ដោយៈ រតនៈ
ភ្នំពេញៈ វិបត្តិកូវីត១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច សង្គមកិច្ច និងការអភិវឌ្ឍជាច្រើនមែន តែទោះជាយ៉ាងណាវិបត្តិមួយនេះ បានបង្រៀនប្រជាពលរដ្ឋខ្មែរឱ្យចេះរស់នៅតាមបែបសម័យទំនើប ដោយប្រើប្រាស់បច្ចេកវិទ្យា ខណៈវិស័យអចលនទ្រព្យក៏បាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាដើម្បីបម្រើឱ្យវិស័យខ្លួនផងដែរ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ គេហទំព័រ Propertyarea កាលពីថ្ងៃទី២៧ ខែឧសភានេះលោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលហៅកាត់ (GRA) មានប្រសាសន៍ថា មកដល់ពេលនេះអាជីវកម្មប្រមាណ៨០ភាគរយបានបើកដំណើរការឡើងវិញ ប៉ុន្តែអាជីវកម្ម២០ភាគរយផ្សេងទៀតគឹបានបិទទ្វា។
លោកបន្តថា ក្នុងអំឡុងពេលការបិទខ្ទប់ក៏ដូចជាមុននោះ ក៏រងផលប៉ះពាល់ដោយសារវិបត្តិកូវីត១៩រាតត្បាតនៅកម្ពុជា។ ទោះជាយ៉ាងណាលោកថា អាជីវកម្មដែលនៅឈរជើងបាន គឺបង្ហាញពីភាពរឹងមាំរបស់ខ្លួនដោយប្រើយុទ្ធសាស្ត្រផ្សេងៗ។
លោកបានបន្តថា ពីដើមមកគឺការប្រាស្រ័យទាក់ទងគ្នា មិនថាតែការទាក់ទងគ្នាឯកជន ឬក៏ការរកស៊ីអ្វីនោះទេ ប្រជាពលរដ្ឋខ្មែរចូលចិត្តទាក់ទងគ្នា ដោយជួបផ្ទាល់នៅកន្លែងណាមួយ បើការបញ្ជាទិញវិញគឺភាគច្រើនវេចខ្ចប់ និងទៅដល់កន្លែងតែម្ដង ពោលគឺមិនសូវមានការបញ្ជាទិញតាមអនឡាញនោះទេ ប៉ុន្តែក្នុងអំឡុងវិបត្តិកូវីតនេះ គឺប្រជាពលរដ្ឋខ្មែរចាប់ផ្ដើមទទួលស្គាល់ការលក់ ឬទិញ តាមប្រព័ន្ធអ៊ីនធើណេត ឬ ហៅថា Digital Marketing ។ ការណ៍នេះធ្វើឲ្យក្រុមហ៊ុនមួយ ឬអាជីវករមួយចំនួន បើទោះជាខ្លួនមិនចេះធ្វើទីផ្សាតាមប្រព័ន្ធនេះក្តី ក៏ត្រូវតែរៀន និងធ្វើជាបណ្ដើរៗរហូតក្រុមហ៊ុន ឬអាជីវករមួយចំនួនមានភាពល្បីល្បាញតាមប្រព័ន្ធអនឡាននេះ។
លោកបានបន្ថែមថា មិនថាតែអាជីវករឬ ក្រុមហ៊ុននោះទេដែលចាប់ផ្ដើមធ្វើការ និងជួញដូរផ្សេងៗតាមប្រព័ន្ធអនឡាញ សូមបីតែអ្នកធ្វើការជាមន្ត្រីរាជការ ឬបុគ្គលិកក្រុមហ៊ុនមួយចំនួនធំក៏ងាកមកធ្វើការតាមប្រព័ន្ធDigital នេះផងដែរ។
លោកសៀង ថៃអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ក្នុងកំឡុងពេលនៃជំងឺកូវីដ-១៩ ការធ្វើអាជីវកម្មតាមអនឡាញមានការរីកចម្រើនគួរឲ្យកត់សម្គាល់។
លោកបានថ្លែងថា នៅពេលអាជីវកម្មតាមអនឡាញកាន់តែរីកចម្រើន វានឹងជួយសម្រួលដល់ប្រតិបត្តិការអាជីវកម្មបានឆាប់រហ័សជាង កាត់បន្ថយនូវចំណាយផ្សេងៗ។ល។ និងជួយរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ដើម្បីគ្រប់គ្រងប្រតិបត្តិការអាជីវកម្មតាមអនឡាញ កម្ពុជាមានច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានអនុក្រឹត្យ និងប្រកាសរបស់ក្រសួងទទួលបន្ទុកអនុវត្ត។
ថ្មីៗនេះ ក្រសួងពាណិជ្ជកម្មបានប្រកាសជូនដំណឹងស្ដីពី ការផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណតាមប្រព័ន្ធអេឡិចត្រូនិក សំដៅគ្រប់គ្រងសកម្មភាពអាជីវកម្មអនឡាញ និងការពារផលប្រយោជន៍អ្នកប្រើប្រាស់៕