ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ លោក Ren Zhengfei អគ្គនាយក និងជាស្ថាបនិកក្រុមហ៊ុនHuawei ដែលជាក្រុមហ៊ុនលំដាប់យក្សរបស់ចិន បានអំពាវនាវឲ្យមានការជំរុញអស់ពីសមត្ថភាព ដើម្បីកាត់បន្ថយការរងសំពាធពីអាមេរិក។
កំណត់ហេតុផ្ទៃក្នុង ដែលត្រូវបានមើលឃើញកាលពីថ្ងៃអង្គារបានឲ្យដឹងថា ប្រធានក្រុមហ៊ុនយក្សទូរគមនាគមន៍ Huawei របស់ប្រទេសចិន បានអំពាវនាវឲ្យមានការជំរុញឲ្យអស់ពីសមត្ថភាពដែលអាចធ្វើទៅបានទៅក្នុងសូហ្វវែរជាផ្នែកមួយនៃការបង្កើនល្បឿនការធ្វើពិពិធកម្មផលិតកម្ម សំដៅដោះស្រាយការដាក់ទណ្ឌកម្មរបស់អាមេរិក។
អគ្គនាយក និងជាស្ថាបនិកក្រុមហ៊ុនHuawei លោកRen Zhengfeiបានប្រាប់ទៅក្រុមនិយោជករបស់ខ្លួនថា “ដោយសារតែនៅក្នុងវិស័យសូហ្វវែរ អាមេរិកនឹងគ្រប់គ្រងតិចតួចបំផុត ជុំវិញការអភិវឌ្ឍនៅពេលអនាគតរបស់យើង ហើយយើងមានស្វ័យភាពច្រើន”។
សេចក្ដីណែនាំរបស់លោក Ren ដែលមានអាយុ៧៦ឆ្នាំរូបនេះ បង្ហាញសញ្ញាចុងក្រោយបំផុត នៃការផ្ដោតការយកចិត្តទុកដាក់ជាយុទ្ធសាស្ដ្រដ៏សំខាន់ ដែលបណ្ដាលមកពីសម្ពាធពីអាមេរិក ដែលមើលឃើញក្រុមហ៊ុន Huawei ថា ជាការគំរាមកំហែងសន្ដិសុខដែលអាចកើតមាន។
កាលពីខែមេសា ក្រុមហ៊ុន Huawei បានប្រកាសផែនការក្នុងការធ្វើការងារជាមួយក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន ដើម្បីផលិតរថយន្តវៃឆ្លាត និងបានប្ដេជ្ញាចិត្តថា នឹងបង្កើនការអភិវឌ្ឍប្រព័ន្ធ ប្រតិបត្តិការទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន បន្ទាប់ពីត្រូវបានកាត់ផ្ដាច់ចេញពីកម្មវិធី Android របស់ក្រុមហ៊ុន Google ដោយការទប់ស្កាត់របស់អាមេរិក។
ក្រុមហ៊ុន Huawei កាលពីថ្ងៃអង្គារបានបង្ហាញការផ្សព្វផ្សាយ លើការណែនាំខ្លីដាច់ដោយឡែកមួយ នៅលើបណ្ដាញសង្គម ដែលចង្អុលបង្ហាញថា ប្រព័ន្ធប្រតិបត្តិការដែលហៅថា HarmonyOS នឹងត្រូវដាក់ឲ្យដំណើរការទូទាំងពិភពលោក នៅថ្ងៃទី ២ ខែមិថុនា។
ជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍បណ្ដាញ ទូរគមនាគមន៍ឈានមុខគេរបស់ពិភពលោកមួយនេះ ពេលថ្មីៗនេះជាក្រុមហ៊ុនផ្គត់ផ្គង់ទូរស័ព្ទស្មាតហ្វូន ឈានមុខគេទី៣ រួមជាមួយនឹងក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung ក្រុមហ៊ុនHuawei បានប្រកាសកាលពីមុន អំពីការធ្វើពិពិធកម្មទៅក្នុងសហគ្រាស និងខ្លោដកុំព្យូទ័រ និងបណ្ដាញអាជីវកម្មដែលជាប់ទាក់ទងនឹងការមកដល់នៃបណ្ដាញ 5G ។
ក្រុមហ៊ុនមួយនេះបានលក់ Honor ជាយីហោទូរស័ព្ទស្មាតហ្វូនតម្លៃទាប របស់ខ្លួនកាលពីចុងឆ្នាំមុន ប៉ុន្តែបានប្ដេជ្ញាចិត្តថា នឹងរក្សាផលិតផលទូរស័ព្ទស្មាតហ្វូនទំនើបរបស់ខ្លួន៕