ក្រុមហ៊ុនស្វ៊ីសយកកម្ពុជានិងប្រទេសមួយចំនួនជាទិសវិនិយោគលើវិស័យ ថាមពលកកើតឡើងវិញ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិហេដ្ឋារចនាសម្ព័ន្ធស្វ៊ីស SUSI Partners ប្រមូលទុនវិនិយោគបាន៨១លានដុល្លារ ដើម្បីធ្វើការវិនិយោគលើវិស័យថាមពលកកើតឡើងវិញ ដែលកំពុងមានការរីកចម្រើន យ៉ាងឆាប់រហ័សនៅអាស៊ីអាគ្នេយ៍ ខណៈទិសដៅវិនិយោគរបស់ខ្លួនរួមមានកម្ពុជា និងបណ្តាប្រទេសចំនួន៥ទៀត។ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន PV Tech។

លោក Marius Dorfmeister នាយកប្រតិបត្តិរបស់ SUSI Partners បានថ្លែងថា ក្រុមហ៊ុន SUSI Partners បានប្រកាសនៅថ្ងៃទី២៦ ខែឧសភាកន្លងមកថា ខ្លួនបានប្រមូលទុនវិនិយោគចំនួន៨១លានដុល្លារអាមេរិក នៅក្នុងការបិទលើកដំបូង នៃមូលនិធិផ្លាស់ប្តូរថាមពលអាស៊ី (SAETF) ដែលត្រូវបានបង្កើតឡើង ដើម្បីពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធថាមពល ប្រកបដោយចីរភាពនៅក្នុងតំបន់ ដែលជាកត្តាសំខាន់ កត្តាក្នុងការសម្រេចបាន នូវគោលដៅអាកាសធាតុសកលលោក។

មូលនិធិ SAETF នឹងត្រូវបានប្រើដើម្បីវិនិយោគ ក្នុងការផលិតថាមពលស្អាត ប្រសិទ្ធភាពថាមពលការផ្ទុកថាមពល និងបណ្តាញខ្សែចែកចាញ។ វិនិយោគិនបានចាត់ទុកប្រទេសឥណ្ឌូនេស៊ី ថៃវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី កម្ពុជា និងឡាវជាទិសដៅអាទិភាពសម្រាប់ការវិនិយោគរបស់ខ្លួន។

លោកបានបន្តថា “គោលដៅចុងក្រោយរបស់ក្រុមហ៊ុន ប្រមូលមូលនិធិឱ្យបាន២៥០លានដុល្លារ ក្នុងការបង្កើនការវិនិយោគលើវិស័យថាមពលនេះ”។

ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ទទួលបានការវិនិយោគ ពីធនាគារនានានៅក្នុងពិភពលោកជាបន្ត បន្ទាប់ រួមមាន ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ធនាគារអភិវឌ្ឍន៍ហូឡង់ FMO និងស្ថាប័នហិរញ្ញវត្ថុណ័រឌីស Norfund និង Swedfund ក៏ដូចជាវិនិយោគិនស្ថាប័ន ដែលមានការិយាល័យកណ្តាល នៅប្រទេសអាល្លឺម៉ង់ និងសិង្ហបុរី។

លោក Marco van Daele សហនាយកប្រតិបត្តិបានមានប្រសាសន៍ថា ការបញ្ជូនថាមពលមិនប៉ះពាល់បរិស្ថាន និងថាមពលថ្មី ជាគោលដៅរបស់រដ្ឋាភិបាលនានា ហើយជាលទ្ធផលនៃការវិនិយោគ លើប្រព័ន្ធថាមពលថ្មីធ្វើឱ្យអាស៊ីអាគ្នេយ៍ ក្លាយជាទីផ្សារទាក់ទាញសម្រាប់វិនិយោគិន។

លោកបានមានប្រសាសន៍ថា “អាជីវកម្មរបស់SUSI នៅក្នុងប្រទេសសិង្ហបុរី នឹងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន និងអនុញ្ញាតឱ្យពង្រីកបន្ថែមទៀតទៅក្នុងទីផ្សារ ដែលមានកំណើនខ្ពស់នៅអាស៊ី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here