ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកវិភាគទីផ្សារបានមើលឃើញថា ការពង្រីកនិងស្តារឡើងវិញនូវផ្លូវជាតិលេខ២ បាននិងកំពុងធ្វើឲ្យមានភាពទាក់ទាញ ការវិនិយោគកាន់តែច្រើនពីអ្នកអភិវ ឌ្ឈន៍លំនៅដ្ឋាន និងតំបន់ឧស្សាហកម្មជាច្រើនទៀត។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការពង្រីកផ្លួវជាតិលេខ២ ដែលបច្ចុប្បន្នសម្រេចបានប្រមាណ៤០ភាគរយ កំពុងទាក់ទាញការវិនិយោគគំរោងលំនៅដ្ឋាន បុរី និងតំបន់ឧស្សាហកម្មជាច្រើនទៀតនាពេលអនាគត ដោយសារផ្លូវនេះបានតភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗ ដូចជាផ្លូវជាតិលេខ២ ផ្លូវក្រវ៉ាត់ក្រុងទី៣ជាដើម។
លោកបន្តថា “បច្ចុប្បន្នយើងឃើញមានបុរីជាច្រើនរួមហើយ កំពុងលេចរូបរាងនៅតាមផ្លូវជាតិលេខ២ ហេតុនេះពេលផ្លូវនេះស្ថាបនារួច វានឹងទាក់ទាញការវនិយោគបន្ថែមទៀត”។
បច្ចុប្បន្នបុរីពិភពលថ្មី បានបង្ហាញខ្លួនរួចហើយនៅតំបន់នេះ ខណៈបុរីកាំង ម៉េងបាននិងកំពុងសាងសង់ និងបុរីជាច្រើនទៀតបង្ហាញវត្តមានផងដែរ។ ចំណែកតំបន់ឧស្សាហកម្មលើផ្លូវនេះ ក៏មានចំនួនច្រើនផងដែរនាពេលអនាគត។
ជាមួយនឹងល្បឿននៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋ ដូចជាព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលសម្រេចបានជាង៥០ភាគរយ និងការពង្រីកហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត បាននិងកំពុងធ្វើឲ្យតម្លៃដីនៅជាយក្រុងភ្នំពេញកើនឡើងយ៉ាងគំហុក។
ជាមួយគ្នានេះ លោកសន សៀមស្ថាបនិក និងជានាយកក្រុមហ៊ុនKey Real Estate ដែលជាអ្នកឯកទេសវាយតម្លៃដីធ្លីបានឲ្យដឹងផងដែរថា តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងតំបន់អភិវឌ្ឍន៍មួយចំនួនទៀត នៅតែទាក់ទាញការទិញលក់ ហើយតម្លៃដីបានបន្តកើនឡើងក្នុងឆ្នាំនេះ បើទោះបីជាវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺកូវីដបន្តញាំញីក្តី។
លោកបន្តថា “ការអភិវឌ្ឈនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ បាននិងកំពុងដើរលឿន ជាមួយនឹងមហិច្ឆតាអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលកម្ពុជា”។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាធ្លាប់បានមានប្រសាសន៍ថា ផ្លូវជាតិលេខ២ ពិសេសខេត្តតាកែវមានសក្តានុពល និងស័ក្តសមជាតំបន់សំរាប់អភិវឌ្ឍវិស័យឧស្សាហកម្ម៕