ដោយៈតារា
ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិករយៈពេល៤ខែ ដើមឆ្នាំនេះ សរុបការនាំចេញនាំចូល មានទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ២៨.៥២% ក្នុងនោះសម្រាប់ពាណិជ្ជកម្មនៃការនាំចេញ បានកើនឡើងក្នុងរង្វង់ ២៩.៥៣%។
អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកប៉ែន សុវិជាតិ បានឱ្យដឹងនាព្រឹកថ្ងៃទី១ មិថុនានេះថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចេញផលិតផលពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក គឺមានកំណើនកើនឡើងគួរជាទីកត់សម្គាល់ ដូចជា ការនាំចេញសម្លៀកបំពាក់ កាបូប ស្បែកជើង និងសម្ភារផ្សេងៗ។
ក្នុងរយៈពេល៤ខែ ដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងនោះសម្រាប់ការនាំចូល មានតម្លៃទឹកប្រាក់សរុបជាង៩៣លានដុល្លារ កើនឡើងជាង១០ភាគរយ ខណៈការនាំចេញ មានចំនួនទឹកប្រាក់ជាង១៩00លានដុល្លារ កើនឡើងជាង២៩% ក្នុងនោះបើសរុបនៃការនាំចេញនាំចូល មានទំហំទឹកប្រមាណជិត២ពាន់លានដុល្លារអាមេរិក កើនឡើងជាង២៨ភាគរយ។
លោកបន្តថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក កើនឡើងនេះ ដោយសារទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅតែរក្សាបានស្ថិរភាពល្អប្រសើរ ក្នុងនោះសហរដ្ឋអាមេរិក នៅតែចាត់ទុកប្រទេសកម្ពុជា គឺជាប្រភពមួយ នៃការផលិតសម្រាប់ការនាំចេញ ខណៈសហរដ្ឋអាមេរិកមានក្រុមហ៊ុនធំៗជាដៃគូ បានកំពុងទទួលទិញពីផលិតផលទាំងនេះពីកម្ពុជា ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ស្របពេលការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កំពុងរក្សាបាននូវស្ថិរភាពកំណើនល្អ ក្នុងនោះចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា របស់លោកជំទាវWendy Ruth Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅក្នុងថ្ងៃនេះ គឺបានបង្ហាញនូវទំនាក់ទំនងកាន់តែជិតស្និតថែមទៀត រវាងប្រទេសទាំងពីរ ក្នុងនោះសម្រាប់ការធ្វើពាណិជ្ជកម្ម ទំនាក់ទំនងនេះ នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ នឹងប្រព្រឹត្តទៅកាន់តែប្រសើរថែមទៀត ខណៈបច្ចុប្បន្នមានក្រុមដៃគូរជាច្រើន កំពុងរងចាំឱកាសវិនិយោគបន្ទាប់ពីស្ថានភាពជម្ងឺកូវីដឥ១៩ បានធូរស្រាល ។
ទំហំពាណិជ្ជកម្មនៃការនាំចេញពីកម្ពុជា នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ ២០២១ ការទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បានឈរក្នុងលំដាប់ទី១ នៃការនាំចេញផលិតផលពីកម្ពុជាច្រើនជាងគេ បន្ទាប់មកការនាំចេញទៅកាន់ទីផ្សារចិន អឺរ៉ុប អាស៊ាន ជប៉ុន ចក្រភពអង់គ្លេស និងការនាំចេញទៅកាន់ទីផ្សារផ្សេងៗមួយចំនួនទៀត៕