ក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំរបស់កូរ៉េបង្ហាញពីបំណងវិនិយោគនៅកម្ពុជានិងបណ្តាប្រទេសអាស៊ានដទៃទៀត

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនLS ELECTRIC របស់កូរ៉េខាងត្បូងបានអញ្ជើញឯកអគ្គរដ្ឋទូតមកពីប្រទេសអាស៊ាន ដើម្បីបង្ហាញពីបច្ចេកវិទ្យារោងចក្រឆ្លាតវៃរបស់ខ្លួន និងពិចារណាវិធីដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន និងចូលរួមក្នុងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ជាមួយបណ្តាប្រទេសប្រទេសអាស៊ាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Korea Times កាលពីម្សិលមិញ។

ក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុន កាលថ្ងៃអង្គារ បានអញ្ជើញឯកអគ្គរដ្ឋទូតអាស៊ានចំនួន១០រូប ទៅធ្វើទស្សកិច្ចរោងចក្ររបស់ខ្លួននៅទីក្រុង Cheongju ភាគខាងជើងខេត្ត Chungcheong ដែលជារោងចក្រឆ្លាតលំដាប់ធំមួយរបស់ប្រទេស ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងអាជីវកម្មនៅក្នុងតំបន់អាស៊ាន។
អាស៊ានមានសមាជិកអាស៊ានទាំង១០ រួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ដំណើរទស្សនកិច្ចរោងចក្រនេះរវាងក្រុមហ៊ុន និងឯកអគ្គរដ្ឋទូតអាស៊ាន បានធ្វើឡើងដើម្បីជួយរិះរកមធ្យោបាយ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទៅវិញទៅមក។

លោក Koo Ja-kyun ប្រធានរបស់ក្រុមហ៊ុន LS Electric បានឱ្យដឹងថា តាមរយៈការធ្វើសមាហរណកម្មបច្ចេកវិទ្យា និងស្វ័យប្រវត្តិកម្មវាអនុញ្ញាតឱ្យផលិតកម្ម ទ្រង់ទ្រាយធំ ឬផលិតកម្មច្រើន ប៉ុន្តែក៏មានសមត្ថភាពធ្វើការផលិត ដែលអាចបត់បែនបានតាមតម្រូវការផងដែរ។

លោកបានបន្តថា “យើងចង់ឲ្យប្រព័ន្ធប្រព័ន្ធបច្ចេកវិទ្យា រោងចក្រឆ្លាតវៃពង្រីកដល់បណ្តាប្រទេសអាស៊ាន”។

បើតាមការបញ្ជាក់របស់លោកប្រធានក្រុមហ៊ុន LS Electric ក្រោយពីរោងចក្រនេះត្រូវបានបង្កើតឱ្យដំណើរការតាមប្រព័ន្ធវ័យឆ្លាត ពេលវេលាផលិតកម្មរបស់គ្រឿងម៉ាស៊ីនត្រូវកាត់បន្ថយដល់ពាក់កណ្តាល ហើយផលិតកម្មកើនឡើងរហូតដល់៦០% រីឯការប្រើប្រាស់ថាមពលក្នុងផលិតកម្មថយចុះ៦០% ហើយអត្រាផលិតផល ដែលមានការខូចខាតក្នុងដំណើរការផលិត កាត់បន្ថយមកនៅត្រឹមតែ៧ឯកតាប៉ុណ្ណោះ ក្នុង១លានឯកតាផលិត។ លទ្ធផលដូចនេះបញ្ជាក់ថា ការតម្លើងរោងចក្របែបឆ្លាតវៃនេះ មានអត្ថប្រយោជន៍ដល់ទៅ៣ ប្រៀបបានទៅនឹងការបាញ់ព្រួញ១ត្រូវចាបដល់ទៅ៣ឯណោះ។

ក្រុមហ៊ុន LS Electric នេះជាក្រុមហ៊ុន និងរោងចក្រមួយក្នុងចំណោមរោងចក្រមួយចំនួនតូចប៉ុណ្ណោះ ក្នុងប្រទេសកូរ៉េខាងត្បូង ដែលដំណើរការតាមប្រព័ន្ធបច្ចេកវិទ្យាវ័យឆា្លត ហើយដែលកន្លងមកតាំងពីឆ្នាំ២០១១ បានបោះទុនវិនិយោគដល់ទៅ ២០ប៊ីលានវ៉ុន ដើម្បីបង្កើតជាខ្សែផលិតកម្មបែបវ័យឆ្លាតនេះ។

រោងចក្ររបស់ក្រុមហ៊ុន LS Electric នេះផលិតនូវឧបករណ៍បំបែកសៀគ្វី និងកុង តាក់ភ្លើង ហើយមានទំហំផលិតកម្មប្រចាំឆ្នាំដល់ទៅ២.៦លានគ្រឿងឯណោះ ដែលឧបករណ៍ទាំងនេះ អាចប្រើប្រាស់បានសម្រាប់ជាមុខងារ ប្រព័ន្ធបច្ចេកវិទ្យាតម្លើងរោងចក្រ និងក៏ដូចជា ឧបករណ៍ដទៃទៀត ដែលពឹងផ្អែកលើប្រព័ន្ធបច្ចេកវិទ្យាទំនើប ដូចជា Cyber Physical System (CPS), ប្រព័ន្ធ Internet of Things (IoT) និងប្រព័ន្ធ Internet of Service (IoS) ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here