ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ថ្វីត្បិតតែកម្ពុជា ជួបវិបត្តិនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងលក្ខណៈទ្រង់ទ្រាយធំក្ដី តែរយៈពេល៥ខែដើមឆ្នា២០២១នេះ កម្ពុជានៅតែទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់ ជាក់ស្ដែងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) ឱ្យដឹងថា៥ខែនេះ CDC អនុម័តគម្រោងចំនួន៥៧គម្រោងមានទឹកប្រាក់២.២៥៦លានដុល្លារអាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយលើបណ្ដាញសង្គមរបស់ខ្លួនតាំងពីដើមខែមករា ឆ្នាំ២០២១មក ឃើញថាគម្រោងវិនិយោគៗធំពីរមានតម្លៃវិនិយោគច្រើនជាងគេក្នុងនោះ គម្រោងវិនិយោគរោងចក្រថាមពលអគ្គិសនីប្រើដោយធ្យូងថ្ម មានទុនវិនិយោគជាង១.២៨៣លានដុល្លារអាមេរិក និងគម្រោងមួយទៀត គឺរោងចក្រផលិតក្រដាស មានតម្លៃវិនិយោគ៥០៤លានដុល្លារអាមេរិក ក្នុងខេត្តកំពត។
សេចក្តីប្រកាសដដែលបានបង្ហាញថា ភាគច្រើននៃគម្រោង ដែលត្រូវបានអនុម័ត ឱ្យវិនិយោគនៅកម្ពុជា រយៈពេល៥ខែដំបូងគឺជារោងចក្រ ក្នុងវិស័យវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ ។
ក្រៅពីនោះ គឺមានគម្រោងវិនិយោគនៅក្នុងវិស័យគ្រឿងបង្គុំអេឡិចត្រូវនិក សម្ភារអគ្គិសនី គ្រឿងបង្គុំយានជំនិះ សម្ភារប្រើប្រាស់ គ្រឿងសង្ហារឹម កែច្នៃផលិតផល និងមន្ទីរពេទ្យ និងឱសថ។
អ្នកជំនាញអចលនវត្ថុកម្ពុជា លោកប៉ូ អ៊ាវគង់ បានឱ្យដឹងថា នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះ គេមើលឃើញថាវិស័យឧស្សាហកម្មរោងចក្រកាត់ដេរ នៅតែទទួលបានការវិនិយោគពីក្នុងនិងក្រៅ ប្រទេសដោយធ្វើឱ្យសកម្មភាពនៃការជួលទីតាំងឃ្លាំង សម្រាប់ធ្វើជារោងចក្រ សកម្មភាពនៃការទិញដីសង់ឃ្លាំង និងជួលខ្លាំងសង់រោងចក្រ នៅតែមានទីផ្សារ ខណៈវិស័យអចលនទ្រព្យផ្សេងទៀត បានស្ងប់ស្ងាត់ក្នុងវិបត្តិនៃជំងឺសកលនេះ ។
នៅរយៈពេលប៉ុន្មាន៤ខែដើមឆ្នាំ ២០២១នេះ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលលធ្វើដំណើរ ឃើញថានៅតែមានតួលេខខ្ពស់ ជាពិសេសកំណើននៅក្នុងខែមេសា ឆ្នាំ២០២១នេះ គឺមានការកើនឡើងខ្ពស់ បើធៀបនឹងខែមេសា ២០២០កន្លងទៅ៕