ដោយៈរតនៈ
ភ្នំពេញៈ តម្លៃដីនៅក្នុងឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល ដែលបានស្ថិតនៅក្បែរគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ បានឡើងថ្លៃគុណនឹង៤ បន្ទាប់ពីមានការសិក្សាគម្រោងធ្វើស្ពានឆ្លងទៅកាន់តំបន់នេះ។
មេឃុំកោះខ្សាច់ទន្លា លោក សេង មិន្ទរ៍ បានប្រាប់Propertyarea កាលពីថ្ងៃទី ២៥ ខែ ឧសភាថា ភាគីពាក់ព័ន្ធបានចុះមកសិក្សា គម្រោងធ្វើស្ពានឆ្លងពីផ្លូវលេខ២១ មកឃុំកោះខ្សាច់ទន្លានេះ៣ ទៅ៤ដងរួចមកហើយ តែទោះជាយ៉ាងណាមិនទាន់មានដំណឹងថានឹងធ្វើស្ពាននេះនៅចន្លោះកន្លែងណាឡើយ។
លោកបន្តថា បន្ទាប់ពីមានការសិក្សាគម្រោងសាងសង់ស្ពាននេះ គឺមានឈ្មួញមក រកទិញដីនៅក្នុងឃុំកោះខ្សាច់ទន្លានេះ ដែលធ្វើឲ្យតម្លៃដីហាក់កើនឡើងជាបន្តបន្ទាប់ ក្នុងនោះលោកឲ្យដឹងថា តម្លៃដីគឺតាមប្រភេទ ព្រោះមានដីខ្លះជាប់ថ្នល់ដីខ្លះជាដីចំការ និងដី ខ្លះនៅមានព្រៃច្រើននៅឡើយ។ លោកបន្ថែមថា ក្នុងរយៈពេលចុងក្រោយនេះ តម្លៃដីហាក់ឡើងគួរឲ្យកត់សម្គាល់ ពោលគឺដីជាប់មាត់ទន្លេ និងដីជាប់ថ្នល់បេតុងមានតម្លៃចន្លោះពី ៣០ទៅ៤០ដុល្លាសហរដ្ឋអាមេរិកក្នុង១ម៉ែត្រការ៉េ។ ចំណែកដីចំការ ឬដីព្រៃតម្លៃចន្លោះពី១០ ទៅ២០ដុល្លាសហរដ្ឋអាមេរិកក្នុង១ម៉ែត្រការ៉េ។
ជាមួយគ្នានេះ លោកឆម ចំរើនអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានមានប្រសាសន៍ថា ដីនៅតំបន់កោះគឺមានសក្ដានុពលលើវិស័យដំណាំ និងផ្ទះលំហែដែលធ្វើឲ្យដីនៅតំបន់នោះ តម្លៃហាក់កើនឡើងលឿន។
លោកបន្តថា តែទោះជាយ៉ាងណាដីនៅតំបន់កោះ មានឧបសគ្គមួយគឺការធ្វើដំណើរ ព្រោះត្រូវឆ្លងដរ។ ដូចនេះប្រសិនបើតំបន់កោះណា ដែលមានគម្រោងធ្វើស្ពានភ្ជាប់ គឺបានសម្រួលដល់ឧបសគ្គផ្នែកធ្វើដំណើរនោះ ទន្ទឹមនឹងនោះតម្លៃដីកាន់តែឡើងខ្ពស់។
ឃុំកោះខ្សាច់ទន្លាមានចំងាយប្រមាណជាង២០គីឡូម៉ែត្រ ពីរង្វង់មូលក្រុងតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ស្ថិតនៅតាមផ្លូវលេខ២១ ដោយត្រូវឆ្លងកំពង់ដរផងដែរ។ ឃុំដែលនៅលើកោះមួយនេះ៥ភូមិ។
ស្ថាបនិកនិងជានាយកក្រុមហ៊ុនKey Real Estate លោកសន សៀបបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា តម្លៃដីនៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ តំបន់អភិវឌ្ឍន៍ដទៃទៀត ពិសេសផ្លូវជាតិលេខ៤១ និង៥១ ទោះបីមានបញ្ហាជំងឺកូវីដ១៩ក្តី ប៉ុន្តែដីនៅតំបន់ទាំងនេះនៅតែមានតម្រូវការច្រើន ហើយតម្លៃនៅតែកើនឡើង ទោះបីដីនៅតំបន់ខ្លះធ្លាក់ចុះ និងស្ថិតក្នុងសភាពទ្រឹងក្តី៕