ធនាគារកណ្តាលថៃ អាចនឹងរក្សាអត្រាការប្រាក់ឱ្យនៅកម្រិតទាបមិនធ្លាប់មានត្រឹម០,៥រយៈពេល១ទៅ២ឆ្នាំដោយសារវិបត្តិកូវីដ

0

សុខុម
បាងកក: មន្រ្តីធនាគារកណ្តាលថៃ (BoT) មួយរូបបានលើកឡើងនៅថ្ងៃច័ន្ទ ទី២៤ ឧសភា នេះថា អត្រាការប្រាក់គោលនៅក្នុងប្រទេសថៃ អាចនឹងរក្សាឱ្យនៅកម្រិតទាបមិនធ្លាប់មានត្រឹម០,៥រយៈពេល១ទៅ២ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post។

ការរក្សាអត្រាការប្រាក់គោលនេះឱ្យនៅកម្រិតទាបមិនធ្លាប់មានរយៈពេលវែងបែបនេះ ធ្វើឡើងក្នុងគោលបំណងសម្រាលវិបត្តិកូវីដ-១៩ រហូតដល់សេដ្ឋកិច្ចមានសញ្ញាងើបឡើងវិញយ៉ាងពិតប្រាកដ
ខណៈប្រទេសនេះកំពុងប្រឹងប្រែងដោះស្រាយវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩ រលកទី៣។

លោក Don Nakornthab នាយកជាន់ខ្ពស់នៃធនាគារកណ្ដាលថៃ បានថ្លែងក្នុងវេទិកាសេដ្ឋកិច្ចមួយថា អតិផរណាអាចនឹងកើនឡើងជាបណ្តោះអាសន្ន ប៉ុន្តែតាមការរំពឹងទុកថា វានឹងមិនបង្កផលប៉ះពាល់ខ្លាំងយូរអង្វែងនោះទេ។

លោកបានគូសបញ្ជាក់ថា អតិផរណានៅក្នុងត្រីមាសទី២ អាចកើនឡើងលើសពី១%ដែលធនាគារកណ្ដាលថៃ បានកំណត់ដល់៣% ប៉ុន្តែវាគ្រាន់តែស្ថានភាពបណ្ដោះអាសន្នប៉ុណ្ណោះ។

ធនាគារកណ្ដាលថៃ បានរក្សាអត្រាការប្រាក់របស់ខ្លួនមិនផ្លាស់ប្តូរចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០ ហើយបានព្រមានអំពីផលប៉ះពាល់ដែលបង្កឡើងដោយការផ្ទុះការឆ្លងរាតត្បាតវីរុសកូវីដ-១៩ រលកទី៣នាពេលបច្ចុប្បន្នដែលមានចំណែកប្រហែល៨០%នៃករណីឆ្លង និងករណីស្លាប់សរុបដោយសារវីរុសក៏កាចសាហាវនៅក្នុងប្រទេសថៃ។

ធនាគារកណ្ដាលមួយនេះនឹងពិនិត្យមើលឡើងវិញនូវគោលនយោបាយ និងទស្សនវិស័យសេដ្ឋកិច្ចនៅថ្ងៃទី ២៣ ខែមិថុនា។

លោក Don Nakornthab បានបញ្ជាក់ថា “អត្រាការប្រាក់កំណត់ក្នុងគោលនយោបាយគឺស្ថិតក្នុងកម្រិតទាបមិនធ្លាប់មាន ហើយប្រហែលជានៅកម្រិតនេះដដែលមួយរយៈពេលវែង។ ក្នុងពេល១ឆ្នាំ ឬ២ឆ្នាំ ប្រហែលជាគ្មានការដំឡើងការប្រាក់នោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here