តំបន់សក្ដានុពលនៅតាមបណ្តាខេត្តមួយចំនួន នៅតែទទួលបានការវិនិយោគជាបន្តបន្ទាប់ទោះស្ថិតនៅក្នុងវិបត្តិ

0

          ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ទោះបីជាកម្ពុជា ជួបវិបត្តិនឹងជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២១នេះ មានទ្រង់ទ្រា​យធំជាងឆ្នាំ២០២០ក្ដី តែការវិនិយោគអចលនទ្រព្យ នៅក្នុងតំបន់ដែលមានសក្ដានុពលនៅតែបន្ត ដោយមិនមានការផ្អាកនេះទេ ជាពិសេសគម្រោងវិនិយោគដែលមានម្ចាស់ជនជាតិខ្មែរ។

លោក កែវ សុជាតិភ្នាក់ងារអចលនវត្ថុកម្ពុជាមួយរូបបានឱ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៤ ឧសភានេះថា លោកមើលឃើ​ញថា តំបន់ដែលមានសក្ដានុពលក្នុងការវិនិយោគ នៅតែទទួលបានគម្រោងជាបន្តបន្ទាប់ បើទោះបីជាកម្ពុជាមានវិបត្តិនឹងកូវីឌ១៩ក្ដី ។ ជាក់ស្ដែងពេលដែលកម្ពុជា បានសម្រេចបិទខ្ទប់តំបន់មួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដដ១៩ តំបន់ដែលមិនបិទ និងមានសក្ដានុពល លើការអភិវឌ្ឍនៅតែបន្ត គម្រោងសាងសង់មិនបានបញ្ឈប់ ឬផ្អាកដំណើរការនោះទេ ដែលសបញ្ជាក់ថា តំបន់សក្ដានុពលគឺនៅតែបន្ត ។

លោកបន្តថា “យើងទទួលស្គាល់ថាក៏មានគម្រោងមួយចំនួនបានផ្អាក ដោយសា​រតែម្ចាស់លុយជាប់ ក្នុងតំបន់បិទខ្ទប់ និងមិនអាចចេញធ្វើដំណើរបាន ទើបធ្វើឱ្យដំណើរការគម្រោងត្រូវគាំង”។លោកបន្តថា “ក្រោយពេលរដ្ឋាភិបាលប្រកាសបញ្ចប់តំបន់បិទខ្ទប់ ម្ចាស់គម្រោងក៏ចេញធ្វើដំណើរនិងរៀបចំ ដំណើរការសាងសង់ឡើងវិញ”។

លោកកែវ សុជាតិបានបន្តថា វិនិយោគិនគេអត់គិតពីវិបត្តិនៅពេលបច្ចុប្បន្នទេ តែគេគិតដល់អនាគតទៅវិញ។ ក្រោយវិបត្តិគេនឹងទទួលបាននូវឱកាសវិនិយោគ និងចំណេ​ញ​ស្រាប់ ជាក់ស្ដែងដូចជាគម្រោងអភិវឌ្ឍន៍ផ្ទះលំហែកាយ និងគម្រោងអភិវឌ្ឍន៍សម្រាប់គាំទ្រវិស័យទេសចរណ៍ នៅពេលចប់វិបត្តិពេលនោះ គេនឹងដាក់ដំណើរការនូវគម្រោងរបស់គេ។

ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់ ប្រធានក្រុមហ៊ុនអចលនទ្រព្យAdvance ក៏បានឱ្យដឹងដែរថា ជាការកត់សម្គាល់ក្នុងពេលវិបត្តិនៃជំងឺនេះ គម្រោងវិនិយោគនៅតំបន់ដែលមានសក្ដានុពល គឺពិតជាទទួលបានជាបន្តបន្ទាប់មែន ហើយក្នុងនោះគេឃើញថា វិស័យដែលទទួលបានការវិនិយោគគឺការជួលឃ្លាំង រោងចក្រ ទីតាំងដីសម្រាប់សង់ជារោងចក្រនិងឃ្លាំង ក្នុងពេលដែលវិស័យឧស្សាហកម្ម នៅតែតបន្តទទួលបានវិនិយោគិនបន្តបន្ទាប់ ។

លោកបន្តថា “យ៉ាងណាក្ដី យើងមិនអាចប្រកែកបានទេ ពីផលប៉ះពាល់នៃជំងឺនេះ ទៅលើវិស័យអចលនទ្រព្យ តែយើងមិនមែនស្ងប់ស្ងាត់ទាំងស្រុងនោះទេ យើងនៅតែទទួលបានជាហូរហែរ និងទើបតែគាំងស្ងប់ស្ងាត់ប្លែក ក្នុងពេលបិទខ្ទប់ទីក្រុងភ្នំពេញនិងក្រុងតាខ្មៅ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here