តំបន់ជ្រៃធំ ស្រុកកោះធំ នៅតែមានសក្តានុពលវិនិយោគសំរាប់ពេលអនាគត

0

ដោយៈ រតនៈ

កណ្តាលៈ ខណៈដែលពិភពលោកក៏ដូចជាកម្ពុជាផងដែរ កំពុងរងវិបត្តិកូវីត ហើយវិនិយោគិនមួយចំនួនផ្អាកបោះទុនវិនិយោគ អ្នកជំនាញផ្នែកអចលនទ្រព្យនៅតែមើលឃើញថា ដីនៅតំបន់តាមព្រំដែន នៅតែមានតម្រូវការសម្រាប់ក្រុមអ្នកវិនិយោគ ព្រោះថា គេមើលឃើញពីសក្ដានុពលសំរាប់ពេលអនាគត។

លោកស្រីចេវ សុឃុន ទីប្រឹក្សា សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា និងជាសា្ថបនិកក្រុមហ៊ុន KAT APPRAISAL មានប្រសាសន៍ប្រាប់Propertyareaដឹងនាព្រឹកថ្ងៃទី៣១ ឧសភានេះថា ក្នុងអំឡុងកើតមានវិបត្តិកូវីតនេះក្រុមអ្នកវិនិយោគ និងឈ្មួញមួយចំនួនហាក់មិនហ៊ានទម្លាក់ទុន ដើម្បីវិនិយោគលើវិស័យអចលនទ្រព្យទេ ដោយខ្លាចកប់ដើមលើវិស័យមួយនេះ ប៉ុន្តែអ្នកស្រីអះអាងថា ក្នុងនោះក៏មានអ្នកវិនិយោគប្រមាណ២០ភាគរយ ដែលហ៊ានបោះទុនវិនិយោគ លើវិស័យមួយនេះនៅតាមតំបន់ព្រំដែន ដោយគិតថានៅទីនោះ អាចនឹងមានសក្ដានុពលនៅពេល ដែលប្រទេសកម្ពុជាបើកច្រកចេញចូលទៅប្រទេសផ្សេង ហើយវិបត្តិកូវីតបានថយចុះក្នុងកម្រិតប៉ះពាល់តិចបំផុត។

លោកស្រីបន្តថា “ខ្ញុំចុះសិក្សាការទិញលក់អចលនទ្រព្យនៅតំបន់ព្រំដែន តម្លៃលក់ចេញហាក់នៅទ្រឹង ចំណែកសំណង់ផ្សេងៗ ហាក់ផ្អាកសកម្មភាពជាច្រើនកន្លែង ប៉ុន្តែក៏នៅតែមានឈ្មួញ និងវិនិយោគិនមួយចំនួននៅតែបន្តទិញដីដដែល ជាពិសេសដីដែលមានទំហំធំ ហើយលក់ក្នុងតម្លៃក្រោមទីផ្សារ”។

បើតាមលោកស្រីចេវ សុឃុន ការលក់ដូរអចលនទ្រព្យនៅតំបន់ព្រំដែន មានអ្នកដាក់លក់ចេញមានរហូតដល់ទៅប្រមាណ៨០%។ ចំណែកការលក់បានដោយជោគជ័យ មានតែប្រមាណ២០%ប៉ុណ្ណោះ។

ក្នុងកិច្ចសំភាសន៍ជាមួយ Propertyarea នាពេលថ្មីៗនេះ លោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) មានប្រសាសន៍ថា ក្នុងបញ្ហាគឺតែងតែមានឱកាស ក្នុងនោះសម្រាប់ការទិញ ដូរអចលនទ្រព្យក៏ដូចគ្នា អ្នកទិញអចលនទ្រព្យមានឱកាសច្រើនក្នុងការទិញក្នុងតម្លៃមួយសមរម្យ មិនថាតែអ្នកទិញសម្រាប់ធ្វើអាជីវកម្មទិញលក់ ឬទិញសម្រាប់ស្នាក់នៅនោះទេ។

លោកបន្តថា “អ្នកទិញអចលនទ្រព្យដែលមានឱកាសបំផុត គឺអ្នកដែលមានលុយហើយទិញដីឬផ្ទះទុកសម្រាប់ចំណេញ”។

អំឡុងពេលមានវិបត្តិកូវីតនេះ កម្ពុជាបានបិទច្រកចេញចូលជាមួយ ប្រទេសជិតខាងដូចជាថៃ ឡាវ វៀតណាម ដោយអនុញ្ញាតិចេញចូល លើសេវាសំខាន់ៗប៉ុណ្ណោះ។ ការណ៍បានធ្វើឲ្យចរន្តសេដ្ឋកិច្ច តាមតំបន់ព្រំដែនហាក់ថយបន្តិច។

ទោះជាយ៉ាងណារកទ្វារព្រំដែន ម៉ឺនជ័យ មានទីតាំងនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ជាប់ច្រកទ្វារតំបន់ព្រំដែន តឺនណាម ខេត្តតៃនិញ ប្រទេសវៀតណាមដែលត្រូវបានរដ្ឋាភិបាលកម្ពុជាសម្រេចដំឡើងពីកម្រិតច្រកទ្វារតំបន់ ទៅជាច្រកទ្វារព្រំដែន-អន្តរជាតិ កាលពីខែមេសា ឆ្នាំ ២០១៤ គ្រោងនឹងបើកដំណើរការជាផ្លូវការនៅពេលឆាប់ៗផងដែរ។

ច្រកព្រំដែនជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាលជាតំបន់មានសក្តានុពលខ្លាំងមុនពេលេរដ្ឋាភិបាលបិទហេ្គមអនឡាញ ដោយតម្លៃដីបានហក់ឡើងខ្ពស់ និងសកម្មភាពអភិវឌ្ឍន៍មានសកម្មភាពយ៉ាងមមាញឹក ប៉ុន្តែបន្ទាប់ពីហ្គេមអនឡាញបិទបញ្ចប់។

ការទិញលក់ និងតម្លៃដីធ្លីហាក់ស្រុតចុះ ប៉ុន្តែអ្នកជំនាញនៅតែមានសុទិដ្ឋិនិយមថា តំបន់នេះនឹងមានការរីកចម្រើនលឿននាពេលអនាគត ដោយយសារតំបន់នេះមានប្លង់គោលអភិវឌ្ឈន៍រួចហើយ និងជាព្រំដែន ដែលមានសកម្មភាពដោះដូរពាណិជ្ជកម្មយ៉ាងសកម្ម ជាមួយប្រទេសជិតខាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here