ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB បានឱ្យដឹងថា ខ្លននឹងបន្តផ្ដល់ការគាំទ្របែបយុទ្ធសាស្ត្រ ដល់ប្រទេសកម្ពុជាបន្ថែមទៀត ពេលដែលកម្ពុជាងើបចេញពីជំងឺរាតត្បាតសកល កូវីដ១៩ ។ នេះបើតាមព្រឹត្តិបត្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ីចេញផ្សាយនៅថ្ងៃទី២៨ឧសភា ២០២១ ។
យោងតាមព្រឹត្តិបត្រដដែលនេះ បានឱ្យដឹងទៀតថា យុទ្ធសាស្ត្រចតុកោណភាពជាដៃគូប្រចាំប្រទេសរបស់ធនាគារ សម្រាប់ឆ្នាំ២០១៩-២០២៣ មានភាពស្របគ្នានឹងយុទ្ធសាស្ត្រជាតិសំខាន់ៗ រួមទាំងផែនការអភិវឌ្ឍឧស្សាហកម្មឆ្នាំ ២០១៦-២០២៥ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឆ្នាំ២០១៩-២០២៣ផងដែរ ។
យុទ្ធសាស្ត្រភាពជាដៃគូនេះត្រូវបានអនុវត្តន៍ តាមរយៈផែនការការងារសម្រាប់ប្រតិបត្តិការប្រចាំប្រទេសឆ្នាំ ២០២១-២០២៣ ដែលរួមបញ្ចូលទឹកប្រាក់ជិត១,៣ពាន់លានដុល្លារអាមេរិក នៅក្នុងការវិនិយោគ ដែលផ្ដល់ហិរញ្ញប្បទានសម្បទាន និងកម្មវិធីគ្រប់ជ្រុងជ្រោយមួយ នៃជំនួយបច្ចេកទេសនិងការគាំទ្រផ្នែកចំណេះដឹង។
ក្នុងទិសដៅនៅថ្ងៃអនាគតរបស់ធនាគារអភិវឌ្ឍន៍អាស៊ីថា កម្មវិធីចង្អុលបង្ហាញអំពីឥណទានសម្បទានរបស់ខ្លួន សម្រាប់ឆ្នាំ ២០២១-២០២៣ រួមបញ្ចូលការវិនិយោគ ដើម្បីការផ្លាស់ប្តូរនៅក្នុងវិស័យកសិកម្ម និងធនធានមនុស្ស ធម្មជាតិ ទឹក និងហេដ្ឋារចនាសម្ព័ន្ធទីប្រជុំជន ការអប់រំ និងជំនាញថាមពលស្អាត សន្តិសុខសុខាភិបាលសម្រាប់ជំងឺកូវីដ១៩ និងការគ្រប់គ្រងវិស័យសាធារណៈ ។
ការវិនិយោគរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នឹងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍កាន់កាន់ខ្លាំង និងសង្កត់ធ្ងន់លើការអភិវឌ្ឍសមត្ថភាព នៅក្នុងមូលដ្ឋាន ដើម្បីសុខមាលភាពដ៏ល្អបំផុតរបស់ប្រជាជនកម្ពុជា។
យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីថា នៅក្នុងឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី បានកៀរគរទឹកប្រាក់ចំនួន១,៩ពាន់លានដុល្លារអាមេរិក នៃការផ្ដល់សហហិរញ្ញប្បទាន ដល់គម្រោងរយៈពេលវែង និង៣,៣ពាន់លានដុល្លារ នៃការផ្ដល់សហហិរញ្ញប្បទាន តាមរយៈកម្មវិធីហិរញ្ញវត្ថុផ្នែកពាណិជ្ជកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់និងកម្មវិធីមីក្រូហិរញ្ញវត្ថុរបស់ខ្លួន។
សមតុល្យដែលនៅសល់ និងជំនួយបានអនុម័តលើគម្រោង មិនមែនរដ្ឋដែលមានប្រភពពីធនធានផ្ទាល់របស់ABD មានចំនួនសរុប១៤,៣ពាន់លានដុល្លារអាមេរិក គិតត្រឹមដំណាច់ឆ្នាំ២០២០កន្លងទៅ៕