សុខុម
សិង្ហបុរី: មហាសេដ្ឋី Kwek Leng Beng និងមហាសេដ្ឋី Wee Cho Yaw ស្ថិតក្នុងចំណោមមហាសេដ្ឋីអចលនទ្រព្យមានជាងគេបំផុតនៅប្រទេសសិង្ហបុរី ដែលកំពុងសម្រុកដេញថ្លៃជួលដីរដ្ឋដើម្បីក្ដោបក្ដាប់ទីផ្សារអចលនទ្រព្យ ខណៈតម្រូវការលំនៅដ្ឋានក្នុងរដ្ឋបុរី (ប្រទេសមានតែក្រុង) នេះកំពុងមានសន្ទុះកើនឡើង។ នេះបើយោងតាមទស្សនាវដ្ឋី Forbes ចុះផ្សាយកាលពីថ្ងៃទី២៦ ឧសភា។
ក្រុមហ៊ុន Wee’s UOL Group របស់លោក Wee Cho Yaw បានដាក់សំណើដេញថ្លៃខ្ពស់បំផុតរហូតដល់២៨៨,២លានដុល្លារអាមេរិក សម្រាប់ទីតាំងដីជួល៩៩ឆ្នាំសម្រាប់សង់លំនៅដ្ឋាននៅតំបន់ Ang Mo Kio ប្រទេសសិង្ហបុរី ភាគខាងជើង។ ការដេញថ្លៃរបស់ក្រុមហ៊ុន UOL Group នេះធ្វើឡើងដោយចាប់ដៃគូសហការជាមួយក្រុមហ៊ុន City Developments របស់លោក Kwek Leng Beng ក្រុមហ៊ុន MCL Land ព្រមទាំងការវិនិយោគរួមគ្នារវាងក្រុមហ៊ុនឯកជន Far East Organization ដែលគ្រប់គ្រងដោយមហាសេដ្ឋីពីរនាក់បងប្អូន Robert និង Phillip Ng និងក្រុមហ៊ុនជប៉ុន Sekisui House ផងដែរ។
យោងតាមអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងដែលគ្រប់គ្រងការដេញថ្លៃនេះឱ្យដឹងថា ទីតាំងដីខាងលើទាញបានការដេញថ្លៃសរុបចំនួន១៥។ ជាមួយនឹងផ្ទៃសរុប១២.៦៧៩ម៉ែត្រការ៉េ ទីតាំងនេះអាចអភិវឌ្ឍទៅជាអគារដែលមានផ្ទៃបាតសរុប៣១.៦៩៩ម៉ែត្រការ៉េ។
*ការដេញថ្លៃមួយទៀត
ទីតាំងលំនៅដ្ឋានរបស់រដ្ឋមួយកន្លែងផ្សេងទៀតនៅ Tengah Garden Walk ក្នុងតំបន់ Clementi បានទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីអ្នកដេញថ្លៃចំនួន៧នាក់។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍លំនៅដ្ឋានដែលគ្រប់គ្រងការដេញថ្លៃនោះ។ ក្រុមហ៊ុន Taurus Properties ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន City Developments និង MCL បានដាក់សំណើដេញថ្លៃខ្ពស់បំផុតចំនួន៣០២លានដុល្លារអាមេរិក។
ក្រុមហ៊ុន Taurus Properties បានចេញសេចក្តីថ្លែងការណ៍ថា ជាមួយនឹងផ្ទៃដីសរុប២២.០២០ម៉ែត្រការ៉េ ខ្លួនគ្រោងសាងសង់លំនៅដ្ឋានប្រមាណ៦២០យូនីតនៅលើទីតាំងដីជួល៩៩ឆ្នាំនៅតំបន់ Tengah Garden នេះ។
លោក Song Seng Wun អ្នកជំនាញសេដ្ឋកិច្ចនៅធនាគារឯកជន CIMB បានថ្លែងថា ចំណាប់អារម្មណ៍ខ្លាំងនៅក្នុងការដេញថ្លៃទីតាំងដីលំនៅដ្ឋានទាំងនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តលើសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី ដោយសារវិធានការស្ដារសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចនឹងទទួលបានកំណើនចន្លោះពី៤%ទៅ៦%ក្នុងឆ្នាំ២០២១នេះ។
ទំនុកចិត្តបែបនេះ បានជំរុញឱ្យមានការសម្រុកដេញថ្លៃជួលទីតាំងដីលំនៅដ្ឋានក្នុងប្រទេសនេះ។ កាលពីដើមខែនេះ ក្រុមហ៊ុន City Developments ដេញថ្លៃឈ្នះក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន៩ផ្សេងទៀតសម្រាប់ទីតាំងដីលំនៅដ្ឋាន និងពាណិជ្ជកម្មចម្រុះគ្នានៅតាមបណ្ដោយផ្លូវ Northumberland Road ក្នុងប្រទេសនេះ៕