ដោយៈ ប៊ី
ព្រះសីហនុៈ អភិបាលខេត្ដព្រះសីហនុបានឱ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមរៀបចំឆ្នេរកម្សាន្តសាធារណៈតាមបណ្តោយឆ្នេរចាប់ពីឆ្នេរអូរឈើទាលរហូត ដល់ឆ្នេររាម ដើម្បីទទួលភ្ញៀវទេសចរមកលេងកម្សាន្តនៅពេលខាងមុខ ក្រោយពីរាជរដ្ឋាភិបាលប្រកាសបិទបញ្ចប់ជំងឺកូវីដ១៩នៅទូទាំងប្រទេស។
លោកគួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងបែបនេះ អំឡុងចុះពិនិត្យសកម្មភាពការរៀបចំបាវដាក់ដីទប់ឫសស្ងាវនៅតាមបណ្តោយឆ្នេរដើមឈើចាំស្នេហ៍ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។
លោកបានបន្តថា នៅតាមបណ្តោយឆ្នេរត្រូវបានរៀបចំសាងសង់បន្ទប់ទឹកដែលមានលក្ខណៈស្តង់ដារបម្រើភ្ញៀវទេសចរ ក្រៅពីឆ្នេរ និងបន្ទប់ទឹកស្តង់ដារ ខេត្តព្រះសីហនុ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំទូលាយ មានលម្អដោយដើមឈើ សួនច្បារនៅអមសងខាងផ្លូវ មានភ្លើងបំភ្លឺសាធារណៈ ភ្លើងស្តុប និងកាមេរ៉ាសុវត្ថិភាពបំពាក់នៅតាមផ្លូវ ដើម្បីធានាពីសោភណភាព និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះ សីហនុបន្ថែមទៀត។
លោកអភិបាលខេត្តក៏បញ្ជាក់បន្ថែមថា នៅពេលចប់កូវីដ-១៩ យើងនឹងបន្តដាំកូនស្ងាវនៅតាមបណ្តោយឆ្នេរក្នុងក្រុងព្រះសីហនុបន្តទៀត ព្រោះដើមស្ងាវវាសាកសមរស់នៅតាមឆ្នេរសមុទ្រ ជួយការពារបរិស្ថាន និងសោភណភាពធ្វើឱ្យឆ្នេររបស់យើងមានភាពស្រស់ស្អាត កាន់តែទាក់ទាញ៕