អ្នកជំនាញៈ ផ្លូវ២០០៤កំពុងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ផ្លូវ២០០៤ ដែលភាគច្រើនគេថាផ្លូវ ម៉ៃដា និងបំបែកចេញពីផ្លូវ២៧១ ទៅដល់ព្រលានយន្តហោះ នឹងក្លាយជាតំបន់អភិវឌ្ឍន៍ចម្រុះ ខណៈខណៈការអភិវឌ្ឍលំនៅដ្ឋាន និងការអភិវឌ្ឍន៍អចលនទ្រព្យផ្សេងៗ បានចាប់ផ្តើមអភិវឌ្ឍន៍ទៅតាមផ្លូវសំខាន់មួយនេះ។

លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនអ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បានថ្លែងប្រាប់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ផ្លូវ២០០៤ ដែលភាគច្រើនគេថាផ្លូវ ម៉ៃដា និងបំបែកចេញពីផ្លូវ២៧១ ទៅដល់ព្រលានយន្តហោះ នឹងក្លាយជាតំបន់អភិវឌ្ឍន៍ចម្រុះ ខណៈតំបន់នេះចាប់ផ្តើមមានការអភិវឌ្ឍបែបចម្រុះរាប់ចាប់តាំងពីលំនៅដ្ឋាន រហូតដល់អាគារពាណិជ្ជកម្ម និងខុនដូជាដើម។

លោកបានបន្តថា តំបន់នេះភាគច្រើនសម្បូរដោយការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ប្រជានមានកម្រិតមធ្យមឡើងទៅ ដោយសារតែជាក់ស្តែងតម្លៃអចលនទ្រព្យនៅតាមបណ្តោយផ្លូវនេះមានតម្លៃខ្ពស់គួរសម ហើយទម្រង់នៃការអភិវឌ្ឍន៍ក្នុងតំបន់នេះគឺផ្តោតលើការអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតមធ្យមឡើងទៅ។

លោកបានឱ្យដឹងទៀតថា ដីនៅតាមបណ្តោយផ្លូវ២០០៤នេះ មានទំហំធំៗសម្រាប់ការអភិវឌ្ឍ ហើយសម្រាប់អ្នកអភិវឌ្ឍន៍ គឺគាត់ចង់បានធំៗសម្រាប់ការអភិវឌ្ឍគម្រោងរបស់ពួកគាត់

រយៈពេល២ ឬ៣ឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធចាប់ផ្តើមមានប្រសើរឡើងជាបណ្តើរៗ ដែលជាផ្នែកមួយ ក្នុងការទាក់ទាញអ្នកអភិវឌ្ឍន៍ និងវិនិយោគិន ចូលទៅវិនិយោគនៅតំបន់នេះ ខណៈផ្លូវនេះមានការភ្ជាប់ទៅផ្លូវជាសំខាន់ៗជាច្រើន ដូចជាផ្លូវ២៧១ និងផ្លូវតភ្ជាប់ទៅព្រលានអន្តរជាតិភ្នំពេញជាដើម។

យោងតាមលោកប៉ូ អ៊ាវគង់ បានឱ្យដឹងថា បច្ចុប្បន្ន តម្លៃដីនៅក្នុងឡូតិ៍ធំៗ តាមបណ្តោយផ្លូវ២០០៤នេះមានតម្លៃចន្លោះពី១០០០ ទៅដល់១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃដីខ្នាតតូចៗ មានតម្លៃចាប់ពី២០០០ ទៅដល់ជាង៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកលំនៅដ្ឋាន (ផ្ទះល្វែង) វិញ មានតម្លៃចាប់ពី២៥ម៉ឺន ដល់៤០ម៉ឺនដុល្លារ។

តម្លៃដីនៅតាមដងផ្លូវ២០០៤ មានកើនឡើងខ្លាំងពេក សម្រាប់ការសាងសង់រោចចក្រសម្រាប់ជួល។ នេះបើយោងតាមរបាយការចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia។

ដូច្នេះ ទីតាំងឧស្សាហកម្មនៅតំបន់ត្រូវបានផ្លាស់ប្តូរទៅខាងក្រៅក្រុងវិញ ខណៈការអភិវឌ្ឍលំនៅដ្ឋាន និងការអភិវឌ្ឍន៍អចលនទ្រព្យផ្សេងៗ ត្រូវបានមើលឃើញថាបង្វែទិសទៅតាមផ្លូវសំខាន់មួយនេះវិញ។

កាលពីខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាល យកនាមរបស់សម្តេច គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជរាជវាំង ធ្វើជាឈ្មោះថ្មីនៃផ្លូវ២០០៤ ឬ ផ្លូវម៉ៃដា។ ឈ្មោះថ្មីនេះ ហៅជាផ្លូវការថា «មហាវិថី សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល»។ ប៉ុន្តែប្រជាជននៅតែទម្លាប់ហៅផ្លូវនេះ ផ្លូវ២០០៤។

ផ្លូវ២០០៤ មានទទឹង២០ម៉ែត្រ និងបណ្តោយប្រមាណ៤៤៥០ម៉ែត្រ ហើយស្ថិតក្នុងខណ្ឌសែនសុខនិងខណ្ឌពោធិ៍សែនជ័យ។ ផ្លូវ២០០៤ គឺមានចំណុចចាប់ពីមហាវិថីខេមរភូមិន្ទ ឬផ្លូវ២៧១ រហូតដល់ចំណុចមហាវិថីសហព័ន្ធរុស្ស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here