ប្រធានាធិបតីចូ បៃឌិនដាក់ចេញផែនការចំណាយ៦ទ្រីលានដុល្លារដើម្បីជំរុញកំណើនសេដ្ឋកិច្ច

0

ដោយៈ សុខុម

វ៉ាស៊ីនតោន: ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានបញ្ចេញថវិកាប្រចាំឆ្នាំដំបូងរបស់លោក គឺគម្រោងចំណាយរហូតដល់ទៅ៦ទ្រីលានដុល្លារ ដោយក្នុងនោះរួមមានទាំងការដំឡើងពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើពលរដ្ឋអាមេរិក ដែលមានស្ដុកស្ដម្ភផងដែរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចបន្ថែម។ នៅបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២១។

សំណើថវិកាដ៏ធំនេះរួមមានទាំងកម្មវីធីសង្គមធុះៗ និងការវិនិយោគថ្មីៗដើម្បីប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុផងដែរ។
ទោះជាយ៉ាងណា សំណើថវិកានេះត្រូវការការអនុម័តពីរដ្ឋសភា ទីដែលលោក Lindsey Graham តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋបានថ្កោលទោសថា សំណើថវិកានោះវាធំធេងខ្លងពេកហើយ។

នៅក្រោមផែនការចំណាយនេះ បំណុលនឹងឈានដល់១១៧%នៃផលិតផលក្នុងស្រុកសរុប (GDP) នៅត្រឹមឆ្នាំ២០៣១ ដោយឡើងហួសកម្រិតអំឡុងសង្គ្រាមលោកលើកទី២ ទៅទៀត បើទោះបីជាមានការដំឡើងពន្ធដែលត្រូវបានស្នើឡើងយ៉ាងតិច៣ទ្រីលានដុល្លារលើក្រុមហ៊ុនសាជីវកម្ម ផលចំណេញជាមូលធន និងប្រាក់ចំណូលយ៉ាងណាក្ដី។

លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមកពីគណបក្សសាធារណរដ្ឋ ក៏បានចំណាយឱនភាពថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ដែរក្នុងមួយឆ្នាំៗ អំឡុងពេលលោកនៅកាន់អំណាច ហើយសំណើផែនការចំណាយប្រចាំឆ្នាំលើកចុងក្រោយបង្អស់របស់លោកមានរហូតដល់ទៅ៤,៨ទ្រីលានដុល្លារឯណោះ។

សំណើថវិការបស់លោកចូ បៃឌិន រួមមានទាំងសំណើ១,៥ទ្រីលានដុល្លារសម្រាប់ការចំណាយប្រតិបត្តិការសម្រាប់មន្ទីរបញ្ចកោណ និងស្ថាប័នផ្សេងៗទៀតរបស់រដ្ឋាភិបាលផងដែរ។ កញ្ចប់ថវិកានេះក៏រួមមានទាំងផែនការ២ដែលលោកធ្លាប់បានប្រកាសមុននេះផងដែរ នោះគឺផែនការការងារដែលមានទំហំ២,៣ទ្រីលានដុល្លារ និងផែនការគ្រួសារដែលមានទំហំ១,៨ទ្រីលានដុល្លារផងដែរ។

លោកចូ បៃឌិន ដែលមកពីគណបក្សប្រជាធិបតេយ្យបានគូសបញ្ជាក់ថា សំណើកញ្ចប់ថវិការបស់លោក “វិនិយោគដោយផ្ទាល់ទៅលើពលរដ្ឋអាមេរិក ហើយនឹងពង្រឹងសេដ្ឋកិច្ចរបស់ប្រជាជាតិយើង និងធ្វើឱ្យសារពើពន្ធរបស់យើងកាន់តែរឹងមាំសម្រាប់រយៈពេលវែង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here