IMF រំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៤,២ភាគរយនៅឆ្នាំនេះនិង៦ភាគរយនៅឆ្នាំ២០២២

0

ដោយៈ លក្ខិណា

ភ្នំពេញៈ មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF បានព្យាករនិងរំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានតាមការព្យាកររបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផ្សេងទៀត ដូចជាស្ថាប័នធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ដោយនឹងកើន៤,២ភាគរយ ក្នុងឆ្នាំ២០២១នេះ និង៦ភាគរយនៅក្នុងឆ្នាំក្រោយ។

ការព្យាកររបស់ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិមួយនេះធ្វើឡើងនៅក្នុងវេទិកានៃថ្នាក់ដឹកនាំធនាគារ លើកទី១ឆ្នាំ២០២១កាលពីពេលថ្មីនៗនេះតាមប្រព័ន្ធវីដេអូអនឡាញ។

យោងតាមបទបង្ហាញរបស់អ្នកតំណាង IMF ប្រចាំប្រទេសកម្ពុជា និងជាសេដ្ឋវិទូជាន់ខ្ពស់របស់ IMF លោក Yasuhisa Ojima បានថ្លែងថា IMF រំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើង៤,២ភាគរយនៅឆ្នាំនេះ និង៦ភាគរយនៅឆ្នាំ២០២២ បន្ទាប់ពីការធ្លាក់ចុះ៣,៥ភាគរយនៅឆ្នាំ២០២០។ ការព្យាករអំពីកំណើននឹងត្រូវបានពិនិត្យឡើងវិញ ដោយឆ្លុះបញ្ចាំងពីការកើនឡើងនៃការឆ្លងវីរុសកូវីដ១៩នាពេលថ្មីៗនេះ ជាពិសេសបន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។

លោក Ojima បានបន្ថែមទៀតថាវិស័យហិរញ្ញវត្ថុមើលទៅមានស្ថិរភាព ដោយសារតែវិធានការណ៍គោលនយោបាយជាមួយនឹងការបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុ រួមមាន (LPCO, ទុនបម្រុងកាតព្វកិច្ចទាប) និងអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ រហូតដល់ដំណាច់ឆ្នាំ២០២១។

លោកបានបន្តថា ប៉ុន្តែ ភាពមិនច្បាស់លាស់នៅតែមានចំពោះសេដ្ឋកិច្ច ជាពិសេសឥណទានទៅលើវិស័យអចលនទ្រព្យនិងសំណង់ ដែលឥណទានខ្លះមិនស្ថិតនៅក្នុងប្រព័ន្ធធនាគារ និងភាពមិនច្បាស់លាស់នៃវិស័យទេសចរណ៍។ ដរាបណាភាពមិនប្រាកដប្រជានៅតែមាន គោលនយោបាយកម្រិតនៃការរឹតត្បិតនៃការបែងចែកចាយដើមទុននឹងត្រូវបានធានាដោយហេតុផលប្រុងប្រយ័ត្នបំផុត។

លោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា ពេលវេលានៃការពិភាក្សានេះគឺចំពេលបំផុត នៃវិបត្តិសេដ្ឋកិច្ច ខណៈពេលដែលធនាគារជាតិនៃកម្ពុជាទើបតែបានពន្យារលើយន្តការនៃការធ្វើឥណទានរៀបចំឡើងវិញរបស់វិស័យធនាគារនិងហិរញ្ញវត្ថុរហូតដល់ចុងឆ្នាំ២០២១នេះ ដូច្នេះហើយ ស្ថាប័នហិរញ្ញវត្ថុទាំងអស់នៅតែចាំបាច់នូវការយល់ ថាតើសេដ្ឋកិច្ចកម្ពុជានឹងវិវត្តយ៉ាងដូចម្តេចក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

លោកបន្តថា ដោយសារតែអតិថិជននៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាច្រើនជួបប្រទះការលំបាកក្នុងការទូទាត់សងប្រាក់កម្ចី ហើយប្រហែល១២ភាគរយនៃឥណទានទាំងអស់ ត្រូវបានស្នើសុំររៀបចំឡើងវិញ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចគឺមានសារៈសំខាន់បំផុតសម្រាប់អតិថិជនដែលទទួលកម្ចីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here