ដោយៈ ប៊ី
ភ្នំពេញៈ រដ្ឋាភិបាល តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលចំណូលបានជាង២,៤៨៩ប៊ីលានរៀល ស្មើប្រមាណជាង៦១៤លានដុល្លារអាមេរិក ក្នុងត្រីមាសទី១ ឆ្នាំ២០២១ ដោយសម្រេចបាន២៦% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
យើងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំខែ មីនា និងត្រីមាសទី១ ឆ្នាំ២០២១ នាសប្តាហ៍កន្លងមកនេះ បានឱ្យដឹងថា ក្នុងនោះចំពោះការប្រមូលចំណូលនៅក្នុងខែ មីនា ឆ្នាំ២០២១ គយ និងរដ្ឋាករ ប្រមូលចំណូលបានប្រមាណជាង៨៥៥ប៊ីលានរៀល ស្មើជាង២១១លានដុល្លារអាមេរិក ថយចុះប្រមាណជាង៤ % បើធៀបនឹងខែមីនា ឆ្នាំ២០២០។
ជាមួយគ្នានេះដែរ ចំណូលប្រមូលបានក្នុងត្រីមាសទី១ ឆ្នាំ២០២១ គយ និងរដ្ឋាករ អនុវត្តន៍បានជិត២,៥០០ ប៊ីលានរៀល ស្មើជាង៦១៤លានដុល្លារអាមេរិក ថយចុះប្រមាណជាង ១៥% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០ ។
តាមរយៈចំណូលប្រចាំត្រីមាសទី១ នេះដែរ បើគិតតាមប្រភេទពន្ធ និងអាករ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួនជាង៩៣០ប៊ីលានរៀល ត្រូវប្រមាណជា៣៧% នៃចំណូលសរុប អាករពិសេស៩៥៨ប៊ីលានរៀល ត្រូវជាង៣៨ % នៃចំណូលសរុប ពន្ធគយមានចំនួនជាង៤៤៣ប៊ីលានរៀល ជិត១៧ % នៃចំណូលសរុប អាករបន្ថែមលើផលិតផលប្រេងជាង១០៦ប៊ីលានរៀល ត្រូវជាង៤ % នៃចំណូលសរុប និងអាករនាំចេញ និងកម្រៃផ្សេងៗមានចំនួន៥១ប៊ីលានរៀល ត្រូវ២% នៃចំណូលសរុបផងដែរ។
ជាមួយគ្នានេះ ចំណូលនេះ បើគិតតាមប្រភេទទំនិញ ក្នុងនោះចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួនជាង១,០៨៣ប៊ីលានរៀល គ្របដណ្តប់៤៣% នៃចំណូលសរុប ទំនិញចម្រុះមាន៦៨២ប៊ីលានរៀល ត្រូវជាង២៧%នៃចំណូលសរុប ផលិតផលតេលសិលាមានចំនួនជាង៥៦៨ប៊ីលានរៀល ជិត២៣% នៃចំណូលសរុប និងសម្ភារសំណង់រួមជាមួយកម្រៃផ្សេងៗ មានចំនួនជិត១៥៦ប៊ីលានរៀល ស្មើជាង៦% នៃចំណូលសរុបផងដែរ ។
ទាក់ទងនឹងទំហំពាណិជ្ជកម្មអន្តរជាតិ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១ បើតាមតួលេខបណ្ដោះអាសន្នរបស់គយ និងរដ្ឋាករ ក្នុងនោះការនាំចេញផលិតផលកាត់ដេរមានចំនួនជាង២,៥២៧លានដុល្លារអាមេរិក ថយចុះជាង១៤៥លានដុល្លារអាមេរិក ស្មើជាង៥% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០។ ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មានចំនួនជាង៨៨៧លានដុល្លារអាមេរិក កើនឡើងប្រមាណជាង៣០០លានដុល្លារអាមេរិក ស្មើជាង៥២% កំណើនល្អប្រសើរនៃការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរនេះ បានឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្មនៅកម្ពុជា។
ចំណែកការនាំចេញកសិផលនៅក្នុងរយៈពេល៣ខែនេះដែរ សរុបមានចំនួនជាង១,០០០លានដុល្លារអាមេរិក កើនឡើងប្រមាណជាង៤១៨លានដុល្លារអាមេរិក ស្មើជាង៧០% ក្នុងនោះរួមមាន៖ ស្រូវនាំចេញមានតម្លៃជាង៣១៦លានដុល្លារអាមេរិក កើនឡើងប្រមាណជាង២០៨លានដុល្លារអាមេរិក ការនាំចេញអង្ករសម្រេចបានជាង១៥៥ពាន់តោន មានតម្លៃជាង១០៩លានដុល្លារអាមេរិក ថយចុះជាង៥៣ពាន់តោន ស្មើប្រមាណជាង៣៦លានដុល្លារអាមេរិក។
ចំពោះកៅស៊ូនាំចេញវិញ មានបរិមាណសរុបជិត៦២ពាន់តោន ត្រូវប្រមាណជាង៩៣លានដុល្លារអាមេរិក កើនឡើងជិត៣៩ពាន់តោន ស្មើប្រមាណជាង៦២លានដុល្លារអាមេរិក និងកសិផលផ្សេងទៀតមានចំនួនជាង២លានតោន មានតម្លៃជាង៤៩៥លានដុល្លារអាមេរិក កើនឡើងប្រមាណ៨៦៦ពាន់តោន ត្រូវជាង១៨៤លានដុល្លារអាមេរិក បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០៕