ក្នុងឆមាសទី១ឆ្នាំនេះ
ដោយៈ ប៊ី
ភ្នំពេញៈ ការផ្ទត់ផ្គង់គម្រោងអចលនទ្រព្យផ្ទាល់ដី នៅក្នុងក្រុងភ្នំពេញបានមានកាន់តែច្រើន និងវិនិយោគក្នុងល្បឿនដ៏លឿននារយៈពេល៦ខែ ឈានទៅកាន់ត្រីមាសទី១ឆ្នាំ២០២១ ខណៈគម្រោងភាគច្រើនបាន និងកំពុងផ្ដោតទៅលើវិស័យគេហដ្ឋានតម្លៃសមរម្យនេះ។ នេះបើយោងតាមរបាយការណ៍ស្តីពី “ទិដ្ឋភាពទីផ្សារអចលនទ្រព្យប្រចាំត្រីមាសទី១ឆ្នាំ២០២១ ដែលចេញដោយទីភ្នាក់ងារអចលនទ្រព្យCBRE Cambodia កាលពីថ្មីៗនេះ។
ក្នុងរយៈពេល៦ខែឈានទៅឆមាសទី១ឆ្នាំ២០២១នេះ គម្រោងចំនួន២១ហើយបានចាប់ផ្ដើមសម្ភោធ នៅក្នុងខ័ណ្ឌចំនួន៩ផ្សេងៗគ្នា សម្រាប់វិស័យអចលនទ្រព្យផ្ទាល់ដីនៅឯទីក្រុងភ្នំពេញ។ គម្រោងទាំង២១នេះនឹងបង្កើតគេហដ្ឋានចំនួន១៥,៥០០យូនីត ក្នុងការផ្គត់ផ្គង់អចលនទ្រព្យផ្ទាល់ដីនៅឯទីក្រុងភ្នំពេញ។
សម្រាប់ការសាងសង់បញ្ចប់គម្រោង ក្នុងរយៈពេលដូចគ្នានេះ CBRE រាយការណ៍ថា គម្រោងថ្មីៗចំនួន១១ នឹងបើកទទួលស្វាគមន៍អ្នកចូលមករស់នៅ ដោយបានបន្ថែមគេហដ្ឋានចំនួន៤៥០០យូនីធ ទៅលើចំនួនគេហដ្ឋានសរុប ដែលមានក្នុងរាជធានីភ្នំពេញ។
របាយការណ៍បានឱ្យដឹងទៀតថា ការផ្លាស់ប្ដូរទៅកាន់ការអភិវឌ្ឍផ្ទះដែលមានតម្លៃសមរម្យនៅតែបន្ត ដោយមានគម្រោង ដែលទើបតែចាប់ផ្ដើមមួយចំនួន បាននិងកំពុងផ្ដោតទៅលើវិស័យគេហដ្ឋានតម្លៃសមរម្យនេះ។ យោងតាមរបាយការណ៍របស់CBRE ជាង៦០%នៃផ្ទះជាប់ និងជាង៧០%នៃវីឡាទោល ស្ថិតនៅក្នុងចំណោមគេហដ្ឋានដែលមានតម្លៃសមរម្យ។
លោក James Hodge នាយកជាន់ខ្ពស់ក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់កាលពីម្សិលមិញនេះថា ទីផ្សារលំនៅដ្ឋានត្រូវបានរំពឹងថា នឹងងើបឡើងវិញយ៉ាងឆាប់រហ័ស ដែលគាំទ្រដោយការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌប្រាក់កម្ចី និងការទូទាត់ពីធនាគារ និងអ្នកអភិវឌ្ឍន៍។
លោកបានថ្លែងថា “យើងរំពឹងថា សកម្មភាពនៃការលក់ នឹងមានភាពប្រសើរឡើងទាំងផ្នែកខុនដូ និងផ្នែកអចលនទ្រព្យជាប់ដី (ផ្ទះ) នៅត្រីមាសទី៣ ឆ្នាំ២០២១ ខណៈរយៈពេលនៅសល់នៃត្រីមាសទី២ សកម្មភាពទិញលក់ហាក់ ដូចជានៅភាពយឺតនៅឡើ យ”។
ការរំខានពីការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ក្នុងព្រឹត្តិការរណ៍២០កុម្ភៈ ទំនងជានឹងរុញច្រានការស្ទុះឡើងវិញ ក្នុងវិស័យអចលនទ្រព្យយឺតយ៉ាវ ដូច្នេះស្ថានភាពទីផ្សារប្រសើរឡើងវិញ គឺពឹងផ្អែកលើល្បឿន និងប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំង ដើម្បីបង្កើតសន្ទុះ និងបង្កើនភាពជឿជាក់លើការវិនិយោគអចលនទ្រព្យ៕