អនុរដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ពេញ​ចិត្ត​សម្តេច​តេជោ​ក្នុង​ការ​អនុញ្ញាត្ត​ឲ្យ​កប៉ាល់ ​Westerdam​ ចូល​ចត​

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy R. Sherman បានសម្តែងក្តីពេញចិត្តចំពោះកម្ពុជា និងអាមេរិក ពិសេសការដែលសម្តេចតេជោហ៊ុន សែនអនុញ្ញាត្តឲ្យកប៉ាល់ Westerdam ចូលចតនៅកំពង់ផែព្រះសីហនុ។

ក្នុងជំនួបជាមួយសម្តេចតេជោកាលពីល្ងាចថ្ងៃទី១ មិថុនាកន្លងមក លោកជំទាវ Wendy R. Sherman បានជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីពាំនាំនូវលិខិតរបស់ ឯកឧត្តមប្រធានា​ធិបតី Joe Biden គោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវក៏បានបន្ថែមថា នេះគឺជាបំណងរបស់ ឯកឧត្តមប្រធានាធិបតី សហរដ្ឋអាមេរិក ក្នុងន័យធ្វើយ៉ាងណាឱ្យអ្វីៗ មានភាពល្អប្រសើរសម្រាប់ប្រទេសទាំងពីរ។

លោកជំទាវ ក៏បានសម្ដែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកកន្លងមកលើវិស័យជាច្រើន ជាពិសេសលើការរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួន នៅក្នុងប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម កិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ដូចជា អនុញ្ញាតឲ្យនាវា Wasterdam ចូលចតនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយសង្គ្រោះប្រជាជន ដែលជាប់នៅលើនាវាដោយប្រទេសដទៃទៀត មិនអនុញ្ញាតឱ្យចុះចត ដោយសារបញ្ហាជំងឺកូវីដ១៩នោះ។

លោកជំទាវ ក៏បានគោរពជម្រាបជូនសម្ដេចតេជោ អំពីឱកាសនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលរួមមានទាំងការលុបបំបាត់បំណុលរបស់កម្ពុជា កិច្ចសហប្រតិបត្តិការលើប្រេង និងឧស្ម័ន និងការវិនិយោគរបស់សហរដ្ឋអាមេរិក លើបញ្ហាទឹក បញ្ហាហេដ្ឋារចនាសម្ព័ន្ធ បញ្ហាថាមពលបៃតង និងបញ្ហាដទៃទៀតជាច្រើន។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយចំពោះអ្វីដែលលោកជំទាវបានលើកឡើង និងអ្វីដែលសហរដ្ឋអាមេរិក បានចូលរួមចំណែកជួយដល់កម្ពុជា រួមមានការចូលរួមចំណែក ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ការចូលរួមចំណែកអភិវឌ្ឍកម្ពុជារហូតមកដល់ពេលនេះ និងការចូលរួមចំណែករបស់សហរដ្ឋអាមេរិកជួយដល់កម្ពុជាដោយផ្ទាល់ និងដោយប្រយោល តាមរយៈអង្គការ WHO ក្នុងការប្រយុទ្ធឆាំងជំងឺរាតត្បាតកូវីដ១៩។

សម្ដេចតេជោ ក៏បានសំដែងនូវការអបអរសាទរជូនដល់ប្រជាជន រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានទប់ស្កាត់ជំងឺកូវីដ១៩ បានជោគជ័យដែលជាការឆ្លុះបញ្ចាំងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ គឺមានការចុះថយ នៃការរីករាយកណ្ដាលឆ្លងជម្ងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកគួរជាទីកត់សម្គាល់ផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណលោកជំទាវផងដែរ ក្នុងឱកាសដែលលោកជំទាវ Wendy R. Sherman បានអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលនេះ ជាពិសេសអ្វីដែលលោកជំទាវបានលើកឡើង ដូចជា ការដោះស្រាយបំណុល សម្ដេចតេជោបានស្នើឲ្យសហរដ្ឋអាមេរិក ជាពិសេសឯកឧត្តមប្រធានាធិបតី Joe Biden ពិនិត្យពិចារណាដោះស្រាយបំណុល ដែលកម្ពុជាមានចំពោះសហរដ្ឋអាមេរិក តាមវិធីទ្វេរភាគី ទី១) អនុញ្ញាតឲ្យកម្ពុជាសងប្រាក់បំណុលនេះ តាមកម្មវិធីសងឡើងវិញបន្តិចម្ដងៗ ។

ទី២) សងបំណុលតាមកម្មវិធីដែលមាន ការប្រាក់មិនលើសពី១ភាគរយ និងទី៣) បំណុលដែលកម្ពុជា ជំពាក់សហរដ្ឋអាមេរិកគឺសំណងចំនួន ៧០% ត្រូវបង្វិលមកធ្វើជាជំនួយដល់កម្ពុជាវិញទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។

លើសពីនេះទៅទៀតសម្ដេចតេជោ ក៏សូមស្នើឲ្យសហរដ្ឋអាមេរិកពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការលើការបញ្ជូន ជនជាតិកម្ពុជាពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ។

ជាការឆ្លើយតប លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី រាល់កិច្ចសហប្រតិបត្តិការ ហើយលោកជំទាវសន្យាថា អ្វីដែលជាការលើកឡើងរបស់ សម្ដេចតេជោ ដែលជាសំណើនេះ លោកជំទាវនឹងជម្រាបជូនឯកឧត្តមប្រធានា​ធិបតី Joe Biden៕

LEAVE A REPLY

Please enter your comment!
Please enter your name here