ដោយៈ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញបានលើកឡើថា វិស័យអចលនទ្រព្យនៅក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅតែមានតម្រូវការច្រើនពីសំណាក់វិនិយោគជាតិ និងអន្តរជាតិ ខណៈតំបន់នេះ នៅតែផ្តល់ឱកាសចំណេញដល់វិនិយោគិន ពីការវិនិយោគនៅតំបន់។
លោកខាត់ សុវណ្ណអគ្គនាយកក្រុមហ៊ុនCamtop Perperty Group Co.,Ltd បានថ្លែងប្រាប់ថ្លែងប្រាប់នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ថា ដីធ្លីនៅភាគច្រើនត្បូង ពិសេសនៅតាមផ្លូវ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅតែមានតម្រូវការច្រើន ព្រោះវិនិយោគិន មើលឃើញពីឱកាសចំណេញច្រើន បន្ទាប់ពីព្រលានយន្តហោះធ្វើរួចរាល់ និងផ្លូវមួយចំនួនស្ថាបនារួចរាល់ វាហួចផលចំណេញបានច្រើន។
លោកបានឱ្យដឹងថា “បច្ចុប្បន្ន យើងឃើញមានវិនិយោគិនមានពីរប្រភេទ គឺអ្នកវិនិយោគលើដីធ្លីទុកសម្រាប់លក់យកចំណេញ និងវិនិយោគទិញដីធ្លី ដើម្បីសាងសង់គម្រោងអចលលនទ្រព្យរយៈពេលវែង ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ អំឡុងពេលកូវី១៩នេះ មិនមានអ្នកទិញ សម្រាប់ទុកចំណេញនោះទេ ពោលគឺមានតែទិញសម្រាប់គម្រោងសាងសង់ និងវិនិយោគសម្រាប់រយៈពេលវែង”។
លោកខាត់ សុវណ្ណបានឱ្យដឹងទៀតថា តំបន់ព្រលានអន្តរជាតិភ្នំពេញថ្មីនេះ គឺជាតំបន់មិនទាន់ច្នៃ ដូច្នេះតំបន់ណក៏ដោយ ដែលមិនកែច្នៃ នឹងផ្តល់ឱកាសចំណេញច្រើន។
លោកបានថ្លែងថា តម្លៃដីនៅតាមផ្លូវមេធំៗ អាចរកទិញបានក្នុងតម្លៃចន្លោះពី២០០ ទៅ២៥០ដុល្លារក្នុងម៉ែត្រការ៉េ អាស្រ័យលើស្ថានភាពផ្លូវ និងនៅតាមផ្លូវខាងក្នុងតូចៗ ដែលមិនទាន់មានការអភិវឌ្ឍ នៅមានតម្លៃចន្លោះពី៥០ដុល្លារ ដល់៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយដីវាលស្រែ ដែលអត់មានផ្លូវចូល អាចរកទិញបានក្នុងតម្លៃចន្លោះពី២០ទៅ៥០ ហើយតម្លៃដីធ្លីមិនមានការប្រែប្រួលនោះទេ ទោះស្ថិតក្នុងវិបត្តិកូវិដ១៩ក៏ដោយ។
លោកបានបន្តថា បើទោះបីជាបច្ចុប្បន្ន យើងឃើញតំបន់នេះនៅតែសម្បូរដោយទីវាល និងដីស្រែក៏ពិតមែន ប៉ុន្តែនាពេលខាងមុខ តំបន់នឹងក្លាយជាទីក្រុងថ្មីមួយ ដែលពោពេញទៅដោយការអភិវឌ្ឍគម្រោងអចលនទ្រព្យបែបចម្រុះ។
លោក David Pen នាយកផ្នែកលក់ និងជួលក្រុមហ៊ុនCBRE Cambodia មានប្រសាសន៍ថា មានគម្រោងរាប់រយ ដែលកំពុងអភិវឌ្ឍនៅទូទាំងទីក្រុង ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ប៉ុន្តែតំបន់ដែលធ្វើឲ្យលោកកត់សម្គាល់ខ្លាំងជាងគេ គឺការកើនឡើងខ្លាំងនៅតំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញ។
លោក David បានលើកឡើងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលជាកាត្តាលីករ អមជាមួយនឹងគម្រោង Aeon 3 ផ្លូវក្រវ៉ាត់ក្រុងទី៣ និងវត្តមានអាជីវកម្មធំៗ ជាច្រើនទៀត ដែលជាគម្រោងលំនៅដ្ឋាន ដែលជំរុញឱ្យតម្លៃដីធ្លី និងតម្លៃអចលនទ្រព្យកើនឡើងនៅភាគខាងត្បូង។
លោកបានសន្និដ្ឋានថា “មិនមានអ្វីគួរឱ្យសង្ស័យនៅក្នុងចិត្តរបស់ខ្ញុំទេ នេះគឺជាតំបន់ដែលមានសន្ទុះនាពេលបច្ចុប្បន្ននេះ ហើយជាមួយនឹងគម្រោង និងសកម្មភាពសេដ្ឋកិច្ចជាច្រើនទៀតឆ្ពោះទៅទិសខាងត្បូង និន្នាការនេះមើលទៅមាននិរន្តរភាព”។
ការណែនាំរបស់លោក David សម្រាប់អ្នកវិនិយោគអចលនទ្រព្យគឺថា ទោះបីមានអ្វីកើតឡើងនៅជុំវិញយើងទាក់ទងសេដ្ឋកិច្ច ឬជំងឺត្បាតក៏ដោយ វិនិយោគិនឆ្លាតវៃតែងតែដឹងថា ពេលណា និងកន្លែងណា ក្នុងការស្វែងរកឱកាសល្អបំផុត។
លោក David បានថ្លែងថា “ចំពោះខ្ញុំយោងទៅតាមទិន្នន័យ និងការសិក្សាទីផ្សារ ដែលខ្ញុំមាននៅក្នុងដៃ ពេលវេលាដើម្បីវិនិយោគគឺនៅពេលនេះ ហើយភាគខាងត្បូងនៃទីក្រុងគឺកន្លែងល្អប្រសើរសម្រាប់ការវិនិយោគ”។
លោកបន្តថា “បើខ្ញុំមិនខុសទេ ការវិនិយោគលើអចលនទ្រព្យតែងតែល្អ ប្រសិនបើអ្នកធ្វើវាតាមរបៀបឆ្លាតវៃ ប៉ុន្តែវាអាស្រ័យលើចំនួនទឹកប្រាក់ ដែលអ្នកចង់បានពីវា”។
ជាមួយនឹងល្បឿននៃការសាងសង់យ៉ាងសកម្ម ទីបំផុតព្រលានយន្តហោះអន្តតរជាតិភ្នំពេញថ្មីសម្រេចបាន៤០ភាគរយហើយ គិតត្រឹមតែឧសភានេះ។
ការសាងសង់តាមផ្នែកសំខាន់នីមួយៗ អនុវត្តន៍បានលទ្ឋផលតាមផែនការគ្រោង ទុក។ នេះបើយោងតាមតាមមន្រ្តីជំនាញ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី កាលពីថ្ងៃសុក្រ កន្លងមកនេះ។តាមការគ្រោងទុក អាកាសយានថ្មីនេះ នឹងសាងសង់ចប់រួចរាល់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣ បើទោះប្រទេសកំពុងមានវិបត្តិកូវីដ១៩ក្ដី៕