ដោយៈ ប៊ី
ភ្នំពេញៈ តំបន់ Greater Bay Area ដែលរួមបញ្ចូលខេត្តហ្គ័ងដុង (Guangdong) ហុងកុង និងម៉ាកាវរបស់មហាយក្សចិន បានបើកដំណើរការ នូវខ្សែរថភ្លើងដឹកទំនិញលើកដំបូងទៅកាន់បណ្តាប្រទេសអាស៊ាន កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ECNS របស់ចិននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។
រថភ្លើងដឹកទំនិញមួយខ្សែ ដែលផ្ទុកទំនិញមានតម្លៃប្រហែល៩៤,៤០០ដុល្លារបានចាកចេញពីទីក្រុងក្វាងចូវ (Guangzhou) នៃខេត្តហ្គ័ងដុង ប្រទេសចិនកាលពីថ្ងៃអង្គារ ហើយរថភ្លើងនេះ នឹងចំណាយពេលប្រហែល៤ថ្ងៃ ដើម្បីទៅដល់គោលដៅរបស់ខ្លួន គឺទីក្រុងហាណូយ ប្រទេសវៀតណាម។
ក្រុមហ៊ុនSinotrans Ltd ដែលជាប្រតិបត្តិករផ្លូវដែកមួយ បានចាត់ទុកសេវាកម្មរថភ្លើងដឹកទំនិញអន្តរជាតិ ជាបណ្តាញដ៏សំខាន់ ដើម្បីធានាបាននូវប្រតិបត្ដិការរលូន នៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ក្នុងកំឡុងពេលមានជំងឺរាតត្បាតរ៉ាំរ៉ៃ។
នៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុននេះ បានដឹករថភ្លើងដឹកទំនិញចំនួន១.៥៨០លើក ដោយដឹកទំនិញបានចំនួន១៥៧,០០០TEU ដែលបរិមាណទំនិញកើនឡើង២៣ភាគរយ។
ក្រុមហ៊ុនបានឱ្យដឹងថា ដោយវាជាផ្លូវដឹកទំនិញលើកដំបូង រវាងតំបន់ទាំងពីរ សេវាកម្មថ្មីនេះ ក៏ត្រូវបានរំពឹងថានឹងជម្រុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់នៃបណ្តាប្រទេសក្នុងតំបន់ តាមបណ្តោយគម្រោងខ្សែក្រវាត់ និងផ្លូវផងដែរ៕