អ្នកជំនាញៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលជួយទប់ការធ្លាក់ចុះ វិស័យអចលនទ្រព្យ

0

ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញជាតិ អន្តរជាតិបានលើកឡើងថា ការអភិវឌ្ឍន៍ហេដ្ឋារចនាស  ម្ព័ន្ឋរបស់រដ្ឋាភិបាល បានជួយទប់ការធ្លាក់ចុះវិស័យអចលនទ្រព្យ និងធ្វើឲ្យមានសកម្ម​ភាពការអភិវឌ្ឈច្រើននៅជុំវិញតំបន់នោះ។

លោកយក់ សុធីរិទ្ឋនាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនWorldbridge Homeបានមានប្រសាសន៍ក្នុងវេទិកាRainmaking Cambodiaនារសៀលថ្ងៃទី២៥ ឧសភានេះថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋជាច្រើនរបស់រដ្ឋាភិបាល ដូចជាព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ព្រលានយន្តហោះថ្មីក្រុងភ្នំពេញ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ការពង្រីកព្រលានយន្តហោះខេត្តព្រះសីហនុ និងការកសាងផ្លូវក្រវ៉ាត់ក្រុងទី៣បានជួយធ្វើឲ្យវិស័យអចលនទ្រព្យមានភាពរីកចម្រើន។

លោកបន្តថា “ហេដ្ឋារចនាសម្ព័ន្ឋទាំងនេះ ពិសេសតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែល​សាងសង់បានប្រមាណ៥០ភាគរយ បាននិងកំពុងទាក់ទាញគំរោងអភិវឌ្ឍន៍លំនៅដ្ឋាន តំបន់ឧស្សាហកម្មជាច្រើននៅជុំវិញតំបន់នោះ”។ លោកបន្តថា “វាជួយធ្វើឲ្យវិស័យនេះមានភាពរីកចម្រើន និងជួយជំរុញកំនើនសេដ្ឋកិច្ចផងដែរ”។

ជាមួយគ្នានេះ លោកយិន លាងគង់សហស្ថាបនិកគេហទំព័រPropertyarea.asia និងCambodiafinancialtimes.com ដែលបានតាមដានដំណើរវិវត្តន៍ក្នុងវិស័យនេះបានលើកឡើងផងដែរថា ការរីកចម្រើន ពិសេសការវិនិយោគដ៏ច្រើនរបស់រដ្ឋាភិបាល លើហេដ្ឋារចនាសម្ព័ន្ឋ បានធ្វើឲ្យតំបន់អភិវឌ្ឍន៍នោះមានភាពរីកចម្រើនលឿន ពិសេសធ្វើឲ្យតម្លៃដីធ្លីកើនឡើងលើសពីទ្វេរដង ដែលការកើនឡើងតម្លៃដីធ្លីនេះ មានចំណុចវិជ្ជមានផង និងអវិជ្ជមានផង។

វិជ្ជមានត្រង់ថា ធ្វើឲ្យប្រជាពលរដ្ឋនៅមូលដ្ឋាន និងអ្នកវិនិយោគដីធ្លីទទួលបានផលចំណេញច្រើន​ ប៉ុន្តែចំណុចអវិជ្ជមានក៏ធ្វើឲ្យប៉ះពាល់ ដល់គំរោងអភិវឌ្ឍន៍មួយចំនួនផងដែរ ពិសេសអ្នកវិនិយោគដែលមានធនធានមានកម្រិត មិនអាចចាប់ផ្តើមអភិវឌ្ឍន៍គំរោងរបស់ខ្លួនបាន។

លោកយិន លាងគង់បានបន្តថា “នៅកម្ពុជាហេដ្ឋារចនាសម្ព័ន្ឋ បានបង្កើនតម្លៃ និងបង្កើតតម្លៃបន្ថែមផ្នែកសេដ្ឋកិច្ចដ៏មានសក្តានុពល ព្រោះឲ្យតែហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ឬពង្រីកទៅដល់តំបន់ណា តំបន់នោះតែងតែមានការអភិវឌ្ឍលឿន តម្លៃដីធ្លីហក់ឡើងផងដែរ”។

ជាមួយគ្នានេះ លោកRose Wheble នាយកប្រចាំប្រទេសនៃក្រុមហ៊ុនKnight FranK Cambodiaបានលើកឡើងពីផលប៉ះពាល់ជាច្រើន ក្នុងវិស័យអចលនទ្រព្យកម្ពុជា ដោយសារវិបត្តិកូវីដ១៩ ប៉ុន្តែការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល បានជួយលើកកំពស់ការរីកចម្រើនក្នុងវិស័យនេះ។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​លនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ពិតហើយនៅកម្ពុជាហេដ្ឋារចនាសម្ព័ន្ឋ បានជួយធ្វើឲ្យមានសន្ទុះនៃការអភិវឌ្ឍ និងវិនិយោគលើវិស័យអចលនទ្រព្យ ជាក់ស្តែងតំបន់អភិវឌ្ឍ​គំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗ នៅតែមានសកម្មភាពទិញលក់អចលនទ្រព្យច្រើន បើទោះបីកម្ពុជាជួបវិបត្តិកូវីដ១៩ក្តី។

លោកបន្តថា “តំបន់ជាយក្រុងភ្នំពេញនៅតែមានការរីកចម្រើន និងទិញលក់ច្រើន ដោយសារការពង្រីកទីក្រុងនៅតែបន្ត ការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋធំៗរបស់រដ្ឋាភិបាល និងវិស័យឯកជន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here