ដោយៈ ម៉ាណេត
ភ្នំពេញៈ ការអភិវឌ្ឍលើវិស័យអចលនទ្រព្យ បានរីកសាយភាយទៅគ្រប់ទិសទាំងអស់ នៃរាជធានីភ្នំពេញ ជាក់ស្តែងជាក់ស្តែង ផ្លូវជាតិលេខ៣ ត្រូវបានគេមើលឃើញថា កំពុងបង្ហាញពីសក្ដានុពលទាក់ទាញ សម្រាប់ការអភិវឌ្ឍ និងវិនិយោគលើវិស័យលំនៅដ្ឋាន។
លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនអ៊ែតវ៉ានស៍ រៀលអ៊ីស្ទេតបានថ្លែងប្រាប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះថា ស្ថានភាពអចលនទ្រព្យ នៅតាមបណ្តោយផ្លូវជាតិលេខ៣ មិនខុសពីតំបន់ផ្សេងៗប៉ុន្មាននោះទេ ផ្លូវជាតិលេខ៣ គឺជាផ្លូវដែលបានធ្វើការកសាង និងធ្វើឱ្យប្រសើរឡើងវិញ។
លោកបានបន្តថា កាលពីឆ្នាំ២០១៨ និង២០១៩ តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវលេខ៣ បានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់រួចទៅហើយ និងមានការវិនិយោគមួយចំនួនទៅតំបន់នេះ។
ជាមួយគ្នានេះដែរ ចាប់ឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២១ ការវិនិយោគមិនទាន់ការវិវត្តន៍ធំដុំនោះទេ ដោយសារយើងដឹងហើយ វិបត្តិកូវីដ១៩បានបង្កផលប៉ះពាល់ដល់វិស័យអចលនទ្រព្យនេះ។
លោកបានថ្លែងថា “ចាប់ផ្លូវតំបន់ចោមចៅ ទៅខាងមុខ១០គីឡូម៉ែត្រ ឬស្ពាន៧មករា វាបានក្លាយទៅជាតំបន់លំនៅដ្ឋាន ដែលសក្តានុពលសម្រាប់ការរស់នៅ និងវិនិយោគ ហើយតំបន់អនុពាណិជ្ជកម្ម (Sub-Commercial Zone) ក្នុងរយៈពេល២ឬ៣ឆ្នាំចុងក្រោយនេះ ខណៈគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើន បានសម្រុកទៅតំបន់នេះ ពិសេសនៅតាមបណ្តោយផ្លូវជាតិលេខ៣នេះ”។
លោកបានបន្តថា “តម្លៃលំនៅដ្ឋានតំបន់នេះមានតម្លៃចាប់៥ម៉ឺនទៅដល់១០ម៉ឺនដុល្លារ”។
លោកប៉ូ អ៊ាវគង់បានបន្តថា “ចាប់ពីស្ពានទំនប់៧មករា ទៅដល់ខេត្តតាកែវគឺជាតំបន់ឧស្សាហកម្ម ដែលមានភាពអំណោយដល់ការដឹកជញ្ជួន និងការអភិវឌ្ឍរោងចក្រសហគ្រាស”។ លោកបន្តថា “បន្ទាប់ពីវិបត្តិកូវិដ១៩ ធូរស្រាល វិស័យអចលនទ្រព្យនៅតាមបណ្តោយផ្លូវជាតិលេខ៣ និងបណ្តាខេត្តពាក់ព័ន្ធនឹងផ្លូវនេះ មានសក្តានុពលកាន់តែខ្លាំង”។
កាលពីថ្មីៗនេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានប្រកាសថា គម្រោងធ្វើ ឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត សម្រេចបាន៩៨,០៤%ហើយ គិតរហូតមកទល់ពេលនេះ នៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ។
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមាន ប្រវែងសរុប១៣៤,៧៩៦ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង៧០ គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។
ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង៦៤,៨២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវAC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។ គម្រោងនេះចំណាយថវិកា សរុបប្រមាណ ២១៩ ៩១១ ០០០ ដុល្លារអាម៉េរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើប្រាស់រយៈពេលសាងសង់៤៨ខែ។
លោកច្រឹកសុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា បើយើងក្រលេកទៅមើលការអភិវឌ្ឍនៅជុំវិញរាជធានីភ្នំពេញ គេមើលឃើញថាមានការរីកសាយដូចៗគ្នា គ្រាន់តែមានការអភិវឌ្ឍខុសៗគ្នាបន្តិចបន្តួចប៉ុណ្ណោះ ហើយដោយសារតែរដ្ឋាភិបាល បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ គម្រោងធំៗមួយចំនួនទៀត ក៏បានបង្ហាញខ្លួនជាបន្តបន្ទាប់ ដូចជាបុរីធំៗជាដើម។
លោកបន្តថា “តំបន់ណាដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន តំបន់នោះ នឹងទទួលបានការចាប់អារម្មណ៍ ពីសំណាក់អ្នកអភិវឌ្ឍន៍។ ដូច្នេះហើយទើបឃើញរដ្ឋាភិបាលកម្ពុជាយើងបានចំណាយទុន ក្នុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់”៕