្សមកពី ប្រទេសចិន បានប្រកាសបើកការដ្ឋានសាងសង់ មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជា តិ ធំមួយទៀតនៅលើមហាវិថីសហព័ន្ឋរុស្ស៊ីនាទីក្រុងភ្នំពេញ។
ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Prince Real Estate Group (Cambodia) លោកឈីវ គួរស៊ីញបានឲ្យដឹងក្នុងពិធីបើកការដ្ឋានសាងសង់គំរោងនេះ កាលពីម្សិលម៉ិញនេះថា នេះគឺជាគម្រោងអភិវឌ្ឍន៍ទី៣ហើយ របស់ក្រុមហ៊ុនព្រីនស៍រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុបនៅរាជាធានីភ្នំពេញ បន្ទាប់ពីគម្រោងអគារស្នាក់ នៅរួមមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ដែលត្រូវបានប្រគល់ផ្ទះជូនអតិថិជន និងគម្រោងព្រីនស៍ ម៉ូឌើន ផ្លាហ្សា។
លោកបន្តថា Prince International Plaza គឺជាគម្រោងខ្នាតធំ ដែលជាអគារចម្រុះ និងពហុមុខងារ បែបច្រកចេញចូលតែមួយ ដែលមានទំហំសរុបរហូតដល់២០ម៉ឺនម៉ែត្រការ៉េ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាចំណុចប្រសព្វគ្នារវាងខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌមានជ័យ ដែលកំពុងមានសន្ទុះអភិវឌ្ឍន៍ខ្លាំងក្លា និងប្រកបដោយសក្តានុពលបំផុតនៅរាជធានីភ្នំពេញ។
អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត លោកLi Minបានមានប្រសាសន៍ឲ្យដឹងផងដែរថា គម្រោងនេះនឹងនាំមកនូវទម្រង់អភិវឌ្ឍន៍ថ្មីមួយ សម្រាប់រាជធានីភ្នំពេញ ដោយរួមមាន អគារការិយាល័យលំដាប់5A មជ្ឈមណ្ឌលទិញទំនិញ និងអគារស្នាក់នៅរួមលំដាប់ផ្កាយជាដើម ដែលបណ្តុំនូវមុខងារជាច្រើន ដូចជា ធុរកិច្ច ការទិញទំនិញ ភោជនីយដ្ឋាន កន្លែងកម្សាន្ត និងលំហែកាយ ជាតំបន់ជីវិតរស់នៅបែបថ្មី ពោរពេញទៅដោយភាពទាក់ទាញ ផាសុកភាព សុវត្ថិភាព និងល្អដាច់គេនៅរាជធានីភ្នំពេញ នាពេលអនាគត។
បើតាមលោក Li Min បានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន Prince Real Estate Groupបានវិនិយោគទុនសរុបជាង១២០០លានដុល្លារអាមេរិកហើយ និងក្នុងរយៈពេល១០ឆ្នាំខាងមុខ ក្រុមហ៊ុននឹងបង្កើនទុនវិនិយោគ៥០០០លានដុល្លារអាមេរិកបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុននេះបានសាងសង់លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើននៅទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ រួមមានគំរោងអាគារខុនដូ និងផ្សារទំនើប Prince Plaza, Prince Modern Plaza, Diamond One នៅទីក្រុងភ្នំពេញ និងគំរោងសណ្ឋាគារ ផ្សារទំនើប និងលំនៅដ្ឋានជាច្រើនទៀតនៅខេត្តព្រះសីហនុ៕