ការសិក្សា: ទីផ្សារអចលនទ្រព្យទូទាំងពិភពលោកនឹងស្ទុះឡើងខ្លាំងក្នុងឆ្នាំ២០២១នេះ

0

ដោយៈ សុខុម

អន្តរជាតិៈ យោងតាមការស្ទង់មតិធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន Reuters បង្ហាញថា ទីផ្សារអចលនទ្រព្យប្រភេទលំនៅដ្ឋានក្នុងបណ្ដាសេដ្ឋកិច្ចធំៗនឹងមានសន្ទុះកើនឡើងខ្លាំងនៅឆ្នាំ២០២១នេះដោយសារមានការគាំទ្រយ៉ាងធំផ្នែករូបិយវត្ថុ និងសារពើពន្ធ និងស្របពេលកំពុងងើបឡើងពីវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ១៩។

ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃអង្គារ ទី២៥ ខែឧសភានេះថា តម្លៃលក់ផ្ទះជាមធ្យមបានហក់ឡើងខ្លាំងក្នុងឆ្នាំ២០២១ នេះនៅក្នុងប្រទេសមួយចំនួន។ តាមការរំពឹងទុកថា និន្នាការនេះនឹងនៅតែបន្តដោយសារកត្តាមួយចំនួន រួមមានអត្រាប្រាក់ទាបសម្រាប់កម្ចីទិញផ្ទះ ការចែកចាយវ៉ាក់សាំងកូវីដ១៩ ឆាប់រហ័ស និងការបន្ធូរបន្ថយវិធានការរឹតបន្តឹងនានា ក្រោយសេដ្ឋកិច្ចដាំក្បាលចុះកាន់តែជ្រៅ ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ១៩ កាលពីឆ្នាំមុន។

ការហក់ឡើងទូទាំងពិភពលោកនូវតម្លៃអចលនទ្រព្យនេះកើតមានឡើង ស្របពេលទីផ្សារភាគហ៊ុនហក់ឡើងវិញយ៉ាងឆាប់រហ័ស ក្រោយធ្លាក់ចុះ ដោយសារផលប៉ះពាល់ធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច និងការបាត់បង់ការងារធ្វើ។

ការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters ទៅលើអ្នកជំនាញទីផ្សារអចលនទ្រព្យជាង១០០នាក់ ដែលបានធ្វើឡើងពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែឧសភា បានបង្ហាញពីការប្រែប្រួលខ្លាំងនូវការព្យាករអំពីតម្លៃផ្ទះ សម្រាប់សហរដ្ឋអាមេរិក ប្រទេសអង់គ្លេស ប្រទេសកាណាដា ប្រទេសអូស្រ្តាលី និងក្រុងឌូបៃ បើធៀបទៅនឹងរយៈពេល៣ខែមុន ដោយលឿនជាងការរំពឹងទុកអំពីកំណើនផលិតផលក្នុងស្រុកសរុប (GDP) និងអតិផរណាតម្លៃទំនិញប្រើប្រាស់។

លោក Andrew Harvey អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់មកពីស្ថាប័ន Nationwide របស់អង់គ្លេស បានលើកឡើងថា “ទំនុកចិត្តរបស់អ្នកប្រើប្រាស់បានកើនឡើងខ្លាំង ដោយសារភាពជោគជ័យនៃកម្មវិធីចាក់វ៉ាក់សាំង ហើយភ័ស្តុតាងនៃការស្ទង់មតិនេះបង្ហាញថា វិបត្តិឆ្លងរាតត្បាតវីរុសកូវីដ១៩ បានធ្វើឱ្យមនុស្សកាន់តែច្រើនរើផ្ទះទៅរស់នៅផ្ទះថ្មី ហើយកង្វះនៃការផ្គត់ផ្គង់បានធ្វើឱ្យតម្លៃហក់ឡើងរយៈពេលខ្លី”។

ស្ទើរតែ៦០%នៃអ្នកវិភាគ ឬ៥៥នាក់ក្នុងចំណោម៩២នាក់ ដែលបានឆ្លើយសំណួរដាច់ដោយឡែកពីគ្នា ស្តីពីទីផ្សារអចលនទ្រព្យទូទាំងពិភពលោក បានលើកឡើងថា ហានិភ័យចំពោះទស្សនវិស័យត្រូវបានរំពឹងថានឹងកើនឡើងនៅឆ្នាំខាងមុខ ចំណែកឯ៣៧នាក់ទៀតនិយាយថា ហានិភ័យទំនងជាធ្លាក់ចុះច្រើនជាង។

និន្នាការនៅក្នុងការស្ទង់មតិរបស់ចុងក្រោយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នេះបានបង្ហាញពីក្ដីរំពឹងថានឹងមានកំណើនរឹងមាំក្នុងវិស័យអចលនទ្រព្យនៅឆ្នាំនេះ ហើយនឹងធ្លាក់ចុះវិញនៅប៉ុន្មានឆ្នាំក្រោយ ដោយសារការផ្គត់ផ្គង់កើនឡើង ការធ្វើអន្តោប្រវេសន៍មានកម្រិតទាប និងនៅពេលលទ្ធភាពទិញក្លាយជាឧបសគ្គធំ។

អ្នកឆ្លើយតប៤១នាក់ក្នុងចំណោម៧៨នាក់និយាយថា ទីផ្សារអចលនទ្រព្យនឹងធ្លាក់ចុះ ដោយរួមទាំង៥នាក់ដែលនិយាយថានឹងធ្លាក់ចុះខ្លាំងផងដែរ ចំណែកឯ៣៧នាក់ទៀតនិយាយថា តម្រូវការការិយាល័យនឹងកើនឡើង ដោយរួមទាំង២នាក់ទៀត ដែលនិយាយថានឹងកើនឡើងខ្លាំងផងដែរ។

លោក Matthew Pointon អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ផ្នែកអចលនទ្រព្យប្រចាំនៅក្រុមហ៊ុនពិគ្រោះយោបល់អង់គ្លេស Capital Economics និយាយថា “ការធ្វើការងារពីផ្ទះ ដែលត្រូវបានអនុវត្តក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ នឹងធ្វើឱ្យតម្រូវការប្រែប្រួលខ្លាំងក្នុងវិស័យការិយាល័យ ដោយបុគ្គលិកការិយាល័យដល់ទៅប្រមាណ៥០%ត្រូវធ្វើការងារពីផ្ទះយ៉ាងតិចម្តងក្នុងមួយសប្តាហ៍”៕

LEAVE A REPLY

Please enter your comment!
Please enter your name here