តំបន់ឆ្នេរនៅតែទទួលបានការទាក់ទាញសម្រាប់វិនិយោគទោះស្ថិតក្នុងវិបត្តិ

0

ដោយៈវឌ្ឈនៈ
ភ្នំពេញៈ តំបន់ឆ្នេរកម្ពុជា នៅតែទទួលបានការទាក់ទាញ សម្រាប់វិនិយោគលើគម្រោងផ្សេងៗទៀត ទោះបីជាកម្ពុជាជួបនឹងវិបត្តិ ដោយសារកូវីដ១៩ក្ដី ជាក់ស្ដែងសកម្ម​ភាពនៃការអភិវឌ្ឍ ការទិញលក់ដីធ្លី និងគម្រោងវិនយោគធំៗពីក្រៅប្រទេសនៅតែបន្តបណ្ដាក់ទុនក្នុងតំបន់ឆ្នេរទាំងនោះ។

ភ្នាក់ងារលក់អចលនទ្រព្យនៅតំបន់ឆ្នេរនៃខេត្តកែប និងកំពត បានឱ្យដឹងថា ទោះ​បីជាមានវិបត្តិយ៉ាងណាក្ដីសកម្មភាព នៃការស្វែងរកទិញដីធ្លីពីសំណាក់វិនិយោគិន នៅតែបន្ត តែបានស្ងប់ស្ងាត់បន្តិចនៅអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ។ ក្រោយពេលរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់វិញ ឃើញថាសកម្មភាពនៃការស្វែងរកទិញដីធ្លីនៅតំបន់ឆ្នេរនៃខេត្តកំពត និងកែបក៏ចាប់ផ្ដើមកម្រើកឡើងវិញ ។

លោកកែវ សុជាតិ ភ្នាក់ងារអចលនវត្ថុមួយរូបប្រចាំខេត្តកំពតបានឱ្យដឹងថា “កំពតនៅតែមានសក្ដានុពលទាក់ទាញ សម្រាប់ការវិនិយោគពីក្នុង និងក្រៅប្រទេសជាពិសេសវិនិយោគិនក្នុងប្រទេស ក្នុងពេលខេត្តនេះក៏កំពុងបង្កើតសក្ដានុពលជាច្រើន សម្រាប់ទាក់ទាញ”។ លោកបន្តថា “បើក្រលេខទៅមើលគម្រោងអភិវឌ្ឍន៍នានាក្នុងនេះ ក្នុងពេលវិបត្តិកូវីដ១៩ មិនទាន់មានគម្រោងធំៗណាមួយត្រូវបានផ្អាក ដោយហេតុផលវិបត្តិនោះឡើយ តែមានគម្រោងខ្លះ ត្រូវបានផ្អាកសកម្មភាពក្នុងពេលបិទខ្ទប់តំបន់”។

ប៉ុន្តែសកម្មភាពក៏បានចាប់ផ្ដើមវិញ ក្រោយពេលដែលរដ្ឋាភិបាលប្រកាសបញ្ចប់ការបិទខ្ទប់ ។ ចំណែកភ្ញៀវដែលមកពីភ្នំពេញ ដើររកទិញដីដើម្បីវិនិយោគ ក៏ចាប់ផ្ដើមមានសកម្មភាពកម្រើកជាងមុនដែរ ក្រោយពេលបញ្ចប់ការបិទខ្ទប់ និងបន្ធូរបន្ថយការធ្វើដំណើរឆ្លងខេត្ត។

ក្រលេកទៅមើលតំបន់ខេត្តព្រះសីហនុឯណោះវិញ ថ្វីត្បិតតែពេលនេះគម្រោងវិនិយោគថ្មីៗ មិនទាន់បង្ហាញក្ដី តែសក្ដានុពលនៃការអភិវឌ្ឍខេត្តព្រះសីហនុ បានក្លាយចំណុ​ចទាក់ទាញមួយសម្រាប់វិនិយោគិន ក្នុងនិងក្រៅប្រទេស ដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍកំពង់ផែទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុជាដើម។

អ្នកជំនាញអចលនទ្រព្យរំពឹងថា ខេត្តព្រះសីហនុនឹងក្លាយជាតំបន់ឧស្សាហកម្មដ៏ទាក់ទាញមួយនៅអនាគតដ៏ខ្លី ខណៈកន្លងមករដ្ឋាភិបាលកម្ពុជាដាក់ផែនការ អភិវឌ្ឍខេត្តនេះជាគំរូទីក្រុងស៊ិនជិនរបស់ចិនផងដែរ ជាទីក្រុងឧស្សាហកម្ម ដែលអាចទាក់ទាញវិនិយោគិននិងទេសចរមកទស្សនាកម្សាន្តទៀតផង។

សម្រាប់ខេត្តកោះកុង ដែលជាតំបន់ឆ្នេរមួយទៀតក្នុងប្រទេសកម្ពុជា ក៏កំពុងបង្ហា​ញពីភាពទាក់ទាញដ៏ខ្លាំងក្លា ពីសំណាក់វិនិយោគិនក្នុង និងក្រៅប្រទេសជាពិសេសវិនិយោគិនចិន ខណៈព្រលានយន្តហោះអន្តរជាតិតារាសាគរ គ្រោងនឹងដំណើរការហោះហើរឆាប់ៗ ហើយវានឹងនាំភ្ញៀវទេសចរបរទេស និងវិនិយោគិនចិនជាច្រើនទៀតចូលមកបណ្ដាក់ទុនវិនិយោគក្នុងខេត្តមួយនេះផងដែរ។

កោះកុងក៏គ្រោងនឹងសាងសង់កំពង់ផែ តភ្ជាប់ពីកំពង់ផែក្រុងព្រះសីហនុ ដែលអាចធ្វើឱ្យទំនាក់ទំនងរវាងខេត្តទាំងពីរនេះ កាន់តែជិតនិងប្រើពេលវេលាខ្លីជាងមុន ហើយភ្ញៀវទេសចរនៃខេត្តទាំងពីរអាចចេញចូលលឿនរហ័ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here