ដោយៈវឌ្ឈនៈ
ភ្នំពេញៈ វិស័យអចលនទ្រព្យជាពិសេសវិស័យដីធ្លី នៅក្នុងរាជធានីភ្នំពេញ ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៨-២០០៩ ឃើញថា តម្លៃដីធ្លីបានងើបឡើងបន្តិចម្ដងៗ រហូតដល់ឆ្នាំ២០២១នេះ ទោះបីជាកម្ពុជាជួបវិបត្តិនឹងជំងឺរីករាលដាលក៏ដោយ ក៏ឃើញថាមិនមានការធ្លាក់ចុះឬប្រែប្រួលនោះដែរ។ បើតាមការសិក្សាពីក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យនៅកម្ពុជា បង្ហាញខណ្ឌ៥នៅរាជធានីភ្នំពេញ បានរក្សាតម្លៃល្អជាងគេក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ។
លោកសន សៀប ស្ថាបនិកនិងជានាយកក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេតបានឱ្យដឹងកាលពីព្រឹកថ្ងៃទី២៥ ឧសភានេះថា នៅក្នុងរាជធានីភ្នំពេញ ក្នុងខណ្ឌចំនួន៥ គឺខណ្ឌដូនពេញ ៧មករា ចំការមន បឹងកេង និងទួលគោក តម្លៃដីចាប់ផ្ដើមមានកំណើនបន្តិចម្ដងៗចាប់តាំងពីឆ្នាំ២០១១ ២០១២ ដោយសារតែមានការអភិវឌ្ឍច្រើននៅក្នុងរាជធានីភ្នំពេញ ហើយក្នុងខណ្ឌទាំងនោះ ដីធ្លីមានតម្លៃខ្ពស់ជាងគេ ។
លោកបន្តថា នៅក្នុងឆ្នាំ២០១៧ តម្លៃដីធ្លីបានធ្លាក់ចុះរហូត-៨ភាគរយ និងបានងើបឡើងវិញ នៅក្នុងអំឡុងឆ្នាំ២០១៨ ឬ២០១៩ ហើយ២០២០ ទោះបីជាកម្ពុជាជួបវិបត្តិកូវីដ១៩ក្ដី តែខណ្ឌទាំង៥ក្នុងរាជធានីភ្នំពេញ នៅតែបន្តកើនឡើងប្រមាណ០,៥ភាគរយ។
លោកបន្ថែមថា ក្នុងពេលបច្ចុប្បន្នក្នុងចំណោមខណ្ឌទាំង៥ ដែលមានសក្ដានុពល ឃើញថា ទួលគោកមានកំណើនជាងគេជុំវិញ២ភាគរយ។ ចំណែកខណ្ឌនៅជាយៗរាជធានីភ្នំពេញដូចជាខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌសែនសុខ មានសន្ទុះតម្លៃដីធ្លីងើបខ្ពស់ ជាពិសេសខណ្ឌដង្កោ ។
លោកថា “កត្តាដែលជំរុញឱ្យខណ្ឌដង្កោ ទទួលបានសន្ទុះកំណើនដីធ្លីខ្ពស់ជាងគេ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធក្នុងខណ្ឌនេះ កំពុងទទួលមានការអភិវឌ្ឍ ដូចជាហេដ្ឋារចនាសម្ព័ន្ធទៅកាន់ព្រលានយន្តហោះថ្មី”។ លោកបន្តថា “ក្រៅពីនោះក៏មានផ្លូវក្រវ៉ាត់ក្រុង ដែលតភ្ជាប់ពីផ្លូវកប់ស្រូវ ក៏រត់កាត់ភូមិសាស្ត្រខណ្ឌដង្កោផងដែរ ដែលជាសក្ដានុពលជំរុញឱ្យតម្លៃដីធ្លីក្នុងខណ្ឌនេះមានសន្ទុះខ្លាំងជាងគេ”។
លោកបញ្ជាក់ថា សន្ទុះនៃតម្លៃដីនៅខណ្ឌដង្កោនេះហើយ ដែលធ្វើឱ្យមធ្យមភាគ នៃកំណើនតម្លៃដីធ្លី នៅក្នុងរាជធានីភ្នំពេញទាំងមូល មានកំណើនជាមធ្យម១,៩ភាគរយ និងធ្វើឱ្យមធ្យមភាគនៃតម្លៃដីធ្លីក្នុងរាជធានីភ្នំពេញ មានតម្លៃពី២០០០ដុល្លារ ទៅ២១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ជាមួយគ្នានេះលោកបណ្ឌិតគីម ហ៊ាង ប្រធានKW Cambodia ក៏បានឱ្យដឹងផងដែរថា តម្លៃដីធ្លីមានតែងើបឡើងតទៀតនៅពេលអនាគត ហើយតម្លៃតម្លៃដីនៅជាយក្រុងក៏នឹងងើបឡើងជាបន្តបន្ទាប់ ខណៈកណ្ដាលក្រុងក៏កាន់តែងើបផងដែរ។
លោកថា #នៅប្រទេសជិតខាង ដូចជាបាងកក សិង្ហបុរីជាដើម តម្លៃដីគេហក់ឡើងដល់១ម៉ឺនដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ ចំណែកនៅកម្ពុជាយើងនៅមិនទាន់មាននៅឡើយទេ ដូច្នេះអនាគតក៏នឹងអាចមានតម្លៃដូចនឹងប្រទេសទាំងនោះដែរ”៕