សុខុម
វ៉ាស៊ីនតោន/ប៉េកាំង- លោកស្រី Katherine Tai តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានលើកឡើងកាលពីថ្ងៃពុធ ទី២៦ ឧសភា ថា សហរដ្ឋអាមេរិក នៅតែប្រឈមមុខនឹង “បញ្ហាប្រឈមធំៗ” ក្នុងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួនជាមួយមហាយក្សចិន ដែលទាមទារឱ្យរដ្ឋការរបស់លោក ចូ បៃឌិន ផ្ដោតការយកចិត្តទុកដាក់ឱ្យបានខ្ពស់។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី២៧ ឧសភា នេះ។
លោកស្រីបាននិយាយជាមួយទីភ្នាក់ងារព័ត៌មាន Reuters ក្នុងបទសម្ភាសន៍មួយ មុនពេលចាប់ផ្ដើមកិច្ចសន្ទនាជាលើកដំបូងតាម Video Call ជាមួយលោក Liu He ឧបនាយករដ្ឋមន្ត្រីចិន ហើយក្នុងជំនួបនោះលោកស្រីបានលើកឡើងអំពី “ក្ដីកង្វល់នានា”។
ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) និយាយថា “អំឡុងកិច្ចសន្ទនាគ្នានោះ លោកស្រី Tai បានពិភាក្សាអំពីគោលការណ៍ណែនាំនៃគោលនយោបាយពាណិជ្ជកម្មផ្ដោតលើកម្មករនិយោជិតរបស់រដ្ឋការលោក ចូ បៃឌិន និងការបន្តពិនិត្យឡើងវិញរបស់លោកស្រីនូវទំនាក់ទំនងពាណិជ្ជកម្មសហរដ្ឋអាមេរិក-ចិន ហើយទន្ទឹមនេះក៏បានលើកឡើងពីក្ដីបារម្ភនានាផងដែរ”។
ក្រសួងពាណិជ្ជកម្មចិន បានចាត់ទុកកិច្ចពិភាក្សានេះថាជា “ការផ្លាស់ប្តូរយោបល់ប្រកបដោយភាពស្មោះត្រង់ មានហេតុផល និងមានលក្ខណៈស្ថាបនា”។ “ភាគីទាំងពីរចាត់ទុកថា ការអភិវឌ្ឍពាណិជ្ជកម្មទ្វេភាគីពិតជាមានសារៈសំខាន់ណាស់។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកលើបញ្ហាក្ដីបារម្ភនានា ហើយបានឯកភាពគ្នារក្សាទំនាក់ទំនង”។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ កាលពីខែមករា ឆ្នាំ២០២០ បន្ទាប់ពីផ្ទុះសង្គ្រាមពន្ធដាររយៈពេល២ឆ្នាំរវាងប្រទេសទាំង២ដែលសុទ្ធតែជាសេដ្ឋកិច្ចយក្សរបស់ពិភពលោក។
រដ្ឋការរបស់លោក ចូ បៃឌិន កំពុងធ្វើការពិនិត្យផ្ទៀងផ្ទាត់យ៉ាងទូលំទូលាយលើគោលនយោបាយពាណិជ្ជកម្មសហរដ្ឋអាមេរិក-ចិន មុនពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ផុតសុពលភាពនៅចុងឆ្នាំ២០២១។
លោកស្រី Katherine Tai ថ្លែងថា “បញ្ហាប្រឈមជារួមដែលយើងមានជាមួយប្រទេសចិន គឺនៅតែមានដដែល ហើយបញ្ហាប្រឈមទាំងនោះធំខ្លាំងណាស់”។
នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ខាងលើនេះតម្រូវឱ្យរដ្ឋាភិបាលក្រុងប៉េកាំង បង្កើនការទិញទំនិញកសិកម្ម ផលិតផលកែចនៃ ថាមពល និងសេវាកម្មរបស់សហរដ្ឋអាមេរិក ឱ្យបានច្រើន៕