ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបដិសេធថាមិនមានគំរោងទីក្រុងនាគរាជសម្តេចតេជោហ៊ុន សែននោះទេ។
ថ្មីៗនេះមានគេហទំព័រនិងទូរទស្សន៍អនឡាញមួយ បានយកអត្ថបទចាស់របស់គេហទំព័រPropertyarea.asia ដែលបានចេញផ្សាយកាលពីថ្ងៃទី១៣ កុម្ភៈឆ្នាំ២០១៨ យកមកផលិតជាវីដេអូ ដោយលើកឡើងពីគម្រោងនេះ។
អំឡុងពេលនោះ លោកយិន លាងគង់សហស្ថាបនិក និងអគ្គនាយកគេហទំព័រPropertyarea.asiaបានជួបសម្ភាសន៍ផ្តាច់មុខជាមួយ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ភឿង សុភ័ណ្ឌបានមានប្រសាសន៍ដោយលោកបានមានប្រសាសន៍ថា ទីក្រុងនាគរាជសម្តេចតេជោ ដែលគ្រោងចំណាយថវិកាវិនិយោគ៨០ពាន់លានដុល្លារអាមេរិក និងស្ថិត នៅលើផ្ទៃដីប្រមាណ៣៧,០០០ហិកតា ស្ថិតនៅស្របតាមបណ្តោយផ្លូវជាតិលេខ៦អា និងបន្តរហូតដល់ផ្លូវជាតិលេខ២១ ដែលស្ថិតនៅចំណុចថ្នល់បំបែករវាងផ្លូវជាតិលេខ៦អា ឆ្ពោះមកកាន់ផ្លូវជាតិលេខ៥ ហើយអូសតាមបណ្តោយផ្លូវជាតិលេខ៥ មកកាន់រាជធានីភ្នំពេញ។
លោកបន្តថា “ខ្ញុំមិនចង់បញ្ចេញព៌តមាននេះទេ ដោយសារព្រួយបារម្ភពីដី ឡើងថ្លៃនៅតំបន់នេះ ដែលរារាំងដល់ការអភិវឌ្ឍន៍គំរោងដ៏ធំនេះ”។លោកបន្តថា “តាមប្លង់ ដែលសម្តេចតេជោបានអនុញ្ញាត្តឲ្យធ្វើការសិក្សា គំរោងទីក្រុងនាគរាជ សម្តេចតេជោ មានមជ្ឈមណ្ឌលពាណិជ្ជកម្មសម្តេចតេជោមួយ ដែលជាមជ្ឈមណ្ឌ លពាណិជ្ជកម្ម ស្ថិតនៅកណ្តាលទីក្រុងនេះ ដែលមានផ្សារទំនើប សាលារៀនអន្តរជាតិ មជ្ឈ មណ្ឌលពាណិជ្ជកម្មកំពស់៦០០ម៉ែត្រ កំពង់ផែអន្តរជាតិ និងសេវាកម្មជាច្រើនទៀត”។
លោកបន្តថា កម្ពុជាខកខានសាងសង់ទីក្រុង៥៨០ឆ្នាំមកហើយ ហេតុនេះទើបកម្ពុជាត្រូវ កសាងទីក្រុងនេះឡើង ដើម្បីឆ្លើយតបនឹងកំណើនសេដ្ឋកិច្ច ប្រជាសាស្រ្ត និងជា ការដឹងគុណដល់សម្តេ ចតេជោហ៊ុន សែនដែលហ៊ានពលីជីវិត ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេស សម្តេចបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិរហូតមកដល់សព្វថ្ងៃនេះ។ លោកភឿង សុភ័ណ្ឌបញ្ជា ក់ឲ្យដឹង។
ហេតុអ្វីបានជាលោកសម្រេចជ្រើសរើសទីតាំងនេះ ក្នុងគំរោងកសាងទីក្រុងនាគរាជសម្តេចតេជោ លោកភឿង សុភ័ណ្ឌបានបន្តថា ដោយសារទីតាំងនេះ បើមើលតាមយន្តហោះ មានរូបរាងនិងសណ្ឋានដី ដូចជារូបនាគ ហើយជាទីតាំង បើតាមក្បួនចិន ជាទីតាំងមានហុង ស៊ុយល្អបំផុត ព្រោះទីតាំងនេះមានទន្លេព័ន្ឋជុំវិញ ដែលផ្តល់ជាមធ្យោបាយដឹកជញ្ជូន និងផ្តល់លក្ខខ័ណ្ឌអាកាសធាតុល្អប្រសើរ សម្រាប់ភាពសុខដុមរមនា ដល់ប្រជាជននៅក្នុងទីក្រុងនេះនាពេលអនាគត។
លោកបន្តថា មានតែមិត្តចិនតែមួយប៉ុណ្ណោះ ដែលអាចជួយកសាងទីក្រងនេះបានទទួលជោគជ័យ ព្រោះគំរោងនេះធំណាស់ និងចាយលុយច្រើនណាស់ ដូច្នេះ ដើម្បីគាំទ្រសម្តេចនិងទុកជាកេរ្ត៍តំណែល ក៏ដូចជា បង្កើននូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលសម្តេចបានគាំទ្រគោលនយោ បាយចិនតែមួយ រដ្ឋាភិបាលចិនគួរតែជួយកសាងទីក្រុងនេះ ឲ្យលេចរូបរាងឡើង ដើម្បីជាការអបអរសាទរនូវសមិទ្ឋិផល នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ប្រទេសទាំងពីរ។
តាមប្លង់មេរបស់ទីក្រុងនេះ នឹងត្រូវកសាងហេដ្ឋារចនាសម្ព័ន្ឋលើគោក ក្រោមដី និងលើអាកាសដែលនឹងមិនឲ្យ មានបញ្ហាកកស្ទះចរាចរក្នុងទីក្រុងនេះរយៈពេលរាប់រយឆ្នាំ។
មន្រ្តីជាន់ខ្ពស់់ដដែលបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ប្រសិនជាមានគំរោងបែបនេះមែន ថ្នាក់ដឹកនាំក្រសួងនឹងប្រជុំពិភាក្សា និងមានមន្រ្តីចុះសិក្សាពីគំរោងនេះហើយ ប៉ុន្តែតាមលោកសាកសួរមន្រ្តីជំនាញ គឺពួកគាត់មិនបានសិក្សាពីគំរោងនេះនោះទេ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ធ្លាប់បានអះអាងថា មិនមានគំរោងទីក្រុងបែបនេះទេ៕