សភាពាណិជ្ជកម្មអឺរ៉ុបៈ កម្ពុជាជាច្រកចេញចូលដ៏មានសក្តានុពលទៅកាន់ទីផ្សារអាស៊ី

0

ដោយៈ ប៊ី

ភ្នំពេញៈ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា(EuroCham) បានលើកឡើងថា ខ្លួនចាត់ទុកប្រទេសកម្ពុជា ជា “ច្រកចេញចូលដ៏មានសក្តានុពល” មួយទៅកាន់ទីផ្សារអាស៊ី ខណៈប្រទេសនេះបាននិងកំពុងធ្វើសមាហរណកម្មយ៉ាងខ្លាំងទៅក្នុងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

នៅក្នុងរបាយការណ៍នាំអំពីការវិនិយោគចុងក្រោយរបស់ខ្លួន ប្រធាន EuroCham លោក Tassilo Brinzer មានប្រសាសន៍ថា “ប្រទេសកម្ពុជានៅតែជាទីផ្សារដែលមានសក្តានុពលជាមួយនឹងឱកាសវិនិយោគ និងធុរកិច្ចក្នុងវិស័យជាច្រើន នៅប្រទេសកំពុងមានការរីកចម្រើនមួយនេះ”។ ជាមួយគ្នានេះដែរ Eurocham បានឱ្យដឹងថា ការស្រាវជ្រាវសម្រាប់របាយការណ៍ណែនាំចំនួន៦០ទំព័រ ដែលចេញផ្សាយក្នុងខែនេះ បានធ្វើឡើងនៅចន្លោះខែធ្នូ និងកុម្ភៈ។

លោក Brinzer និយាយថា ឆ្នាំ២០២០គឺប្រាកដជាមានបញ្ហាប្រឈម សម្រាប់ប្រទេសកម្ពុជា ដោយសារតែវិបត្តិកូវីដ១៩ ប៉ុន្តែលោកបានលើកឡើថា កម្ពុជាត្រូវបានព្យាករថានឹងកំណើនផលិតផលក្នុងស្រុកសរុប៥,៩ភាគរយ ដោយយោងតាមការព្យាកររបសមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់ឆ្នាំនេះ។

លោកបានបន្តថា សំខាន់ជាងនេះទៅទៀតយើងជឿជាក់ថា អនាគតដែលជំរុញដោយប្រជាជនវ័យក្មេង និងស្វាហាប់នឹងមានភាពភ្លឺស្វាងផងដែរ។

លោកបានឱ្យដឹងទៀតថា សម្រាប់វិនិយោគិនដែលបានធ្វើសកម្មភាពវិនិយោគរួចហើយនៅអាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជាគឺជាទីផ្សារ ដែលមានសក្តានុពលមួយនៅចំកណ្តាលមហាអនុតំបន់មេគង្គ ដែលមានទីតាំងស្ថិត រវាងថៃ និងវៀតណាម។ លើសពីនេះ វិនិយោគិនថ្មីនឹងយកប្រទេសកម្ពុជា ជាច្រកចូលដ៏មានសក្តានុពលមួយទៅកាន់ទីផ្សារអាស៊ី។

លោកបានឱ្យដឹងទៀតថា “ប្រទេសនេះកំពុងធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក តាមរយៈគំនិតផ្តួចផ្តើមគយអាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាច្រើន ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន”។

លោកបានបន្តថា ច្បាប់ថ្មីដូចជាច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិក ច្បាប់ការពារអតិថិជន និងវិនិយោគ ក៏ជាសក្ខីភាពនៃជំហានជោគជ័យ ដែលប្រទេសនេះបានអនុវត្តផងដែរ”។

លោក Brinzer មានប្រសាសន៍ថា ការប្រកាន់ខ្ជាប់នូវការប្រែប្រួលអាកាសធាតុនិងគោលដៅប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា នឹងជួយជំរុញដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងភាពទាក់ទាញសម្រាប់អ្នកសេដ្ឋកិច្ចពិភពលោក។

Eurocham បានឱ្យដឹងថា “ទីផ្សារដ៏មានសក្តានុពលនេះ ដែលមានទីតាំងយុទ្ធសាស្ត្រ និងប្រជាសាស្ត្រអំណោយផល មានសក្តានុពលធំធេងសម្រាប់កំណើននាពេលអនាគត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here